ព័ត៍មានទាន់​ហេតុការណ៏
Search

កក្រើក​ទៀតហើយ!​ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ នាំ​កូនៗ​ទាំង​៣​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ

ភ្នំពេញ​ ៖​ កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​លោក​ព្រាប សុវត្ថិ កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ កន្លង​មក​នេះ ​បាន​នាំ​កូនៗ​របស់​លោក​ទាំង​៣​ចេញទៅ​ច្រៀង​ និង​សម្តែង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​ ក្រោម​ការរៀបចំ​របស់​ឧកញ៉ា​វ័យក្មេង​ឡេង​ណា​វ៉ា​ត្រា​។​ សិល្បករ​ដែល​ចាកចេញ​ទៅនេះ​ សរុប​ទាំងអស់​ជាង​៥០​នាក់។

បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានលើកឡើង​ថា ​តារា​សិល្បៈ ​ដែល​ចេញទៅ​សម្ដែង​ប្រទេស​កូរ៉េ​នេះ ​រួមមាន ​៖​ លោក ព្រាប សុវត្ថិ និង​កូនប្រុស​ទាំង​៣ ,​កញ្ញា អ៊ី​វ៉ា លោក គូ​ម៉ា , លោក ប៉ែន ចំ​រ៉ុង ,​លោក​ខេ​ម ,​កវីនិពន្ធ​លោក យឹម តា​ស្រង់ ក្រុម​ចចក​សមុទ្រ ,​និង​ក្រុម​រាំ បូក​ទាំង​ក្រុមការងារ សរុប​ប្រមាណ​ជាង​៥០​នាក់។

លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បន្ថែមថា ​តារា​ទាំងនេះ ​នឹង​បើកឆាក​សម្ដែង​ជា​ទ្រង់ទ្រាយ​ធំ​ដោយមាន Live Band វង់ភ្លេង​ចចក​សមុទ្រ​នៅ​ទីក្រុង​អាន់​សាន់​ថ្ងៃទី​១៣ ​ខែកញ្ញា ដោយ​ការសម្ដែង​ទាំងមូល​នឹង​ក្លាយ​ជា​ការសម្ដែង ដែលមាន​វង់​តន្ត្រី​លេង​ផ្ទាល់​ជា​លើក​ទី​១ សម្រាប់​ក្រុម​តារា​ខ្មែរ​តាំងពី​ចេញទៅ​សម្ដែង​នៅ​កូរ៉េ​។​ លោ​កថា​ចំពោះ​ហេតុផល​នៃ​ការ​ចំណាយ​លុយ​ដ៏​ច្រើន ​ដឹក​នាំ​​​ទៅ​ប្រគំ​តន្ត្រី​នៅក្នុង​ប្រទេស​កូរ៉េ​គឺ​មាន​តែមួយគត់ ចង់​អោយ​បងប្អូន​ពលករ​ខ្មែរ​សប្បាយរីករាយ ក្នុង​រដូវ​ភ្ជុំ​កាន់តែ​ខិតជិត​ដល់។

ជាមួយគ្នានេះ​បើតាម​ការលើកឡើង​រប​ស់​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​និយាយថា ​នេះ​ជា​លើក​ទី​២​ ដែល​លោក​បាន​នាំ​កូនប្រុស​របស់ខ្លួន​ចេញទៅ​ចម្រៀង​និង​សម្តែង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​បង្ក​ការ​សប្បាយរីករាយ​ជូន​បងប្អូន​ពលករ​ខ្មែរ​រស់នៅ​ទៅនោះ​។​ ម្យ៉ាង​ទៀត​ អំឡុង​ពេល​ចេញ​ទៅនេះ​ លោក​និង​កូនៗ ​បាន​ត្រៀម​នូវ​ចម្រៀង​មិន​ក្រោម​២០​បទ​នោះ​ទេ​ ដើម្បី​ច្រៀង​-​រាំ​បង្ហាញ​ជូន​ដល់​ពលករ​ខ្មែរ​នៅ​ទីនោះ​។​

លោក ព្រាប សុវត្ថិ បាន​បន្ថែមថា​ គ្រា​ដែល​លោក​និង​កូនប្រុស​ទាំង​៣​ចេញទៅ​ប្រទេស​កូរ៉េ​លើក​ទី​១​គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ ​ចំណែក​លើក​ទី​២​នេះ​លោក​ក៏​សប្បាយរីករាយ​ផងដែរ​ ដែល​បាន​ទៅ​ជួប​ពួកគាត់​ម្តងទៀត​។ ​ខណៈដែល​តារា​ដែល​ចេញទៅ​ម្តងនេះ​មាន​ច្រើន​ហើយ​សុទ្ធតែ​ល្បីៗ​ផង​នោះ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114