ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ដង្កោ ​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​៤​ខ្សែ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់

ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ ជា​អភិបាល​ខណ្ឌ​ដង្កោ រួម​ជា​មួយ​លោក​អភិបាលរង មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ភូមិ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី ចំនួន០៤​ខ្សែ ប្រវែង​សរុប៩៥៦​ម៉ែត្រ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ កាល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩។

ផ្លូវ​បេតុង​ទាំង ៤​ខ្សែ ដែល​ត្រូវ​ស្ថាបនា រួមមាន ផ្លូវ​បេតុង០១​ខ្សែ ប្រវែង៣៣០​ម៉ែត្រ ទទឹង៤​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​ស្ពានថ្ម។ ផ្លូវ​បេតុង​ត​ភ្ជាប់ ០៣​ភូមិ ចំនួន០៣​ខ្សែ ប្រវែង៦២៦​ម៉ែត្រ ទទឹង៤​ម៉ែត្រ ក្នុងភូមិ​ដូង ភូមិ​ហា និង​ភូមិ​ស្វាយ​មាន​លក្ខណ៍ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ។

លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ថ្លែង​ឲ្យ​ដឹងថា ប្រទេសជាតិ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ និង​អនុវត្ត​នូវ​នយោបាយ ឈ្នះ​ឈ្នះ បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស ហើយ​បាន​កែប្រែ​ប្រទេស​ទាំងមូល ឲ្យ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ។

នៅក្នុង​រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន គឺមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ រួមមាន ការសាងសង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រវាត់​ក្រុង​ធំៗ ស្ពាន​អាកាស​ធំៗ ស្ពាន​ដែក ផ្លូវដែក​ថ្មីៗ​ជាច្រើន​ខ្សែ ផ្លូវថ្នល់​តូច​ធំ ផ្លូវ​ក្រោម​ដី ប្រព័ន្ធ​លូ​បង្ហូរទឹក ប្រឡាយ​ទឹក ប្រព័ន្ធ​ធារា​សាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ។…ល។ ជាក់ស្ដែង ផ្លូវ​បេតុង ចំនួន​៤​ខ្សែ ដែល​ត្រូវ​បើក​ការ​ដ្ឋាន​ស្ថាបនា​នា​ថ្ងៃនេះ អាច​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ផង​ដែរ។

ជាមួយគ្នានេះ​ផងដែរ​ លោក នុត ពុធ​ដា​រ៉ា ក៍​បានធ្វើ​ការណែនាំ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ខណ្ឌ ដែលជា​ម្ចាស់​គម្រោង​ត្រូវតែ​តាមដាន និង​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ទទួល​ការ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​ចាប់តាំងពី​ដំណើរ​ការ​បើក​ការដ្ឋាន​ដំបូង រហូត​ដល់​បញ្ចប់​ការដ្ឋាន​ជា​ស្ថាពរ និង​ត្រូវតែ​ជួសជុល​ឡើងវិញ ករណី​មានការ​ខូចខាត​សម្រាប់​រយៈពេល​ធានា៦​ខែបន្ទាប់។ ត្រូវតែ​ធ្វើការ​ណែនាំ និង​ហ៊ាន​សរសេរ​នូវ​រាល់​ចំណុច​អសកម្ម​ទាំងឡាយ​ណា​របស់​ក្រុមហ៊ុន ដែល​មិនបាន​អនុវត្ត​តាម​កិច្ចសន្យា​ទៅ​ក្នុង​សៀវភៅ​តាមដាន​ការដ្ឋាន។ ចំពោះ​ក្រុម​ហ៊ុន ត្រូវខិតខំ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ និង​គោរព​ឲ្យ​បានជា​ដាច់ខាត​នូវ​បទដ្ឋាន​បច្ចេកទេស និង​ផែនការ​ការងារ ដែលមាន​ចុះ​ក្នុង​កិច្ចសន្យា​ទទួល​ការ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​កន្លងមក។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​តាមដាន​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផងដែរ ពីព្រោះថា បងប្អូន​គឺជា​អ្នកទទួលផល​ផ្ទាល់ បើ​ឃើញ​ការអនុវត្ត​របស់​ក្រុមហ៊ុន​ខុសពី​កិច្ចសន្យា ត្រូវ​រាយការណ៍​បន្ទាន់​ជូន​លោក ចៅសង្កាត់ ឬ សាលាខណ្ឌ ដើម្បី​ចុះ​ពិនិត្យ និង​កែសម្រួល។ ប៉ុន្តែ​បង​ប្អូន​ក៏ត្រូវ​តែ​ជួយ​សម្រួល​ដល់​អ្នកទទួល​ការ ដើម្បី​បំពេញការងារ​របស់ខ្លួន​ដោយ​ជោគជ័យ​ផងដែរ គឺ មិន​ត្រូវ​បង្ក​នូវ​ការរំខាន​ណាមួយ​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ឡើយ។ ដោយឡែក មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ពិនិត្យមើល​លើ​លក្ខណៈ​បច្ចេកទេស​ក្នុងករណី​ពិនិត្យ​មើល​ឃើញ​មាន​លក្ខណៈ​ណាមួយ​ខុសពី​បទដ្ឋាន​បច្ចេកទេស ត្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ​ជាបន្ទាន់ ធ្វើ​យ៉ាង​ណា​អោយ​ស្ថាបនា​ផ្លូវ​បាន​ល្អ និង​ប្រើប្រាស់​បានយូរ​អង្វែង។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា នៅក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ទាំង​២​ខ្សែ​នេះ​ផង​ដែរ ក៏​មាន​ការ​ជួប​ជុំ រៀបចំ​នំ​បញ្ចុក​សន្តិភាព ឯករាជ​ជាតិ សម្ល​ខ្មែរ បន្លែស្រស់ ដែល​មាន​រសជាតិ​ឆ្ងាញ់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចូលរួម​ពិសា​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ឥតឧបមា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114