ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ជ្រូក​ចំនួន​២​ឃុំ​ នៅក្នុង​ស្រុក​ជីក្រែង ងាប់ ហើយ​ករណីនេះ ​ជំនាញ​កំពុង​ស្រាវជ្រាវ

សៀមរាប​ ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សត្វ​ជ្រូក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ពីរ នៃ​ស្រុក​ជីក្រែង​(​ឃុំ​គោកធ្លក​ក្រោម ​និង​ឃុំ​ស​ង្វើ​យ​) បាន​ងាប់​ដោយ​មិនដឹង​មូលហេតុ ហើយ​ខាង​ជំនាញ​ពេទ្យសត្វ​ខេត្ត​សៀមរាប កំពុង​តាមដាន​ក្នុង​រឿងនេះ​។

លោក ស៊ឹម សាន់ ជា​កសិករ​ចិញ្ចឹម​ជ្រូក នៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ស​ង្វើ​យ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ប្រស់ ប្រមាណ​ជិត​២០០​គ្រួសារ បាននាំគ្នា​ចិញ្ចឹម​ជ្រូក​។ ក្នុងនោះ​ពលរដ្ឋ​ខ្លះ​បាន​ខ្ចីប្រាក់​ពី​អង្គការ (​ធនាគារ​) យកមក​ធ្វើជា​ដើមទុន ចិញ្ចឹម​ជ្រូក​ព្រោះ តែ​សង្ឃឹមថា វា​នឹង​បាន​ផល​មកវិញ​។ ប៉ុន្តែ​ប្រមាណ​ជា​៥​ទៅ​៦​ថ្ងៃ​មុននេះ ស្រាប់​តែមាន​ករណី​ជំងឺ​ចម្លែក​កើតឡើង ធ្វើ​ឲ្យ​សត្វ​ជ្រូក​របស់​អ្នកភូមិ​បាន​ងាប់​បន្តបន្ទាប់​គ្នា ស្ទើរ​ផុត​ពូជ​អស់ពី​ភូមិ គឺ​ឈឺ​ភ្លាម ងាប់​ភ្លាម​។

ចំណែក​អ្នកស្រី​សុខ លី ពលរដ្ឋ​នៅ​ភូមិ​បាក់​អង្រុត ឃុំ​គោកធ្លក​ក្រោម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​៣​ទៅ​៤​ថ្ងៃមុន ជ្រូក​របស់គាត់​ចំនួន​៤​ក្បាល ក្នុងចំណោម​១២​ក្បាល បាន​ងាប់​ទាំង​មិនដឹង​មូលហេតុ​អ្វី​ទាំងអស់​។ “​អត់​មាន​ចេញ​កន្ទួល ចេញ​ស្នាម​អី​ទេ ពី​ល្ងាច​ស៊ី​បាយ​ធម្មតា ស្រាប់តែ​ព្រឹក​ឡើង​ក៏​ងាប់​ដែរ​។

មេភូមិ​បាក់​អង្រុត លោក​សួង ស៊ិត សម្តែង​ការសង្ស័យថា សត្វ​ជ្រូក​របស់​ពួកគាត់​អាច​នឹង​ឆ្លង​ជំងឺ​អ្វី នៅ​ពេល​ណាមួយ​។ លោក​បន្តថា លោក​ខំ​បាច​កំបោរ បាច​អំបិល​ការពារ​ខ្លាច​ឆ្លង តែ​វា​នៅតែ​ងាប់​ដដែល សូម្បីតែ​ឮ​ថា​ជ្រូក​អ្នកភូមិ​ងាប់ ក៏​មិន​ហ៊ាន​ទៅ​មើល​ផង ព្រោះ​ខ្លាច​ឆ្លង​មក​សត្វ​របស់ខ្លួន​។​

ជុំវិញ​ករណីនេះ ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប លោក ព្រំ វ៉ិ​ច បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២កញ្ញា​នេះ​ថា រឿង​នេះ​ខាង​លោក​ទទួលបាន​ដំណឹង​៤​ទៅ​៥​ថ្ងៃ ហើយ​។ ខណៈ​នេះ​ខាង​ជំនាញ ក៏បាន​ចុះ​យក​សំណាក​សាច់​សត្វ​ទាំងនោះ​ទៅធ្វើ​ពិសោធន៍​រួចហើយ តែ​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​។

លោក​បន្តថា ពេលនេះ មន្ត្រី​របស់លោក បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ដែលមាន​ជ្រូក​មាន​ជំងឺ ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​វិធានការ​ការពារ និង​សង្គ្រោះ​សត្វ​ចិញ្ចឹម​របស់​ពួកគាត់​ជាបឋម​។​លោក​បញ្ជាក់ថា ករណីនេះ​ខាង​លោក​នៅ​មិនទាន់​ដឹង​ពី​ជំងឺ​អ្វី​នៅឡើយ​។​ តែ​លោ​កថា អាចមកពី​កត្តា​ចំណី​ជ្រូក និង​ការថែទាំ​របស់​ពលរដ្ឋ​នៅមានកម្រិត ព្រោះ​អ្នកខ្លះ​ចិញ្ចឹម​ជ្រូក​គ្មាន​ធ្វើ​ទ្រុង​ត្រឹមត្រូវ ​និង​ចង​ចោល​ពាសវាល​ពាសកាល​។​ ចឹ​ង​ហើយ​លោក​បាន​សំណូមពរ​កុំ​ឲ្យ​មហាជន​ច្រួលច្របល់​អី ព្រោះ​ត្រូវ​រង់ចាំ​លទ្ធផល​ចេញពី​ឡា​បូ នៅ​ឯ​ភ្នំពេញ​មក​សិន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114