ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ ​៖ ព័ត៌មាន​ពី​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា តំណាង EducationUSA ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់​ជា​លើកដំបូង ស្តី​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក និង​រៀបចំ​ពិព័រណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

វេទិកា​នេះ នឹង​នាំមក​នូវ​អ្នក​ប្រឹក្សា​យោបល់ Education USA មកពី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ផងដែរ។ កម្មវិធី​នេះ នឹង​ផ្តោត​ទៅ​លើ​ឱកាស​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​សហរដ្ឋអាមេរិក សម្រាប់​និស្សិត​កម្ពុជា។ វា​ជា​ឱកាស​មួយ សម្រាប់​និស្សិត ដែលមាន​ចំណាប់អារម្មណ៍ ដើម្បី​ជួប​តំណាង​មកពី​សាកលវិទ្យាល័យ និង​អ្នក​អាជីព​ផ្នែក​ការអប់រំ​នៅ​អាមេរិក​។

កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ដោយ​ភារធារី​ស្ថានទូត​អាមេរិក លោក Michael Newbill និង​លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ គឺជា​ពិធី​បើក​ពិព័រណ៍​ថ្នាក់​ឧត្តម​សិក្សា នៅ​សហរដ្ឋអាមេរិក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​សូម​បញ្ជាក់​ថា Education USA គឺជា​បណ្តាញ​មួយ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​មាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ ចំនួន​៤០០​មជ្ឈមណ្ឌល នៅ​តាម​ប្រទេស​ជាង​១៧០ នៅលើ​ពិភពលោក​។ បណ្តាញ​នេះ ផ្សព្វផ្សាយ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​របស់​សហរដ្ឋអាមេរិក ទៅកាន់​និស្សិត​នៅ​ជុំវិញ​ពិភព​លោ​លោក ដោយ​ផ្តល់​ព័ត៌មាន​ថ្មីៗ ពេញលេញ និង​ត្រឹមត្រូវ ស្តីពី​ឱកាស​សិក្សា នៅតាម​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា ដែលមាន​ការទទួលស្គាល់ នៅក្នុង​សហរដ្ឋអាមេរិក​។

EducationUSA ក៏​ផ្តល់​ផង​ដែរ នូវ​សេវា​នានា​ដល់​បណ្តា​សហគមន៍ ផ្នែក​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ជួយ​អ្នកដឹកនាំ​ស្ថាប័ន​ទាំងនោះ អាច​សម្រេច​នូវ​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន និង​ធ្វើ​ឲ្យ​សាលា​គេ​មាន​និស្សិត​អន្តរជាតិ​សិក្សា​ច្រើន​។ មជ្ឈមណ្ឌល Education USA គឺជា​ប្រភពព័ត៌មាន​ផ្លូវការ​របស់​អ្នក ស្តីពី​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​សហរដ្ឋអាមេរិក​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114