ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ ប្តេជ្ញា​វាយប្រហារ​ពួក​តា​លី​បង់​ខ្លាំង​ជាង​ពេល​ទាំងអស់​ខណៈ​អាមេរិក​រំលឹក​ខួប​ព្រឹត្តិការណ៍​ថ្ងៃ​១១​ខែកញ្ញា

លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​សន្យាថា​នឹង​វាយប្រហារ​ពួក​តា​លី​បង់ “​កាន់តែខ្លាំង​” ជាង​ពេលណា​ណា​ទាំងអស់​ខណៈពេលដែល​ស​ហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​បាន​ប្រារព្ធ​ខួប​លើក​ទី​១៨​នៃ​ការវាយប្រហារ​ថ្ងៃ​១១​កញ្ញា​ដែល​បាន​នាំ​ប្រទេស​នេះ​ចូលទៅក្នុង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

សុន្ទរកថា​របស់លោក ត្រាំ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​លុបចោល​នូវ​អ្វីដែល​នឹង​ក្លាយជា​កិច្ចប្រជុំ​កំពូល​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រវត្តិសាស្ត្រ​និង​ចំ​ពេលដែល​សាច់ញាតិ​បាន​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ​បំផុត​នៅលើ​ទឹកដី​អាមេរិក​ក្នុង​ពិធី​នៅ​ទីក្រុង​ញូវយ៉ក​និង​វ៉ាស៊ីនតោន​។​

លោក ត្រាំ បាន​ថ្លែង​បែបនេះ​នៅក្នុង​ព្រឹត្តិការណ៍​មន្ទីរ​បញ្ច​កោណ​មួយ​ដែល​ឧទ្ទិស​ដល់​មនុស្ស​ជិត​៣,០០០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​ដោយ​លោក​បានប្រកាស​អំពី​ការបង្កើន​នៃ​ការវាយលុក​របស់​យោធា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ទៅលើ​ក្រុម​តា​លី​បង់​។​

លោក​បាន​និយាយថា​ក្នុង​រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយនេះ​កងកម្លាំង​សហរដ្ឋអាមេរិក​បាន​វាយលុក​សត្រូវ​របស់ខ្លួន​ខ្លាំង​ជាង​អ្វីដែល​ពួកគេ​ធ្លាប់បាន​វាយប្រហារ​ពីមុន​ហើយ​នោះ​នឹង​បន្តទៀត​។​

លក្ខណៈ​នៃ​ការវាយលុក​នេះ​មិនទាន់​ត្រូវបាន​គេ​បញ្ចេញ​ច្បាស់​ទេ​ប៉ុន្តែ​លោក ត្រាំ បាន​និយាយថា វា​ត្រូវបាន​បញ្ជា​បន្ទាប់ពី​លោក​បាន​លុបចោល​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​កាលពី​ចុង​សប្តាហ៍​ដើម្បី​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដែល​បានសម្លាប់​ទាហាន​អាមេរិក​ម្នាក់​កាលពី​សប្តាហ៍​មុន​។​

លោក​ក៏បាន​ព្រមាន​ដល់​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​វាយប្រហារ​នៅក្នុង​សហរដ្ឋអាមេរិក​ម្តងទៀត​ឲ្យ​សោះ​។​

លោក ត្រាំ បាន​ព្រមាន​ថា “​បើសិន​ជាមាន​ហេតុផល​ណាមួយ​ដែល​ពួកគេ​វិល​ត្រឡប់មក​ប្រទេស​របស់​យើង​វិញ​នោះ យើង​នឹង​ទៅ​កន្លែង​ណា​ដែល​ពួកគេ​នៅ​ហើយ​ប្រើប្រាស់​អំណាច​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់ប្រើ​ពីមុនមក​”​។​

លោក​បាន​បន្ថែមថា “​ខ្ញុំ​មិន​និយាយ​អំពី​ថាមពលនុយក្លេអ៊ែរ​ទេ​។ ពួកគេ​នឹង​ឃើញ​អ្វីដែល​ពួកគេ​មិនដែល​នឹកស្មានថា​នឹង​កើតឡើង​ចំពោះ​ពួកគេ​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114