ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ស្ដីទី​របស់​វិសាខា ថា​ជើង​ទី​១ ចាញ់​ទ័ព ដោយសារ​ទីលាន​ភាគច្រើន ខណៈ​ជើង​ទី​២ រំពឹង​ធ្វើ​បានល្អ​វិញ

គ្រូ​បង្វឹក​ស្ដីទី​នៃ​ក្រុមបាល់ទាត់​វិសាខា លោក Akeeb Tunji Ayoyinka បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ អំពី​ការ​ត្រៀមខ្លួន​ប្រកួត​សម្រាប់​ការប្រកួត​ក្នុង​សប្ដាហ៍​ទី​២២ ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៩ ទល់នឹង​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​កីឡដ្ឋាន​វិសាខា​។

ការប្រកួត​រវាង ក្រសួងការពារជាតិ ជាមួយ វិសាខា កាលពី​ជើង​ទី​១ គឺ​ក្រសួងការពារជាតិ បាន​យកឈ្នះ ១​ទល់​០ ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ដដែល​រូប​នេះ​ថា កត្តា​ដែល​នាំ​ឲ្យ​បរាជ័យ​គឺ​បណ្ដាល​មក​បញ្ហា​ទីលាន ដោយ​លោក​ទុក​ថា​ក្រសួងការពារជាតិ មានសំណាង​ជាង​ដ្បិត​គ្រានោះ វិសាខា ធ្វើបាន​ល្អ​ជាង​។

លោក Akeeb Tunji Ayoyinka បាន​លើកឡើងថា​៖ «​យើង​បាន​ចាញ់​ក្រសួងការពារជាតិ​កាលពី​ជើង​ទី​១ ពិតណាស់​ការប្រកួត​ពេលនោះ​គឺជា​សំណាង​សម្រាប់​ពួកគេ ពីព្រោះ​យើង​បានធ្វើ​បាន​ល្អ​ជាងគេ និង​នៅ​ជុំ​ទី​១ ដូចគ្នា ពួកគេ​ពិតជា​សំណាង​ដែល​រក​គ្រាប់​បាល់​ត្រឹម​តែមួយ​គ្រាប់ ហើយ​ណាមួយ​ទីលាន​របស់គេ​មិនសូវ​ជា​ល្អ ដូច្នេះ​សម្រាប់​ពេលនេះ នេះ​គឺជា​ទឹកដី​របស់​យើង ហើយ​កីឡាករ​រួចរាល់​សម្រាប់​ការប្រកួត​នៅក្នុង​ដី ដើម្បី​ដណ្ដើម​ពិន្ទុ ពួកគេ​ត្រៀម​រួចរាល់​គ្រប់យ៉ាង​។​»

វិសាខា មាន​កីឡាករ​ដល់​ទៅ ៦​នាក់​ជាប់​ជម្រើសជាតិ​កម្ពុជា ដែល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ២​ប្រកួត​ដំបូង​ជាមួយ​ហុងកុង និង​បា​រ៉ែ​ន ខណៈ​កីឡា​ករទាំង ៦​រូប​ក៏​នឹងត្រូវ​ត្រឡប់​មក​រួម​ក្រុម​វិញ​ផងដែរ ដោយ​គ្រូ​បង្វឹក​សម្ដែង​ក្ដី​រីករាយ​ដូចគ្នា​។

យ៉ាងណាមិញ​លោក​ក៏បាន​បញ្ជាក់បន្ថែម​ជុំវិញ​ការវិល​ត្រឡប់​ថា «​យើង​ពិតជា​រីករាយ​ចំពោះ​ការវិល​ត្រលប់​មកវិញ​របស់​ពួកគេ​ពី​ក្រុម​ជម្រើសជាតិ ដែល​នេះ​នាំ​ឲ្យ​យើង​មានគុណ​សម្បត្តិ ពីបទ​ពិសោធន៍​នៅ​ក្រុម​ជម្រើស​ជាតិ ដូច្នេះ​យើង​ជឿ នៅ​ពេលដែល​គេ​ត្រឡប់​មកវិញ និង​ជួយ​យើង​នៅពេលនេះ ឲ្យ​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​»

សូម​រំលឹក​ថា ជំនួប​រវាង​វិសាខា ទល់នឹង ក្រសួងការពារជាតិ កាលពី​ជើង​ទី​១ នៅ​ទឹកដី​កីឡដ្ឋាន​ស្តា​ត​ចាស់ គឺ​បញ្ចប់​ទៅដោយ​លទ្ធផល វិសាខា ចាញ់ ១-០ ដែល​មួយ​គ្រាប់​ធ្វើបាន​សម្រេច​ដោយ​កីឡាករ ឈិន ឈឿន​។ ដោយឡែក​ការប្រកួត​ថ្ងៃ​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៩ វិញ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦​និង​០០ នាទី​ល្ងាច​នា​កីឡដ្ឋាន​វិសាខា ក្នុង​រាជធានី​ភ្នំពេញ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114