ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៤​ថ្ងៃ​ហើយ ​ដែល​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រក​គ្រប់​មធ្យោបាយ​បន្ត​ទាញ​សា​ឡង់​ដឹក​ខ្សាច់ ដែល​ជាប់​គឿង​នៅ​សសរ​ស្ពាន​ព្រែក​តា​មាក់​មិនទាន់បាន​

កណ្តាល ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត មានដូចជា​ ក្រសួង​រ៉ែ ​និង​ថាមពល កំពង់ផែ​ស្វយ័ត​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កណ្តាល បាន​បន្ត​ប្រតិបត្តិការ​ទាញ​សា​ឡង់​ដឹក​ខ្សាច់ ដែល​ជាប់​គឿង​នៅ​សសរស្ពាន​ព្រែក​តា​មាក់ បន្ទាប់ពី​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ​រួច​មក។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ​ការទារ​សា​ឡង់​នេះ​ចេញ​បាន​ប្រហែល​ជា​ប្រើ​រយៈពេល​ច្រើន​ថ្ងៃ ​ដោយសារ​លំហូរ​ទឹក​ខ្លាំង ​និង​ទំហំ​សា​ឡង់​នេះ​ធំ​ ទើប​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ទាញ​ចេញ។

តាម​ប្រភព​ដដែល​នោះ​បន្តថា បើ​ទោះ​មានការ​លំបាក​យ៉ាងណា ​ក្រសួង ​និង​អ្នក​ជំនាញ ​ប្រើ​មធ្យោ​បាយ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ទាញ​វា​ចេញ​ឲ្យ​បាន។

ប្រភព​បន្ថែមទៀតថា សា​ឡង់​ដឹក​ខ្សាច់​នេះ​មាន​បណ្ដោយ​ប្រវែង​៤៣,៣០​ម៉ែត្រ​ ទទឹង ៨,៧៥​ម៉ែត្រ​ផ្ទុក​ខ្សាច់​ពេញ​២,៥០​ម៉ែត្រ តាម​ការ​ប៉ាន់ស្មាន​មាន​ទម្ងន់​សរុប​ប្រហែល ជាង​១០០០​តោន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ងូវ ​ចាន់ណា​ បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ កាលពី​ខែ​តុលា​ឆ្នាំ​២០១៥។

មន្ត្រី​ដដែល​បាន​លើក​ផងដែរ​ថា ជម្រៅ​ទឹក​នៅក្រោម​ស្ពាន​កន្លែង​ដែល​សា​ឡង់​គឿង​ជាប់​នោះ​មាន​ជម្រៅ​រហូតដល់២២​ម៉ែត្រ ហើយ​កាលពី​ថ្ងៃទី​២០​ និង​២១​កញ្ញា ​ក្រុម​ជំនាញ​សង្គ្រោះ បាន​យក​សា​ឡង់​បូម​ខ្សាច់​ពី​ក្នុង​សា​ឡង់​នោះ​ចេញ​ដើម្បីឲ្យសា​ឡង់​ស្រាល​អណ្តែត​ងាយស្រួល​ និង​អូសទាញ​ចេញ ហើយ​យក​សាឡាង់​ដែលមាន​កម្លាំង​ខ្លាំង​មកពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទៅ​អូស​តែ​នៅតែ​អូស​សង្គ្រោះ​មិនបាន។

ប្រភព​បន្ថែមថា នៅ​ថ្ងៃទី​១២​កញ្ញា​ វេលា​ម៉ោង​៣​រសៀល​នេះ ក្រុម​សង្គ្រោះបាន​យកសា​ឡង់​ចំនួន​៥​គ្រឿង​ផ្គុំ​អូស តែ​មិនអាច​អូស​រួច​នោះទេ ក៏បាន​ដកថយ ដើម្បី​រក​វិធីសាស្ត្រ​ផ្សេងទៀត។

សូម​រម្លឹកថា​ កាលពី​រសៀល​ថ្ងៃទី០៨​កញ្ញា​នេះ ​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​នេះ ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ខ្សែទឹក​ហូរ​ពី​ជើង​ទៅ​ត្បូង​ ហើយ​បានគេច​នឹង​ទូក​ទេសចរណ៍​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​រលត់​ម៉ាស៊ីន អណ្តែត​តាម​បណ្ដោយ​ទឹក​ហូរ​ទៅ​ទទឹង​ខ្លួន​ ហើយ​ទៅ​បុក​សសរ​ស្ពាន​ទី​៨​ នៃ​ស្ពាន ព្រែក​តា​មាក់ ​ទៅ​ជាប់​នឹង​សសរ​តែម្តង ហើយ​មនុស្ស​នៅលើ​សា​ឡង់​បាន​លោត​ចូល​ទឹកទន្លេ​ ក៏ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ទូក​នេសាទ​របស់​ខ្មែរឥស្លាម។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​នានា​មួយចំនួន ប៉ុន្តែ​នៅតែ​មិនទាន់​អាច​ទាញ​សា​ឡង់​ដ៏​ធ្ងន់​មួយ​នេះ ចេញពី​សសរ​ស្ពាន​នៅឡើយ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114