ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​គាស់​ផ្ទះ​និង​ទូដែក​របស់​ពលរដ្ឋ​យក​លុយ​អស់​ជិត​៣​ម៉ឺន​ដុល្លារ

សៀមរាប ​៖ ​អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប គឺ​លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២ ​ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ ករណី​ចោរលួច​គាស់​ផ្ទះ​និង​ទូដែក​យក​លុយ​អស់​ជិត​បី​ម៉ឺន​ដុល្លារ​។ កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យកទៅ​សួរនាំ​។

លោក​បន្ត​ថា ​ជនរងគ្រោះ​មានឈ្មោះ ឪ វន ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ មុខរបរ​ជាង​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប ដែល​រងគ្រោះ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៣០​នាទី​ កន្លងទៅ នៅ​ចំណុច ក្នុង​ក្រុម​ទី​៣ ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​/ ខេត្ត សៀមរាប បណ្តាល​ឲ្យ បាត់​បង់លុយ និង​ទ្រព្យសម្បត្តិ គិត​ជា​ទឹកប្រាក់​សរុប​ជិត​បី​ម៉ឺន​ដុល្លារ​។ យោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​ដោយ​មានការ ចង្អុល​បង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង ក្រោម​កិច្ចសហការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប ព្រមទាំង​ដោយ មានការ​សម្រប សម្រួល​ពី​លោក​កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​បើក​ការស្រាវជ្រាវ នៅ​បរិវេណ​កន្លែង​កើតហេតុ នឹង​បានធ្វើ​ការកំណត់​មុខសញ្ញា​ជនសង្ស័យ​។

លោក​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​០០​នាទី ខណៈ​ដែល​កម្លាំង​នគរបាល​ក្រុង​សៀមរាប កំពុង​ល្បាត ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហាយ​ឡិន​ដ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-7428 ដូច​នឹង​ភិនភាគ​រថយន្ត ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​ខាងលើ ហើយ​ក៏បាន​តាម​ឃ្លាំមើល រហូត​ដល់ពេល​ព្រលប់​រថយន្ត​នេះ បាន​បើក​ចូល ទៅ​ឈប់ នៅខាងមុខ​សណ្ឋាគារ តាន់​កង ក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប។

បន្ទាប់មក​កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប ដោយមាន​ការ​ឯកភាព​ពី​លោកស្នងការ បាន​ធ្វើ​ការ​ឃាត់ខ្លួន និង​នាំ​ជនសង្ស័យ​ដែល​ជិះ​ក្នុង​រថយន្ត​នេះ មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។

លោក​បន្ថែម​ថា ជនសង្ស័យ រូបនេះ ឈ្មោះ តែ​ល ផាន់​នី ហៅ នី ភេទប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឆ្លើយ​សារភាពថា​ ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ដូច​ខាង​លើ​ប្រាកដ​មែន ចំណែក​ឯ ទ្រព្យសម្បត្តិ និង​លុយ ដែល​លួច​បាន ជនសង្ស័យ​រូបនេះ បាន​យក​ទៅ​លក់​ដើរ​ចាយ​អស់ហើយ​។

លោក​បន្ថែម​ថា វត្ថុ​តាង​ដកហូត​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហាយ​ឡិន​ដ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេ​ខ ភ្នំពេញ 1AS-7428​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​សៀមរាប រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នា​រសៀល​ថ្ងៃទី​១២ ​ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ​៕
​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114