ព័ត៍មានទាន់​ហេតុការណ៏
Search

សួន​កម្សាន្ត Disney នៅ​សៀង​ហៃ​អនុញ្ញាតឱ្យ​យក​អាហារ​ចូល​តែ​លើកលែង​ទុរេន

សួន​កម្សាន្ត​Disney នៅ​សៀង​ហៃ​កំពុង​បន្ធូរបន្ថយ​បម្រាម​លើ​ការយក​អាហារ​ពី​ខាងក្រៅ​ចូលក្នុង​សួន​ក្រោយពី​មាន​ការតវ៉ា​ច្រើនពេក​ប៉ុន្តែ​សួន​ដែលជា​ផ្ទះ​របស់​Mickey Mouse​មួយ​នេះ​នៅតែ​មិន​អនុញ្ញាតិ​ឱ្យ​ភ្ញៀវទេសចរ​ទទួលទាន​មី​កញ្ចប់​ឬ​អាហារ​ដែលមាន​ក្លិន​ឆួល​ខ្លាំង​ដូចជា​ទុរេន​ឡើយ​។​

គួររម្លឹកថា​និស្សិត​មួយរូប​ដែលមាន​ឈ្មោះថា​Wang បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​សួន​កម្សាន្ត​នៅ​សៀង​ហៃ​នេះ កាលពី​ខែមីនា​បន្ទាប់ពី​ត្រូវបាន​ហាមឃាត់​មិនឱ្យ​យក​អាហារ​ផ្ទាល់ខ្លួន​ចូលក្នុង​សួន​ដែលជា​សកម្មភាព​មួយ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពេញ​បណ្តាញ​សង្គម​ចិន​។​

ជាមួយនេះ​គ្នា​ច្បាប់​របស់​សួន​កម្សាន្ត​Disney ត្រូវបាន​គេ​រិះគន់​ពេញ​អ៊ីនធឺណិត​ថា​ជា​ឧទាហរណ៍​នៃ​ការកំណត់​ស្តង់ដារ​ទ្វេដង​និង​ការរើសអើង​ប្រឆាំង​ជនជាតិ​អាស៊ី​ព្រោះតែ​សួន​កម្សាន្ត​នៅ​អឺរ៉ុប​និង​អាមេរិក​របស់​ក្រុមហ៊ុន​ដដែល​នេះ​បើក​ឱ្យ​អ្នកទេសចរ​អាច​យក​អាហារ​ពី​ក្រៅ​ចូលទៅ​បាន​។​

ដោយឡែក​បុគ្គលិក​នៅ​សួន​កម្សាន្ត​Disneyland នៅ​ទីក្រុង​សៀង​ហៃ​បាន​ប្រាប់​AFP តាម​ទូរ​សព្ទ​ថា​”​យើង​ឱ្យ​តម្លៃ​ទៅលើ​Feedback របស់​អ្នក​ចូលមក​កម្សាន្ត​សួន​របស់​យើង​។​គោលការណ៍​ណែនាំ​ថ្មី​ពាក់ព័ន្ធ​នឹង​ការយក​អាហារ​ចូល​ត្រូវបាន​អនុវត្ត​ដោយ​ផ្អែកលើ​ចំណុច​សុវត្ថិភាព​និង​ធានាបាន​នូវ​ភាព​ពេញចិត្ត​របស់​ភ្ញៀវ​” ។​

គោលការណ៍​ថ្មី​ចែងថា “​ភ្ញៀវ​ត្រូវបាន​អនុញ្ញាតឱ្យ​យក​អាហារ​និង​ភេសជ្ជៈ​ពី​ខាងក្រៅ​ចូលក្នុង​សួន​សម្រាប់​ការ​ទទួលទាន​ខ្លួនឯងបាន​”​និង​បាន​សង្កត់ធ្ងន់ថា​ទាល់តែ​អាហារ​ទាំងនោះ​ជា​ប្រភេទ​អាហារ​ដែល​មិនបាច់​កម្ដៅ​ឬ​ដាក់ឱ្យ​ត្រជាក់​ម្ដងទៀត​ហើយក៏​មិន​ត្រូវជា​អាហារ​ដែលមាន​ក្លិន​ឆួល​ខ្លាំង​ដូចជា​ទុរេន​ជាដើម​។​

យោងតាម​កាសែត​រដ្ឋ​People Daily បានឱ្យដឹងថា​ផ្លែ​ឪឡឹក​និង​តៅហ៊ូ​ស្អុយ​ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​។​ជាមួយគ្នានេះ​នៅលើ​វិ​ប​សាយ​របស់​ក្រុមហ៊ុន​បង្ហាញថា​ខ្លួន​នឹង​បន្ត​ត្រួតពិនិត្យ​រាល់​របស់របរ​ផ្ទាល់ខ្លួន​របស់​ភ្ញៀវ​ហើយ​តម្រូវឱ្យ​ភ្ញៀវ​ទាំងអស់​ឆ្លងកាត់​ឧបករណ៍​ត្រួតពិនិត្យ​ដោយ​អនុលោម​ទៅតាម​ច្បាប់​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114