ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​តាម​បណ្ដា​អគារ​ធំៗ​ ដែលមាន​មនុស្ស​ច្រើន​នៅ​ក្នុង​ក្រុង ជា​កិច្ច​ការ​សំខាន់ ពាក់ព័ន្ធ​ការងារ​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ

ភ្នំពេញ ​៖ ការពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​អគ្គិភ័យ​តាម​បណ្ដា​អគារ​ដែល​ប្រមូល​មនុស្ស​ច្រើន គឺជា​កិច្ច​ការ​សំខាន់ ពាក់ព័ន្ធ ការងារ​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដែល​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ម្ចាស់​អគារ​ធំៗ ​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឲ្យ​កើតមាន​នូវ​គ្រោះមហន្តរាយ​នានា ពិសេស​គ្រោះ​អគ្គិភ័យ​នេះ​តែម្តង។

ដើម្បី​ឲ្យ​ការងារ​នេះ សម្រេចបាន​នូវ​ភាពជោគជ័យ លោក​មាន ចាន់​យ៉ាង​ដា អភិបាលរង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ប៉ូលិស ​និង​ប៉េអិម​ខណ្ឌទួលគោក​ចុះ​ពិនិត្យ​ទីតាំង​អគារ​ការ​ឈូក​ទិព្វ និង​ឡាក់​គី​ស្តា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ​នៃ​ប្រព័ន្ធ​ការពារ​គ្រោះ​អគ្គិភ័យ​តាម​អគារ​នីមួយៗ។

លោក​មាន ចាន់​យ៉ាង​ដា បានបញ្ជាក់​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​អគ្គិភ័យ​រាជ​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ សមត្ថកិច្ច​ប៉ូលិស ​និង​ប៉េអិម​ខណ្ឌ​ទួលគោក ​ចុះ​ពិនិត្យ​ទីតាំង​អគារ​ការ​ឈូក​ទិព្វ និង​ឡាក់​គី​ស្តា ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក។

លោក​បន្តថា អ្វីដែល​ជាការ​ណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ គឺ​គ្រប់​អគារ​ធំៗ ដែលមាន​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ត្រូវ​គិតគូរ ពី​ច្រក​សុវត្ថិភាព សម្រាប់​ភ្ញៀវ​ដែល​ចូលមក​ហូប​ការ​ និង​មក​ចូលរួម​ពិធី​ផ្សេងៗ។ ត្រូវ​មាន​ប្រព័ន្ធ បង្ការ​អគ្គិភ័យ​នៅ​គ្រប់​អគារ។ ការបំពាក់​បំពង់​ពន្លត់​អគ្គិភ័យ។ កន្លែង​ខ្លះ​បានតែ​បំពាក់ ប៉ុន្តែ​ប្រើប្រាស់​មិនកើត នៅពេល​មាន​បញ្ហា​កើតឡើង ដែល​ការងារ​នេះ​តម្រូវ​ឲ្យ​ម្ចាស់​អគារ​ត្រូវ​ពង្រឹង​ការពិនិត្យ​ឡើងវិញ ដើម្បី​ធានាថា មាន​បញ្ហា​អាក្រក់​កើតឡើង​យើង​អាច​ទប់ស្កាត់បាន​ទាន់ពេល មិន​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ធំ​បាន។

ក្នុងឱកាស​នោះដែរ លោក មាន ចាន់​យ៉ា​ដា បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ម្ចាស់​អគារ​ធំៗ ដែល​ទទួលភ្ញៀវ​ចេញចូល​ច្រើនៗ ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​សហការ​ឲ្យ​បាន​ល្អ​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114