ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាង​កម្ពុជា​ប្រចាំ​នៅ អសប ទទូច​ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អនុវត្ត​អាណត្តិ​របស់​ខ្លួន​ដោយ​មិន​លម្អៀង​

ទីក្រុង​ហ្សឺ​ណែវ ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ សហព័ន្ធ​ស្វី​ស ទទូច​ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស អនុវត្ត​អាណត្តិ​របស់ខ្លួន​ដោយ​មិន​លម្អៀង និង​អព្យាក្រឹត ព្រមទាំង​ប្រកាន់ខ្ជាប់ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១២​កញ្ញា​។

សេចក្ដីថ្លែងការណ៍​រប​ស់​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ សម្រាប់​កិច្ចពិភាក្សា​ទូទៅ ស្តីពី​ព័ត៌មាន​បច្ចុប្បន្នភាព​ផ្ទាល់មាត់ ដោយ​ឧ​ត្ត​ម​សួង​ការ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស របៀបវារៈ​ទី​២ នៃ​កិច្ចប្រជុំ​លើក​ទី​៤២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​បាន​លើកឡើងថា “​គណៈប្រតិភូ​កម្ពុជា​សម្តែង​នូវ​ការកោតសរសើរ​ដល់ លោកស្រី​ឧ​ត្ត​ម​ស្នងការ ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការជំរុញ​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​សម្រាប់​ទាំងអស់គ្នា នៅ​ទូទាំង​សាកលលោក​។ “​ប៉ុន្តែ​យើងខ្ញុំ​យល់ឃើញថា ការផ្តល់​អាទិភាព​ដោយឡែក ទៅលើ​តែ​ក្រុម​មួយ ដោយ​មើលរំលង​ក្រុម​ផ្សេងៗ​ទៀត​ក្នុង​ការរិះគន់​សិទ្ធិមនុស្ស​កម្ពុជា​នេះ វា​ពិតជា​បាន​បន្ទាប​តម្លៃ​គោលការណ៍​អព្យាក្រឹតភាព​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​”​។

ស្ថាន​តំណាង​កម្ពុជា​ឡើ​ក​ឡើង​ទៀតថា “​ដូច​អ្វីដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​យ៉ាងច្បាស់ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី​០៤ ខែកក្កដា និង​ក្នុងជំនួប​ជាមួយ​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ នៅ​ហ្សឺ​ណែវ ពីរ​ដង​ក្នុង​រយៈពេល​តិចជាង​មួយឆ្នាំ​ថា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា គួរ​ត្រូវបាន​វាយតម្លៃ​ជារួម ជាជាង​ពឹង​ផ្អែកលើ​ករណី​ដាច់ដោយឡែក​។ អ្នកនឹង​មិនអាច​យល់​ពី​ការពិត​ នៃ​បញ្ហា​នេះ​បានទេ ប្រសិនបើ​អ្នកធ្វើការ​វាយតម្លៃ​បញ្ហា​ដោយ​គ្រាន់តែ​ពិនិត្យមើល​តែ​ដើមឈើ​មួយ​ដើម ជា​ជាង​ពិនិត្យមើល​ព្រៃ​ទាំងមូល និង​ព្យាយាម​ភ្ជាប់​បញ្ហា​នោះ​ទៅនឹង​របៀបវារៈ ដែល​ខ្លួន​បាន​ជ្រើស​រើស​រួចហើយ​។​
​ជាមួយគ្នា​នោះ ស្ថាន​តំណាង​កម្ពុជា ទទូច​ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អនុវត្ត​អាណត្តិ​របស់ខ្លួន​ដោយ​មិន​លម្អៀង អព្យាក្រឹត មិន​ច្បិច​យក​បញ្ហា​តែមួយ​ជ្រុង ព្រមទាំង​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាពិសេស​មាត្រា​២ (៧)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114