ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ជាវ តា​យ ដឹកនាំ​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ចុះ​ពិនិត្យ​ការ​ចាក់​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ និង​យក​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញ

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ចុះ​ពិនិត្យ​ការ​ចាក់​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ និង​យក​គ្រឿងចក្រ​កាយ​ដី​នោះ​ ចេញ ត្រង់​ចំណុច​ជិត​ស្ពាន​ក្បាល​រមាស ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត។

ទាក់ទិន​នឹង​ការចាក់ដី​លុប​ដី​សាធារណៈ​របស់​រដ្ឋ​ខាងលើ ក៏មាន​ប្រភពពី​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត​បានលើកឡើង​ថា ករណីបែបនេះ​ ត្រឹម​ពលរដ្ឋ​តូចតាច ​ប្រហែល​មិនអាច​ហ៊ាន​ចាក់ដី​បំពាន​ទៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​ឡើយ នេះ​ប្រហែលជា​មន្ត្រី​គ្រាក់ៗ​ទើប​អាច​ហ៊ាន​ទន្ទ្រាន ព្រោះថា​ដី​ដែល​គេ​កំពុង​ដឹក​ដី​ចាក់​នោះ វា​ជា​ដីព្រៃ​លិច​ទឹក ​ដែលមាន​ទីតាំង​ជាប់​នឹង​ដង​ព្រែក​ នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ​។

ប្រភព​ដដែល​បាន​បង្ហើប​ផងដែរ​ថា កាលពីមុន​ដី​ចំណុច​នេះ មាន​មន្ត្រី​ក្នុង​ខេត្តកំពត​ម្នាក់​បាន​កាន់​កាប់ ប៉ុន្តែ​ពុំមាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ ហើយ​អំឡុងពេល​ចុងក្រោយ​នេះ ដី​ខាងលើ​ ក៏ត្រូវ​បាន​ម្ចាស់​មុន​លក់​បន្តទៅ​ឲ្យ​អ្នកផ្សេង​ទៀតហើយ ទើប​អ្នកទិញ​នោះ​ហៅ​រថយន្ត​ដឹក​ដី​មកចាក់​បំពេញ​លើ​ព្រៃ​លិច​ទឹកតែ​ម្តង​។

ជាមួយគ្នានេះ​មហាជន​បាន និងកំពុង​សាទរ​ចំពោះ​ចំណាត់ការ របស់​អាជ្ញាធរ​ខេត្ត​កំពត បន្ទាប់ពី​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ គឺ​ឲ្យ​មន្ត្រី​ជំនាញ​លៃលក​កាយ​ដី​ចេញពី​ចំណុច​នេះ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ។

សូមបញ្ជាក់ថា ដី​សាធារណៈ​របស់​រដ្ឋ​ស្ថិតក្នុង​ចំណុច​ខាងលិច​ស្ពាន​ក្បាល​រមាស ស្ថិតក្នុង​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវគេ​លួច​ចាក់ដី​លុប កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​។

ក្រោយពី​មាន​សេចក្ដីរាយការណ៍​លើ​ករណី​ចាក់​លុប​ទន្ទ្រាន​ដោយ​ខុសច្បាប់​ទម្លាប់​នេះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត ក៏បាន​ដឹកនាំ​សហការី​ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​នៅ​ចំណុច​នោះ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ម្សិលមិញ ដោយ​តម្រូវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ត្រូវតែ​កាយ​ដី​ដែល​ចាក់​លុបចេញ​វិញ​ឲ្យ​អស់ ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ គេ​ហាក់​មិនទាន់​ឃើញ​មានការ​កាយ​ឬ​កើប​ចេញ​វិញ​នៅឡើយ​ទេ​។

ក្នុង​ដំណាក់កាល​នេះដែរ មហាជន​រង់ចាំ​មើលថា បើ​លោក​អភិបាលខេត្ត​កំពត​ដាក់​ទិសដៅ​ឲ្យ​ចាត់​ការ​បែបនេះ​ទៅហើយ តើ​មន្ត្រី​ថ្នាក់ក្រោម​គួរ​ចាត់វិធានការ​បាន​ជោគជ័យ​ដែរឬទេ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114