ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ប៉េកាំង​ នឹង​ចេញ​ផុតពី​បញ្ជី​ទីក្រុង​ដែលមាន​ការបំពុល​បំផុត​ទាំង​២០០

ក្រុម​ផ្តល់​ទិន្នន័យ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គុណភាព​ខ្យល់អាកាស​មិនល្អ​របស់​ទីក្រុង​ប៉េកាំង​បាន​ប្រសើរ​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះហើយ​រដ្ឋធានី​ចិន​មួយ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញ​ផុតពី​បញ្ជី​ទីក្រុង​ទាំង​២០០​ដែលមាន​ការបំពុល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​ក្នុងឆ្នាំនេះ​។​

ក្រុម​ស្រាវជ្រាវ AirVisual របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្សុទ្ធ​ខ្យល់​ស្វី​ស IQAir បាន​និយាយថា ទីក្រុង​ប៉េកាំង​កំពុងស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ការកាត់បន្ថយ​ភាគល្អិត​តូចៗ PM2.5 ដែលជា​ការបំពុល​ខ្យល់​មាន​គ្រោះថ្នាក់​បំផុត​ជិត​២០​ភាគរយ​នៅក្នុង​ឆ្នាំនេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។​

កម្រិត PM2.5 ក្នុង​មួយ​ម៉ោង​ជា​មធ្យម​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ចិន​ដែលមាន​ផ្សែង​អ័ព្ទ​បាន​ធ្លាក់ចុះ​ដល់​៤២,៦​មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប​សម្រាប់​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ​ពោលគឺ​ធ្លាក់ចុះ​ពី​៥២,៨​ភាគរយ​សម្រាប់​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

របាយការណ៍​បាន​និយាយថា “​បើ​ប្រៀបធៀប​ទៅនឹង​មួយ​ទសវត្សរ៍​មុន ភាពខុសគ្នា​មាន​ខ្លាំង​។ កម្រិត PM2.5 ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ​គឺ​តិចជាង​ពាក់កណ្តាល​នៃ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០០៩”​។​

កំហាប់ PM2.5 ប្រចាំឆ្នាំ​បាន​ឈានដល់​កម្រិត​១០៤.០​ក្នុង​ឆ្នាំ​២០១០​។ វា​បានចាប់ផ្តើម​ធ្លាក់ចុះ​ជា​លំដាប់​ក្នុង​ឆ្នាំ​២០១៣​។ ប៉ុន្តែ​កម្រិត​បច្ចុប្បន្ន​នៅតែ​ខ្ពស់ជាង​៤​ដង​នៃ​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​។​

ភាគល្អិត​អាច​ស្ថិត​ចូល​ជ្រៅ​ទៅក្នុង​សួត​និង​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវដង្ហើម មហារីក​សួត​និង​ជំងឺ​សរសៃឈាម​បេះដូង​។​

យោងតាម​របាយការណ៍​ខែមីនា​របស់​ក្រុម​បរិស្ថាន Greenpeace និង​ទិន្នន័យ​របស់ AirVisual បាន​បង្ហាញថា ទីក្រុង​ប៉េកាំង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១២២​ក្នុងចំណោម​ទីក្រុង​ដែលមាន​ការបំពុល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114