ព័ត៍មានទាន់​ហេតុការណ៏
Search

អាយុ​២១​ឆ្នាំ​ កើត​ជំងឺ​ឈឺក្បាល​៤​ខែ ​មើល​មិនជា​ បញ្ចប់​ជីវិត​ដោយ​អត្តឃាត​ខ្លួន

ពោធិ៍សាត់ ៖ យុវជន​ម្នាក់ មាន​ជំងឺ​ឈឺក្បាល​រយៈពេល​៤​ខែ ​មើល​មិនជា ចុងក្រោយ​សម្រេចចិត្ត​អត្ត​ឃាត​ខ្លួនឯង​បញ្ចប់​ជីវិត។ ហេតុការណ៍​ភ្ញាក់ផ្អើល ​ខណៈដែល​ម្ដាយបង្កើត​ប្រទះឃើញ​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រង់​លើ​ផ្ទះ​ផ្ទាល់​ខ្លួន ស្ថិតក្នុង​ភូមិ​អា​រ៉ង​ព្រូ​ច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​អ​ន្សា​ចំបក់​ប្រាប់ថា ៖ ជនរងគ្រោះ​ឈ្មោះ ស៊ឹម សុរ​ម្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

មន្ត្រី​ដដែល​បាន​បន្តថា បើតាម​អ្នកស្រី ប្រាក់ ម៉េ​ត អាយុ​៤៥​ឆ្នាំ​ ជា​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ​និយាយ​រឿងរ៉ាវ​ពី​មូលហេតុ​នេះ គឺ​មុនពេល​កើតហេតុ កូនប្រុស​គាត់​ចាប់ផ្ដើម​កើត​ជំងឺ​ឈឺក្បាល​រយៈពេល​៤​ខែ​ហើយ។ ដោយ​កូន​គាត់​ប្រាប់ថា​ដូច​មា​ន វត្ថុ​អី​មួយ​នៅក្នុង​ក្បាល​អញ្ចឹង​ គឺ​ឈឺ​ចុកចាប់​ខ្លាំងណាស់ ហើយ​ក្នុង​រយៈពេល​នោះដែរ ​គាត់​ជា​ម្ដាយ​បាន​ព្យាយាម​មើលជំងឺ​កូន​គាត់​ដែរ តែ​មិន​ជា​ឡើយ។

លុះ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​១១​និង​១២​ថ្ងៃត្រង់ ​ក្រោយពេល​ហូប​បាញ់ឆែវ​ និង​បង្អែម​រួច ជនរងគ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ ដោយ​គាត់​ជា​ម្ដាយ​នៅក្រោម​ផ្ទះ ហើយ​ឮសូរ​សំឡេង​តូង​ដែរ តែ​មិន​បាន​ចាប់អារម្មណ៍ រហូតដល់​ម៉ោង​៦​ល្ងាច គាត់​បាន​ឡើងទៅ​លើផ្ទះ​បម្រុង​ស្រែកហៅ​កូន ក៏​រុញ​ទ្វារ​ទៅ ស្រាប់តែ​មើល​ទៅ​ក្នុង​ផ្ទះ​ក៏​ឃើញ​កូន​ចង.ក​ សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ​ ទើប​ស្រែកយំ​ផ្អើល​អ្នក​ភូមិ​ និង​សមត្ថកិច្ច​តែម្ដង។

មន្ត្រី​នោះ​បញ្ជាក់​ថា ក្រោយពេល​កើត​ភ្លាម​ផ្នែក​ជំ​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ និង​អាជ្ញាធរ ពិនិត្យឃើញថា ជនរងគ្រោះ​បាន​អត្តឃាត​ខ្លួនឯង ដោយ​យក​ក្រមា​ចង​នឹង​ផ្ទោង​ផ្ទះ​ រួច​យក​ក្រមា​ទាក់ ​ក៏​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​សព​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114