ព័ត៍មានទាន់​ហេតុការណ៏
Search

Grab គ្រោង​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទូទាត់​តាម​អ៊ីនធឺណិត​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ផ្ដួល​ក្រុមហ៊ុន​Gojek

ក្រុមហ៊ុន​Grab ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​SoftBank កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​ដើម្បី​បញ្ចូល​ក្រុមហ៊ុន​OVO ដែលជា​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បែប​ឌីជីថល​របស់​ឥណ្ឌូណេស៊ី​ដែល​Grab ក៏មាន​ភាគហ៊ុន​ក្នុងនោះ​ដែរនោះ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​Ant Financial ដើម្បី​បង្កើន​ថាមពល​ក្នុង​គោលបំណង​ផ្ដួល​ក្រុមហ៊ុន​Gojek។

កិច្ចព្រមព្រៀង​នេះ​នឹង​មើលឃើញថា Grab​នឹង​ទិញយក​ភាគហ៊ុន​ភាគច្រើន​ក្នុង​ក្រុមហ៊ុន​DANA ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​Ant ចេញពី​ក្រុមហ៊ុន​សារព័ត៌មាន​ឥណ្ឌូណេស៊ី Elang Mahkota Teknologi (Emtek) ហើយក៏​នឹង​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​DANA ជាមួយ​ក្រុមហ៊ុន​OVO របស់ខ្លួន​។​

កិច្ចព្រមព្រៀង​នេះដែរ​ក៏​នឹង​អាចជួយ​ក្រុមហ៊ុន​OVO-DANA ឱ្យ​ដើរ​នាំមុខ​ក្រុមហ៊ុន​Gojek នៅក្នុង​ចំណែក​ទីផ្សារ​ទូទាត់​តាម​អ៊ីនធឺណិត​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​ក្រុមហ៊ុន OVO និង​Gojek បាន​ប្រជែង​គ្នា​ដើម្បី​ទទួលបាន​ទទួលបាន​តំណែង​ជា​ក្រុមហ៊ុន​ដែលមាន​ការធ្វើ​ប្រតិ​ប​តិ្ត​ការទូទាត់​ប្រាក់​ច្រើនជាងគេ​ចាប់តាំងពី​ឆ្នាំ​២០១៨​មក​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​DANA ក៏​ស្ថិតនៅ​លេខ​រៀង​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ដែរ​។​

យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​ក្រុមហ៊ុន​Grab និង​Gojek គឺជា​ក្រុមហ៊ុន​Startup​ធំៗ​ពីរ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​តម្លៃ​១៤​ពាន់​លាន​ដុល្លារ​និង​១០​ពាន់​លាន​ដុល្លារ​។​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​តំបន់​ជាច្រើន​រួមមាន​ទាំង​សេវា​ហិរញ្ញវត្ថុ​ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​សេវាកម្ម​ហៅ​តាក់ស៊ី​ជិះ​តាម​កម្មវិធី​ទូរ​សព្ទ​និង​ការដឹកជញ្ជូន​អាហារ​ជាដើម​។​

ទោះជា​យ៉ាងណា​ទាំង​Grab និង​OVO បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឡើយ​ខណៈដែល​ក្រុមហ៊ុន​DANA បានឱ្យដឹងថា​ខ្លួន​មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​ពាក្យ​ចចាមអារ៉ាម​ទីផ្សារ​នោះឡើយ​៕REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114