ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ នាយករដ្ឋមន្ត្រី​ឡាវ ​បានមក​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៩និង៣០​នាទី ថ្ងៃទី​១២​កញ្ញា នេះ លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អំពី​បញ្ហា​ទាក់ទង​នឹង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ផងដែរ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ​លោក កេ​ត សោ​ផាន់ បាន​ប្រាប់​សារព័ត៌មាន​ថា លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែកញ្ញា នេះ​។

លោក កេ​ត សោ​ផាន់ បន្តថា ​នាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​មក​ទស្សនកិច្ច​កម្ពុ​ជាតា​ម​ការអញ្ជើញ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គោលបំណង​គឺ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដែល​ក្នុង នោះ​រួមមាន ​ទាំង​បញ្ហា​ព្រំដែន​ផងដែរ។

គួររំលឹកថា រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើ​ទស្សន​កិច្ច​នៅក្នុង​ប្រទេស​ឡាវ​នៅ​ថ្ងៃទី​៥​កញ្ញា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព ​និង​ជម្រៅ​ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​មានការ​ប្រឈម​ដាក់គ្នា​កាលពីពេល​ថ្មីៗ​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114