ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​ បញ្ចប់​បេសកកម្ម​មនុស្ស​យន្ត Fedor បន្ទាប់ពី​ការ​ធ្វើដំណើរ​ក្នុង​ទី​អវកាស

ក្រុម​អ្នក​អភិវឌ្ឍន៍​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បេសកកម្ម​របស់ខ្លួន​បានបញ្ចប់​ហើយ​សម្រាប់​មនុស្ស​យន្ត​ឈ្មោះថា Fedor ដែល​ប្រទេស​រុស្ស៊ី​បាន​បាញ់​បង្ហោះ​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ដោយ​ពួកគេ​បាន​ទទួលស្គាល់ថា មនុស្ស​យន្ត​នេះ​មិនអាច​ជំនួស​អវកាសយានិក​សម្រាប់​ការដើរ​លើ​ទី​អវកាស​បានទេ​។​

លោក Yevgeny Dudorov នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មនុស្ស​យន្ត Androidnaya Tekhnika បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា “​មនុស្ស​យន្ត​នេះ​នឹងមិន​ហោះហើរ​នៅ​ទីនោះ​ទៀត​ទេ​។ មិនមាន​អ្វី​ទៀត​ទេ​ដែល​គាត់​ត្រូវធ្វើ​នៅ​ទីនោះ គាត់​បានបញ្ចប់​បេសកកម្ម​របស់គាត់​ហើយ​”​។​

លោក Dudorov បាន​និយាយថា មនុស្ស​យន្ត​នេះ​មិនអាច​បំពេញភារកិច្ចរ​បស់​ខ្លួន​ដើម្បី​ជំនួស​អវកាសយានិក​សម្រាប់​ការដើរ​ក្នុង​លំហ​អាកាស​ដ៏​យូរ​និង​គ្រោះថ្នាក់​បាន​នោះទេ​។​
Fedor មកពី​ពាក្យ​ពេញ​ថា Final Experimental Demonstration Object Research គឺ​ត្រូវបាន​ផលិតឡើង​ដើម្បី​ជួយ​ដល់​អវកាសយានិក​នៅ​ស្ថានីយ៍​អវកាស​។​

សាធារណជន​បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ក្នុង​លំហ​អវកាស​របស់ Fedor និង​បាន​ផ្តល់ជំនួយ​ធូរស្រាល​ខ្លះ​សម្រាប់​ឧស្សាហកម្ម​អវកាស​ដែលមាន​បញ្ហា​របស់​ប្រទេស​រុស្ស៊ី​។​

កាលពី​ឆ្នាំមុន ឧស្សាហ​កម្មនេះ​បានទទួល​រង​នូវ​ការបរាជ័យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ការបាញ់​បង្ហោះ​និង​បន្ត​ការពន្យា​ពេល​លើ​ការសាងសង់​ស្ថានីយ​អវកាស Vostochny ដែលជា​កន្លែង​លោក​ប្រធានាធិបតី វ្លា​ឌី​មៀរ ពូ​ទីន បាន​រិះគន់​ក្រុមមន្ត្រី​កាលពី​សប្ដាហ៍​មុន​។​
Fedor ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា Skybot F-850 ត្រូវបាន​បញ្ជូនទៅ ISS កាលពី​ថ្ងៃទី​២២​ខែសីហា​នៅក្នុង​យានអវកាស​គ្មាន​មនុស្ស​បើក​ដោយ​ដឹក​គ្រឿង​ផ្គត់ផ្គង់​ចូល​មន្ទីរពិសោធន៍​គន្លង​គោចរ​នៅ​៥​ថ្ងៃ​ក្រោយមក​។​

នៅលើ​ស្ថានីយ មនុស្ស​យន្ត​នេះ​បាន​កាន់​ទង់ជាតិ​រុស្ស៊ី​និង​ឱប​ជាមួយ​អវកាសយានិក​ដែល​ត្រូវបាន​គេ​ចាត់​ឲ្យ​ទៅ​បង្វឹក​មនុស្ស​យន្ត​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114