ព័ត៍មានទាន់​ហេតុការណ៏
Search

វេទិកា​ថ្នាក់​តំបន់​ជា​លើកដំបូង ស្ដីពី​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក

ភ្នំពេញ ៖ តំណាង​EducationUSA ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ នឹងធ្វើ​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់​ជា​លើកដំបូង ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​រៀបចំ​ពិព័រណ៍​ថ្នាក់​ឧ​ត្ត​ម​សិក្សា ដែល​ធ្វើឡើង​នៅ​រាជធានី ភ្នំពេញ ប្រទេស​កម្ពុជា​។ ​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​

ក្នុង​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹង​ថា វេទិកា​នេះ នឹង​នាំមក​នូវ​អ្នក​ប្រឹក្សា​យោបល់​Education USA មកពី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង​ការ​បណ្ដុះបណ្ដាល និង​សិក្ខាសាលា​ផង​ដែរ​។ កម្មវិធី​នេះ នឹង​ផ្តោតទៅលើ​ឱកាស​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា នៅ​សហរដ្ឋអាមេរិក​សម្រាប់​និស្សិត​កម្ពុជា​។ នេះ​គឺជា​ឱកាស​មួយ​សម្រាប់​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ ដើម្បី​ជួប​តំណាង​មកពី​សាកលវិទ្យាល័យ និង​អ្នក​អាជីព​ផ្នែក​ការអប់រំ​នៅ​អាម៉េរិក។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង​៨​និង​០០​ព្រឹក សុន្ទរកថា​បើក​ដោយ​ភារធារី​ស្ថានទូត​អាមេរិក​លោក Michael Newbill និង​ ឯកឧត្ដម យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ៨-១១និង​៣០​នាទី​ព្រឹក ៖
​ពិធី​បើក​ពិព័រណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​សហរដ្ឋអាមេរិក​។ ទីកន្លែង​៖ សណ្ឋាគារ​សុខា​ភ្នំពេញ​។

ជាមួយគ្នានេះដែ​ឬ EducationUSA គឺជា​បណ្តាញ​មួយ នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​មាន​មជ្ឈមណ្ឌល​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ​ចំនួន​៤០០​មជ្ឈមណ្ឌល​នៅតាម​ប្រទេស​ជាង​១៧០ នៅ​លើ​ពិភពលោក​។ បណ្ដាញ​នេះ ផ្សព្វផ្សាយ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​របស់​សហរដ្ឋអាមេរិក​ទៅកាន់​និស្សិត​នៅ​ជុំវិញ​ពិភពលោក​ដោយ​ផ្តល់​ព័ត៌មាន​ថ្មីៗ​ពេញលេញ និង​ត្រឹមត្រូវ​ស្ដីពី​ឱកាស​សិក្សា នៅ​តាម​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​ដែលមាន​ការទទួលស្គាល់ នៅក្នុង​សហរដ្ឋ អាមេរិក។ ​EducationUSA ក៏​ផ្តល់​ផងដែរ​នូវ​សេវា​នានា​ដល់​បណ្តា​សហគមន៍ ផ្នែក​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋ អាមេរិក ដើម្បី​ឲ្យ​ជួយ​អ្នក​ដឹកនាំ​ស្ថាប័ន​ទាំងនោះ អាច​សម្រេច​នូវ​ការជ្រើសរើស​និស្សិត​ឲ្យ​ចូល​រៀន និង​ធ្វើ​ឲ្យ​សាលា​គេ​មាន​និស្សិត​អន្តរជាតិ​សិក្សា​ច្រើន។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌល Education USA គឺជា​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​អ្នក ស្ដីពី​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​សហរដ្ឋអាមេរិក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114