ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្តីសម្រេច​របស់​តុលាការ Brexit ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការព្យួរ​សភា

នៅ​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឲ្យ​បញ្ឈប់​ការព្យួរ​សភា​បន្ទាប់ពី​តុលាការ​ស្កុ​តឡែ​ន​បានសម្រេច​ថា​វា​ជា​រឿង​ខុសច្បាប់​ខណៈដែល​ឯកសារ​រដ្ឋាភិបាល​បាន​ព្រមាន​ថា Brexit ទាំង​គ្មាន​កិច្ចព្រមព្រៀង​អាច​នាំ​ឲ្យ​មាន​ភាពវឹកវរ​ស៊ីវិល​និង​កង្វះខាត​ស្បៀងអាហារ​និង​ថ្នាំ​។​

ឯកសារ Operation Yellowhammer ដែល​រដ្ឋាភិបាល​ត្រូវបាន​គេ​បង្ខំ​ឲ្យ​បញ្ចេញ​កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញថា​ការត្រៀមខ្លួន​សម្រាប់ Brexit ទាំង​គ្មាន​កិច្ចព្រមព្រៀង​នៅតែ​ស្ថិតនៅ​កម្រិត​ទាប​ខណៈដំណើរ​រាំងស្ទះ​នៅ​កំពង់ផែ Channel កំពុង​គំរាមកំហែង​បង្ក​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​។​

ពួកគេ​ក៏បាន​ព្រមាន​ផងដែរ​អំពី​ការកើនឡើង​នៃ​ភាពមិនប្រក្រតី​ជា​សាធារណៈ​និង​ភាព​តានតឹង​ក្នុង​សហគមន៍​នៅក្នុង​សេណា​រី​យ៉ូ​បែបនេះ​។​

ប៉ុន្តែ​ការទម្លាយ​នេះ​ដែល​ធ្វើឡើង​បន្ទាប់ពី​សមាជិកសភា​បាន​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​គឺ​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​រប​ស់​សមាជិកសភា​ដែលថា ការចាកចេញ​ដោយ​គ្មាន​សណ្តាប់ធ្នាប់​នឹង​ក្លាយជា​ការរំខាន​យ៉ាងខ្លាំង​ដល់​ចក្រភព​អង់គ្លេស​។​

ទន្ទឹមនឹង​នេះដែរ រដ្ឋាភិបាល​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ស្កុ​តឡែ​ន​ស្របពេល​រឿងក្តី​នេះ​នឹងត្រូវ​បើកសវនាការ​នៅក្នុង​តុលាការ​កំពូល​នៅ​ថ្ងៃ​អង្គារ​ក្រោយ​។​

លោក Johnson បាន​និយាយថា ការព្យួរ​សភា​រហូតដល់​ថ្ងៃទី​១៤​ខែតុលា​គឺជា​សកម្មភាព​ធម្មតា​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​របស់លោក​ចាប់ផ្តើម​របៀបវារៈ​ច្បាប់​ថ្មី។ សេចក្តីសម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​សភា​កោះប្រជុំ ឡើងវិញ​ហើយ​តំណាងរាស្ត្រ​មួយក្រុម​បានធ្វើ​ការតវ៉ា​នៅ​ខាងក្រៅ​អគារ​។​

លោក Keir Starmer អ្នកនាំពាក្យ Brexit របស់​គណបក្ស​ការងារ​បាន​និយាយថា “​ខ្ញុំ​សូម​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​កោះប្រជុំ​សភា​ជាបន្ទាន់​ដើម្បី​ឲ្យ​យើង​អាច​ជជែក​ដេញដោល​គ្នា​លើ​សាលក្រម​នេះ​និង​សម្រេចចិត្តថា​តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114