ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សម្ដែង​ប្រុស​សង្ហា ឆា​នុ​ន លា​ស្រី​ស្អាត ម៉ូ​លីកា ទៅ​សាង​ផ្នួស ​គ្មាន​ស្តាយ​ក្រោយ

ភ្នំពេញ ​៖​ តារា​សម្ដែង​រូប​សង្ហា​ លោក​ហុង មា​នុ​ន ហៅ ឆា​នុ​ន បានសម្រេច​ចិត្ត​លា​សង្សារ​សំណព្វ​ចិត្ត​តារាចម្រៀង​កញ្ញា ម៉ូ​លីកា ទៅ​សាង​ផ្នួស ​កាលពី​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០១៩​កន្លងមកនេះ​ ស្ថិត​នៅ​វត្ត​មួយ នា​ខេត្តបាត់ដំបង​។

ការ​សាង​ផ្នួស​របស់​តារា​សម្ដែង ឆា​នុ​ន នៅពេលនេះ​គឺ​ត្រូវចំ​ពេលដែល​មុន​នេះ​មាន​ព័ត៌មាន​ថា​ស្នេហា​លោក​ជាមួយ​កញ្ញា ម៉ូ​លីកា ជួប​ភាព​រង្គោះរង្គើ​តែ​ពួកគេ​ទើបបាន​ផ្សះផ្សា​ស្នេហ៍​ដូចដើម​កាលពីពេល​ថ្មីៗ​នេះ​។​ យ៉ាងណាមិញ​ស្រាប់តែ​ឥឡូវ​ លោក ឆា​នុ​ន ទៅ​សាង​ផ្នួស​ចោល ម៉ូ​លីកា ទៅវិញ​ ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ​តារា​សម្ដែង​រូបនេះ​ទៅ​សាង​ផ្នួស​អស់​មួយជីវិត​ ដោយ​លែង​ចង់​រវីរវល់​នឹង​រឿង​ស្នេហា​ទៀតហើយ​។

បើតាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា ម៉ូ​លីកា និយាយថា​ លោក ឆា​នុ​ន ពិតជា​បាន​សាង​ផ្នួស​មែន តែ​មិនមែន​បួស​ដោយសារ​រឿង​ស្នេហា​ខកបំណង ​ឬ​បួស​មិន​សឹក​វិញ​នោះទេ ​គឺ​បួស​ដើម្បី​សងគុណ​ម្ដាយ​ ហើយ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

ម៉ូ​លីកា បញ្ជាក់ថា អូ​! គាត់​បួស​មែន ​កាលពី​ព្រឹក​ថ្ងៃ​១១​កញ្ញា​កន្លងមកនេះ​។ គាត់​មិនមែន​គាត់​បួស​រហូត​ទេ គឺ​បួស​រយៈពេល​តែ​៣​ថ្ងៃ​ហ្នឹង ​ហើយនឹង​លាចាក​សិក្ខាបទ​វិញ​នៅ​ថ្ងៃទី​១៣​កញ្ញា​ខាងមុខនេះ​វិញ​ហើយ។

សូមបញ្ជាក់ថា​ តារា​សម្ដែង ឆា​នុ​ន បាន​លេចមុខ​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​មួយចំនួន​ ហើយក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អតីត​តារាចម្រៀង​ផលិតកម្ម​Rock​ កញ្ញា ម៉ូ​លីកា រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដែល​អ្នក​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​តស៊ូ​កម្សត់​ជាមួយគ្នា​ជាច្រើន​ទៀតផង ដូចជា​មាន​ទុន​ត្រឹមតែ​៣០០​ដុល្លារ​ផ្ដើម​រកស៊ី​លក់​ជើងមាន់​តាម​Online​ ហើយ​លោក ឆា​នុ​ន ជា​អ្នក​ដឹក​អីឥវ៉ាន់​តាម​ម៉ូតូ​យក​ឲ្យ​ភ្ញៀវ​។​

ការព្យាយាម​របស់​ពួកគេ​មិន​ឥតប្រយោជន៍​ឡើយ​ ព្រោះ​នៅ​ទីបំផុត​ម៉ូ​លីកា ​និង​ឆា​នុ​ន បានសម្រេច​គោលដៅ​ធំ​បើកហាង​រក្សាសម្រស់​”​ម៉ូ​លីកា ខូ​ស្មិ​ក​ទិ​ក​”​ដែល​ចំណាយ​ទុន​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ និង​បាន​ទិញ​រថយន្ត​ទំនើប​ដល់​ទៅ​២​គ្រឿង​គឺ​Lexus Rx450h​ និង​Range Rover ទៀតផង ខណៈដែល​មុន​ទៅ​សាង​ផ្នួស​នេះ​លោក​ឆា​នុ​ន ក៏បាន​បណ្ដើរ​ម៉ូ​លីកា ទៅរក​មើល​ទិញ​ផ្ទះ​វិឡា​ផងដែរ។

ជាមួយគ្នា​ នៃ​ការដែល ​លោក​ឆា​នុ​ន លា​គូស្នេហ៍​កញ្ញា​ម៉ូ​លីកា ៣​ថ្ងៃ ​ដើម្បី​ទៅ​សាង​ផ្នួស​សងគុណ​ម្ដាយ​ នេះ​គឺជា​សកម្ម​ភាពល្អ​មួយ​ ខណៈដែល​មុននេះ​តារា​សម្ដែង​ជើងចាស់​សា​វិ​ន ហ្វី​លី​ព បាន​ផ្ដាំ​ដល់​យុវជន​ទាំងឡាយ​ថា បើ​អាច​គួរ​តែ​ឆ្លៀត​សាង​ផ្នួស​រយៈពេល​ខ្លី​ ដើម្បី​សងគុណ​ឪពុកម្ដាយ​ព្រោះ​នេះ​ជា​ទង្វើ​ល្អ​មួយ​របស់​កូន​ខ្មែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114