ព័ត៍មានទាន់​ហេតុការណ៏
Search

Apple ទម្លាក់​ថ្លៃ​ទូរស័ព្ទ ​តែ​ងាក​មក​បង្កើន​សេវាកម្ម​ក្នុងពេល​ត្រៀម​ដាក់លក់​ទូរ​ស័ព្ទ iPhone 11

កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន​Apple បានដាក់​បង្ហាញ​ទូរ​ស័ព្ទ​iPhone 11​របស់ខ្លួន​ដោយមាន​ការកាត់បន្ថយ​តម្លៃ​សម្រាប់​ម៉ូ​ដែល​មូលដ្ឋាន​ធំៗ​បំផុត​ ខណៈដែល​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ផែនការ​សម្រាប់​សេវាកម្ម​Streaming និង​ហ្គេម​ដើម្បី​ព្យាយាម​ផ្ដាច់ខ្លួន​ចេញពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ពិភពលោក​។​

តម្លៃ​បាន​ក្លាយជា​ចំណុច​ដ៏​គួរ​ពិចារណា​ដ៏​សំខាន់​មួយ​ស្រប​ពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​បាន​ទម្លាក់​តម្លៃ​នៃ​ការបោះ​ជើង​ចូល​ទីផ្សារ​ដំបូង​របស់​ទូរ​សព្ទ​iPhone 11 មក​ត្រឹមតែ ៦៩៩​ដុល្លារ​និង​ចូលរួម​ប្រកួត​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ប្រជែង​នានា​ជាមួយនឹង​ការផ្ដល់ជូន​ការ​Subscribe សម្រាប់​សេវាកម្ម​Streaming និង​ហ្គេម​ក្នុងតម្លៃ​ដ៏​ទាប។

Apple បានដាក់​បង្ហាញ​ទូរ​សព្ទ​iPhone 11 ចំនួន​៣​ជំនាន់​រួមមាន​ម៉ូ​ដែល “Pro” ដែលមាន​កាមេរ៉ា​បី​និង​លក្ខណៈពិសេស​កម្រិត​ខ្ពស់​ផ្សេងៗ​ទៀត​ដោយ​តម្លៃ​ចាប់ពី​៩៩៩​ដុល្លារ​និង ១ ០៩៩ ដុល្លារ​ដែល​តម្លៃ​នេះ​គ្មានអ្វី​ខុសពី​តម្លៃ​កាលពី​ឆ្នាំមុន​ឡើយ​ពោល​គឺមាន​លក្ខណៈពិសេស​ដែលមាន​ភាពប្រសើរ​ជាង​មុន​រួមទាំង​បំពាក់​Lense ដែល​អាច​ថត​ប្លង់​ទូលាយ​បាន​ទៀតផង​។​

ការភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន​Apple គឺ​ការទម្លាក់​តម្លៃ​ដែល​តម្លៃ​ចាប់ពី​៦៩៩​ដុល្លារ​ឡើងទៅ​នោះ​ពោលគឺ​តម្លៃ​ទាប​ចាប់ពី​៧៤៩​ដុល្លារ​សម្រាប់​iPhone XR កាល​ពីមួយ​ឆ្នាំមុន​ទោះបីជា​ទូរ​ស័ព្ទ​ថ្លៃៗ​ជាច្រើន​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ប្រហែល​១០០០​ដុល្លារ​ឡើងទៅ​ក៏ដោយ​។​

លោក​Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Apple បាន​ប្រាប់​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទូរ​ស័ព្ទ​ម៉ូ​ដែល​ថ្មី​នៅ​ទីក្រុង​Cupertino រដ្ឋ​California ខណៈដែល​ក្រុមហ៊ុន​គ្រោង​នឹងដាក់​លក់​នៅ​ថ្ងៃទី​២០​កញ្ញា​ថា​ទូរ​ស័ព្ទ​ម៉ូ​ដែល​ថ្មីៗ​ទាំងនេះ​គឺ​បំពាក់​ទៅដោយ​សមត្ថភាព​ថ្មី​និង​មានការ​រចនា​ថ្មី​មិនគួរ​ឱ្យ​ជឿ​។​

ការប្រកាស​របស់​ក្រុមហ៊ុន​Apple ហាក់ដូចជា​ផ្តោតលើ​ការ​សង្កត់ធ្ងន់​លើ​តម្លៃ​ខណៈ​ក្រុមហ៊ុន​ចង់​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​និង​ងាក​មក​ភ្ជាប់​ខ្លួន​ជាមួយ​ការបង្កើត​មាតិកា​បែប​ឌីជីថល​និង​សេវាកម្ម​ដទៃទៀត​ជាមួយ​ទូរ​ស័ព្ទ​របស់ខ្លួន​វិញ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114