ព័ត៍មានទាន់​ហេតុការណ៏
Search

សេក គឹម​រួន ជួប វ៉ាន់ ឆា​លើ​ម ឯ លី ភា ជួប​ភិ​ឈិ​ត ឆ័យ នៅ​សង្វៀន​SEATV

សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​វ៉ាន់ ឆា​លើ​ម​(Van Chhaleum) នៅក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ​ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​​កញ្ញា​ ឆ្នាំ​២០១៩​នេះ​។ សេក គឹម​រួន និង អ្នក​ប្រដាល់​ថៃ វ៉ាន់ ឆា​លើ​ម ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

វ៉ាន់ ឆា​លើ​ម នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ បើតាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ថ្វីដៃ​ល្អ​ និង​វាយ​ខ្លាំង​គួរសម​ដែរ ដោយសារ​គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។

លោក​ថា វ៉ាន់ ឆា​លើ​ម មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៦៩​លើក ហើយ​វាយ​ឈ្នះ​៥៦​លើក និង​ចាញ់​១៣​លើក មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​កម្រិត​ខ្ពស់ ដែល​សេក គឹម​រួន មិនអាច​មើលស្រាល​បានឡើយ។

សេក គឹម​រួន ជា​លើក​ទី​៣៤​សម្រាប់​គេ​ហើយ ដែល​ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។ ក្នុង​ការជួប​ថៃ​ឡាវ​ប្រមាណ​៣០​លើក​កន្លងមកនេះ គេ​វាយ​ឈ្នះ​១៥​លើក ចាញ់​១៨​លើក និង​ស្មើ​០១​លើក​។ អ្នក​ប្រដាល់​របស់​កម្ពុជា​យើង​រូបនេះ គេ​វាយ​ខ្លាំង ​និង​ល្អ ពិសេស​ស្នៀត​ទាត់ និង កណ្តាប់ដៃ។

គឹម​រួន គេ​មានចិត្ត​ប្រដាល់​ធំ ហើយតិចនិក​ប្រកួត ក៏​សំបូរបែប​ដែរ។ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩១​លើក ឈ្នះ​៧២ លើក ចាញ់​១៧​លើក និង​ស្មើ​០២​លើក​។ ដូច្នេះ​ចាំមើល​ សេក គឹម​រួន ជួប​អ្នក​ប្រដាល់​ថៃ​វ៉ាន់ ឆា​លើ​ម លើក​នេះ តើ​គេ​អាច​យកឈ្នះ​បានដែរ​ឬ​អត់?។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ភិ​ឈិ​ត ឆ័យ (Phechhit Chhai)។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

លី ភា ជា​អ្នក​ប្រដាល់​ដែលមាន​អំណោយផល​ល្អ​ខាង​កាយសម្បទា និង​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ល្អ។ លី​ភា គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង។

ជា​លើក​ទី​៧ ដែល​លី ភា ត្រូវបាន​អ្នក​ផ្គូផ្គង​សង្វៀន​SEATV ចាប់​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​ថៃ បន្ទាប់ពី​មើល​ឃើញ​រូបគេ​មាន​ថ្វីដៃ​ល្អ បច្ចេកទេស​ប្រដាល់​ល្អ ដែល​ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ គេ​បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​តោ​កញ្ចាស់ រី ដា (Re Da )។

ភិ​ឈិ​ត ឆ័យ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​នោះឡើយ​កន្លងមក ប៉ុន្តែ​គេ​ជា​អ្នក​ប្រដាល់​ជើងចាស់​នៅ​ស្រុកថៃ។ នេះ​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​SEATV ឲ្យ​ដឹង​នោះ។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​លើក​នេះ ភិ​ឈិ​ត ឆ័យ ប្រហែលជា​មានការ​លំបាក​ហើយ។ ប៉ុន្តែ ភិ​ឈិ​ត ឆ័យ គេ​មាន​កម្ពស់​ខ្ពស់ជាង​លី ភា គឺ​១,៦៧​ម៉ែត្រ ខណៈ លី​ភា កម្ពស់​១,៦៥​ម៉ែត្រ​នោះ ហើយ​លី​ភា ​មាន​ប្រវត្តិ​ប្រកួត​តិចជាង ភិ​ឈិ​ត ឆ័យ ដោយ​លី​ភា​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៧​លើក និង​ចាញ់​១២​លើក ឯ ភិ​ឈិ​ត ឆ័យ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក។

យ៉ាងណា រវាង លី​ភា និង ភិ​ឈិ​ត ឆ័យ ជួបគ្នា​លើកដំបូង​នេះ ពុំ​អាច​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ?។

ដោយឡែក អ្នក​ប្រដាល់​ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ត​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ធឿន វី​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។ ចំណែក គុជ​សារ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​នួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​កាន់ ម៉េង​ហុង ក្លិប​នាគរាជ​ចតុមុខ ជួប​ប្រកួត​ជាមួយ សៀវ សំណាង សមាគម​កីឡាប្រដាល់​ក្រសួង​កសិកម្ម ក្នុង​ទម្ងន់​៥១​គីឡូក្រាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114