ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ដក​ទំនិញ​អាមេរិក​ជាច្រើន​ចេញពី​បញ្ជី​ពន្ធគយ

កាលពី​ថ្ងៃ​ពុធ​នេះ​ប្រទេស​ចិន​បានប្រកាសថា​ខ្លួន​នឹង​ដក​ទំនិញ​អាមេរិក​មួយចំនួន​ចេញពី​ទណ្ឌកម្ម​ពន្ធគយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយពេល​ជាច្រើន​ខែ​មកហើយ​នោះ​នៅ​មុនពេល​កិច្ចពិភាក្សា​ជាន់ខ្ពស់​ដែល​នឹងធ្វើ​ឡើង​នៅ​ខែក្រោយ​។​

ទោះជា​យ៉ាងណា​ទំនិញ​ទាំងនោះ​មិន​រាប់បញ្ចូល​មុខទំនិញ​កសិកម្ម​ដែលមាន​តម្លៃ​ថ្លៃៗ​ដែល​អាចមាន​សារៈសំខាន់​ដល់​ជោគជ័យ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ណាមួយ​រវាង​ភាគី​ទាំងពីរ​ដែល​ជំហរ​របស់ខ្លួន​កំពុង​អូសទាញ​សេដ្ឋកិច្ចពិភពលោក​ឡើយ​។​

យោងតាម​គណៈកម្មាធិកា​រ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ដែល​បានចេញ​បញ្ជី​ចំនួន​ពីរ​ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ផលិតផល​អាហារ​សមុទ្រ​និង​ថ្នាំ​ប្រឆាំង​ជំងឺមហារីក​ផង​នោះបាន​ឱ្យដឹងថា​ការលើកលែង​ពន្ធគយ​នេះ​នឹង​ចាប់​អនុវត្ត​នៅ​ថ្ងៃទី​១៧​កញ្ញា​នេះ និង​មាន​សុពលភាព​រយៈពេល​១​ឆ្នាំ។ បញ្ជី​ទំនិញ​ទាំងនេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រុង​ប៉េកាំង​បានប្រកាស​អំពី​មុខទំនិញ​ដែល​ត្រូវបាន​ដក​ចេញពី​ពន្ធគយ​នោះ​។​

ដោយឡែក​ប្រភេទ​ទំនិញ​ផ្សេងទៀត​ដែល​នឹងត្រូវ​លើកលែង​រួមមាន​ចំណី​ត្រី​និង​ឧបករណ៍​បង្កើនល្បឿន​វេជ្ជសាស្ត្រ​ខណៈដែល​គណៈកម្មាធិការ​បានឱ្យដឹងថា​ខ្លួន​កំពុង​ពិចារណា​លើ​ការលើកលែង​បន្ថែមទៀត​។​

គួររម្លឹកថា​ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​បានលើកឡើង​ថា​ពួកគេ​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ដើមខែ​តុលា​ខាងមុខ​ដោយ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការបន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​។​

ជាមួយគ្នានេះ​ភាគី​ទាំងពីរ​បានដាក់​ពន្ធ​ថ្មី​ជាច្រើន​ទៅវិញទៅមក​ស្មើ​ដៃ​គ្នា​សម្រាប់​ពន្ធ​លើ​ទំនិញ​កាលពី​ថ្ងៃទី​១​កញ្ញា​ក្នុងការ​ប្រមូល​ពន្ធ​ចុងក្រោយ​ដែល​ពេលនេះ​បាន​គ្របដណ្តប់​លើ​ទំនិញ​ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114