ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​មន្ទីរ​ក​សិ​កម្ម​ខេត្ត​ត្បូងឃ្មុំ​ថ្លែងថា ការចិញ្ចឹម​សត្វ ត្រូវតែ​ធ្វើ​ជីវ​សុវត្ថិភាព ​និង​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺឆ្លង​សត្វ ទោះបី​មិន​ជួប​បញ្ហា​ទឹកជំនន់​ក៏ដោយ​

ត្បូងឃ្មុំ ៖ ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្ដាម ​និង​ជំងឺ​សារ​ទឹក ដល់​សត្វ​គោ ក្របី របស់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ​មេគង្គ​នៅ​ទួល​សុវត្ថិភាព​ឧកញ៉ា ឌី ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​មាន​សត្វ​គោ ក្របី ជម្លៀស​មកកាន់​ទីនេះ​ប្រមាណ​៦០​ក្បាល​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ទឹកជំនន់​ទន្លេ​មេគង្គ​ឆ្នាំ​២០១៩​នេះ បាន​ហក់​ឡើង​យ៉ាងគំហុក​ខ្ពស់ជាង​កម្រិត​ប្រកាសអាសន្ន ជំរុញ​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ត្រូវ​ទឹក​លិច បង្ខំចិត្ត​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព រួមទាំង​សត្វ​ពាហនៈ​ផងដែរ​។ មកដល់​ថ្ងៃនេះ សត្វពាហនៈ​ជម្លៀស​មាន​ប្រមាណ២.៣៥២​ក្បាល មកកាន់​ទីទួល​សុវត្ថិភាព​២០​កន្លែង ក្នុងស្រុក​ក្រូចឆ្មារ ត្បូងឃ្មុំ និង​ស្រុក​អូររាំងឪ។

ថ្ងៃនេះ មន្ត្រី​ប​សុ​ព្យ​បាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ចាប់ផ្តើម​ចុះ​បាញ់ថ្នាំ​ធ្វើ​ជីវ​សុវត្ថិភាព​និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ ២​មុខព្រួញ គឺ​ក្នុងស្រុក​ក្រូចឆ្មារ​និង​ស្រុក​ត្បូងឃ្មុំ ដែល​ត្រូវធ្វើ​នៅ​គ្រប់​ទីទួល​សុវត្ថិភាព​ទាំងអស់​។​

លោក ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បានបញ្ជាក់​ទៀតថា ដើម្បី​ថែរក្សា ការពារ​សុខភាព​សត្វ​ដែលជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ ក៏ដូចជា​សុខភាព​មនុស្ស​បានល្អ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​ចូលរួម​អនុវត្តតាម​វិធានការ​ដូចខាងក្រោម​ ៖
១-​ត្រូវ​ផ្ដល់​ចំណី​ និង​ទឹកស្អាត​ដល់​សត្វ ឲ្យ​បាន​គ្រប់គ្រាន់​។
២-​ត្រូវ​រៀបចំ​ទីកន្លែង​សម្រាប់​មនុស្ស​និង​សត្វ រស់នៅ​ដាច់ពីគ្នា​និង​ប្រកបដោយ​អនាម័យ​ល្អ​។​
៣-​ត្រូវ​រក​សំបក​រុក្ខជាតិ​ដូចជា សំបក​ស្ដៅ ឬ វ​ល្លិ៍​ពេជ្រ ឬ សំបក​កណ្ដោល យកមក​ត្រាំ​ទឹក ហើយ បញ្ច្រក​ឱ្យ​សត្វ​ផឹក​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ជំងឺ​រាករូស​។​
៤-​នៅពេល​ទឹក​ស្រក​ទៅវិញ កុំ​ឲ្យ​សត្វ​ស៊ី​ស្មៅ​ដែល​លិច​ទឹក ឬ ស្មៅ​ដែល​ទើបនឹង​ដុះ​ថ្មី​ឲ្យ​សោះ ព្រោះ​វា​អាច​ស៊ី​ដោយ​ពពួក​វីរុស បាក់តេរី និង​ពពួក​ប៉ារ៉ាស៊ីត ដែល​ហូរ​មក​តាម​ទឹក បណ្ដាល​ឲ្យ​សត្វ​ងាយ​រង​ជំងឺ​។​

សូមជម្រាបថា ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​ផលិតកម្ម​ និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់​ផ្ដើម​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោ ក្របី នៅតាម​ទីទួល សុវត្ថិភាព ដោយ​មិន​គិតថ្លៃ​សេវា​អ្វី​ទាំងអស់​។

ហេតុនេះ សូម​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្របសម្រួល​និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សត្វ​គោ ក្របី​នៅតាម​ទីទួល​សុវត្ថិភាព សហការ​ជាមួយ​មន្ត្រី​ជំនាញ ​និង​នាំ​សត្វ​មក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​នេះ​កុំបី​ខាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114