ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​២,៥០០​នាក់ ​ត្រូវបាន​ចុះបញ្ជី​ថា​កំពុង​បាត់​ខ្លួន​ក្នុងប្រទេស​បា​ហា​ម៉ាស​ក្រោយ​ព្យុះសង្ឃរា

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ជាតិ​បា​ហា​ម៉ាស (NEMA) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ប្រហែល​២,៥០០​នាក់​ត្រូវបាន​ចុះបញ្ជី​ថា​កំពុង​បាត់​ខ្លួន​នៅក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​បន្ទាប់ពី​ព្យុះសង្ឃរា Dorian​។​

អ្នកនាំពាក្យ NEMA លោក Carl Smith បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា នៅ​ទីបំផុត​អ្នក​ដែល​កំពុង​បាត់​ខ្លួន​មួយចំនួន​អាច​នឹងត្រូវ​បានកំណត់​ទីតាំង​។​
​លោក Smith បាន​និយាយថា “​នៅពេលនេះ មាន​មនុស្ស​ប្រមាណ​២,៥០០​នាក់​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​រដ្ឋាភិបាល​បា​ហា​ម៉ាស​ថា​ជា​មនុស្ស​កំពុង​បាត់​ខ្លួន​”​។​

លោក Smith បន្តថា “​បុគ្គល​មួយចំនួន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​កោះ Abaco និង Grand Bahama មិនទាន់បាន​ចុះឈ្មោះ​ជាមួយ​សេវា​សង្គម​នៅឡើយ​ទេ​។ នៅពេល​យើង​អាច​ពិនិត្យ​សំណុំ​ទិន្នន័យ​របស់​យើង​បាន យើង​នឹង​អាច​ជូនដំណឹង​ដល់​សមាជិកគ្រួសារ​និង​អ្នក​រស់រានមានជីវិត​ឲ្យ​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​វិញ​”​។​

ដោយ​ដកស្រង់​របាយការណ៍​ផ្លូវការ អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​របស់ UN (IOM) បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ​៧៦,០០០​នាក់​បាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ Dorian​។ ក្នុងចំណោម​នោះ មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀសចេញ​ហើយ​ប្រហែល​៨៦០​នាក់​កំពុង​ស្ថិតនៅក្នុង​ជម្រក​សង្គ្រោះបន្ទាន់​ក្នុង​រដ្ឋធានី Nassau​។​

មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ស្លាប់​ដោយសារ​ព្យុះ​នេះ​ដែល​បាន​វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​បា​ហា​ម៉ាស​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​៥​ហើយ​ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​គិតទុក​ជាមុន​ថា​ចំនួន​នេះ​នឹង​កើន​ឡើងជា​បន្តទៀត​។​

អ្នកនាំពាក្យ NEMA បាន​និយាយថា គិត​មកទល់ពេលនេះ មនុស្ស​ជាង​៥,៥០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កោះ Grand Bahama និង Abaco ភាគ​ខាងជើង​ប្រទេស​បា​ហា​ម៉ាស​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​ព្យុះ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114