ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​សម្រេច​បង្កើត​គណៈកម្មការ​ពិនិត្យ​ និង ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន​ប្រឡង បាក់​ឌុប​ឆ្នាំ​២០១៩

ភ្នំពេញ​ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ពិនិត្យ​និង​ដោះស្រាយ​ការ តវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​មួយ​ចំនួន​តូច ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​អាច​ទទួលយក​លទ្ធផល​ប្រឡង​បាន​ទាំងអស់គ្នា​។

ការសម្រេច​បង្កើត​គណៈ​កម្ម​ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​នេះ​ ធ្វើឡើង​បន្ទាប់ពី​មាន​បេក្ខជន​មួយ​ចំនួន​បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ ដោយមាន​បេក្ខជន​ខ្លះ​តវ៉ា​ឲ្យ​ក្រសួង​អប់រំ​សើរើ​លទ្ធផល​ប្រឡង​ឡើងវិញ​និង​បេក្ខជន​ខ្លះ​ទៀត​ចង់​ឲ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​នូវ​មុខវិជ្ជា​មួយចំនួន​ដែល​ពួកគេ​ទទួលបាន​និទ្ទេស​មិនសូវ​ល្អ​ដូចជា​គណិតវិទ្យា ភាសា​ខ្មែរ​និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ជាដើម​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចុះ​ថ្ងៃ​ទី​១២ ​ខែកញ្ញា ​ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ​ខែកញ្ញា​នេះ​ថា​ «​ដើម្បី​ឆ្លើយ​តប​ចំពោះ​សំណូមពរ ​និង ​ការ​តវ៉ា​របស់​បេក្ខជន​មួយចំនួន​តូច​ចំពោះ​លទ្ធផល​ នៃ​ប្រឡង​នេះ​ ក្រសួង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះ ស្រាយ​ការ តវ៉ា របស់ បេក្ខជន​ប្រឡង បាក់​ឌុប​ឆ្នាំ​២០១៩ ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ករណី​ទាំងនេះ​ក្នុង​គោលបំណង​ឲ្យ​បេក្ខជន​និង​អាណាព្យាបាល​មាន​សេចក្តី​ទុកចិត្ត ​នឹង ​ទទួលយក​លទ្ធផល​នៃ​ការប្រឡង​។ ក្នុង​ករណី​ទាំងនោះ​ បេក្ខជន​មួយ​ចំនួន​បាន​តវ៉ា​ពុំ​សុខចិត្ត​លើ​លទ្ធផល​ធ្លាក់​ប៉ុន្តែ​ក៏​មាន​បេក្ខជន​មួយ​ចំនួន​ទៀត​ ពុំ​សុខចិត្ត​ដោយសារ​ទទួល​និទ្ទេស​ត្រឹម​ប៊ី ឬ​ស៊ី​ហើយ​ទាមទារ​យក​និទ្ទេស អេ​»​។

យុវជន ពេ​ជ ភូ​រ៉ា​ពង្ស បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​ ប្រឡង​ជាប់​ដោយ​ទទួលបាន​និទ្ទេស​រួម​ប៊ី​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម បេក្ខជន​ដែល​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការប្រឡង​បានបង្ហាញ​ការ​គាំទ្រ នឹង​សប្បាយចិត្ត​ចំពោះ​ការ​បង្កើត គណៈកម្មការ​ពិនិត្យ និង​ដោះ ស្រាយ​ការ តវ៉ា​នេះ​។ ប៉ុន្តែ​ប្អូនប្រុស​ស្នើ​ឲ្យ​បង្ហាញ​ដល់​បេក្ខជន​ថា គណៈកម្មការ​នេះ​ធ្វើការ​លើ​អ្វីខ្លះ​និង​ឲ្យ​មាន​តម្លាភាព​កំរិត​ណា​ បើទោះបីជា​ការពិនិត្យ​ឡើងវិញ​នេះ ពិន្ទុ​ប្អូនប្រុស​ត្រូវ​ធ្លាក់​ ឬ​ កើន​ឡើង​ក៏ដោយ ក៏​ប្អូន​ទទួលយក​ដែរ​។

បេក្ខជន​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ប្អូន​បានដាក់​ពាក្យ​ទៅ​ក្រសួង​រួចហើយ​ឲ្យ​ជួយ​ពិនិត្យ​ឡើង វិញ​លើ មុខវិជ្ជា ភាសា​ខ្មែរ​និង គណិតវិទ្យា​ដែល​ប្អូន រំពឹង​ថា ​ទទួល​បាន និទ្ទេស​ល្អ​តែ​បែរ ជា​បាន​និទ្ទេស ស៊ី​ទៅ វិញ ហើយ​បើ​មុខវិជ្ជា​ទាំងពីរ​នេះ​បាន​ពិន្ទុ​ខ្ពស់​ប្អូន​នឹង​ទទួលបាន​និទ្ទេស​អេ​។

ចំណែក ប្អូនស្រី សោម សុខ​លក្ខិណា មកពី​វិទ្យាល័យ​បាក់​ទូក​ ប្រឡង​ធ្លាក់​បាក់​ឌុប​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ​សើរើ​លទ្ធផល​ប្រឡង​របស់​បេក្ខជន​ឡើងវិញ​ព្រោះថា​ ប្អូន​បាន​ខិតខំ​ធ្វើ​ត្រូវ​ច្រើន​ដែរ​តែ​បែរជា​ធ្លាក់​ទៅវិញ​។

ជា​មួយ​គ្នា​នេះ​ដែរ ប្អូនប្រុស ប្រាំង​សុភា​រៈ មកពី​វិទ្យាល័យ​បាក់​ទូក​ប្រឡង​ជាប់​ដោយ​ទទួល​បាន​និទ្ទេស​ឌី ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យមើល​លទ្ធផល​ប្រឡង​ឡើងវិញ​ផងដែរ​។

យ៉ាងណាក៏ដោយ​ក្រសួង​អប់រំ​ក៏បាន​សំណូមពរ​ជាថ្មី ដល់​បេក្ខជន​ទាំងអស់​ត្រូវ​ចងចាំ​ថា លទ្ធផល​ប្រឡង​ឆ្លុះបញ្ចាំង​សារសំខាន់​បី​យ៉ាង​គឺ​១៖ អ្នកចេះ​គឺជា​ប់​, ២៖ ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួល​បាន​, និង​៣៖ លទ្ធផល​ប្រឡង​ពុំ​មែន​ជា​ការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យ​មានការ​ខំប្រឹង​បន្ត​ទៅមុខទៀត​។

គួរ​បញ្ជាក់​ថា ​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ២០១៩​នេះ ក្រសួង​អប់រំ​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114