ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ​នឹង​បញ្ជូន​សាលដីកា​តុលាការ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​ចាប់ខ្លួន​ជន​ដែលមាន​ដីកា

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ជូន​សាលដីកា​តុលាការ​កំពូល​របស់​ក​ម្ពុ​ជា​ទៅកាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​ចាប់ខ្លួន​ជន​ណា​ ដែល​មាន​សាលដីកា​តុលាការ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជា​មួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​នេះ​។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បញ្ជាក់​ផង​ដែរ អំពី​ជំហរ​របស់​រដ្ឋាភិបាល​ឡាវ​ជុំវិញ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​ផ្តល់​ទឹកដី​ឲ្យ​ជន​ណា​ដើម្បី​បង្ក​អរិយ​ភាព​ជាមួយ​ប្រទេសជិតខាង​ឡើយ។

ការ​លើក​ឡើង​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នា​ពេល​នេះ ជា​ការ​ឆ្លើយតប​មួយ​ទៅកាន់​អ្នកវិភាគ​មួយរូប​ដែល​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់​ប្រទេស​ឡាវ​ច្បាស់​ជា​ស្វះស្វែង​សុំ​ឲ្យ​ឡាវ​ធានា​ថា កុំ​ឲ្យ​អា​ពួក​រត់ចោលស្រុក ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​ប៉ារីស​ដែល​ត្រៀម​ចូល​មក​ប្រទេស​វិញ​តាម​ច្រក​ប្រទេស​ឡាវ ដែល​ឡាវ​ចាត់ទុកថា​នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចាប់​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង បើ​កម្ពុជា​មិន​ព្រម​ទេ​ឡាវ​នឹង​ផ្តល់​ឱកាស​ឲ្យ​អា​អ្នក​រត់​ចោលស្រុក​ហើយ​ត្រៀម​ចូល​មក​ក្នុងស្រុក​ប្រើប្រាស់​ទឹកដី​ឡាវ​ប្រឆាំង​នឹង​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ពន្យល់​ទៅលើ​លោក​បណ្ឌិត​ដែល​បាន​វិភាគ​ខាងលើ​ថា «​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​បណ្ឌិត​មានការ​ខុសឆ្គង​តទៅទៀត​ជាមួយ​ឥរិយាបថ​របស់​ឡាវ​ ឬ​ របស់​ថៃ​ឬ​របស់​វៀតណាម​ឬ​ឥរិយាបថ​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ាន​នោះទេ​។ សុំទោស​លោក​បណ្ឌិត​គួរតែ​ទៅ​រៀន​ឲ្យ​បាន​ច្រើន​បន្តិច​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​ហើយ​លោក​បណ្ឌិត​គួរតែ​ទៅ​រៀន​ឲ្យ​ចេះដឹង​ច្រើន​បន្តិច អំពី​គោលការណ៍​អាស៊ាន​ស្ដីពី​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ផង​គ្នា។

កម្ពុជា​និង​ឡាវ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ណាស់ ហើយ​ខ្ញុំ​ចង់​ឲ្យ​លោក ថង​លួ​ន ស៊ី​សូលី​ត បញ្ជាក់​បន្តិច​ចំពោះ​សារព័ត៌មាន​កម្ពុជា​និង​ទៅកាន់​បណ្ឌិត​របស់​កម្ពុ​ជា​ម្នាក់ ដែល​បាន​ចាត់ទុកថា ក្រុម​ដែល​រត់ចោលស្រុក​នោះ​អាច​ប្រើប្រាស់​ដី​ឡាវ​ដើម្បី​ចូល​មក​កម្ពុជា​។​ ខ្ញុំ​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​ឡាវ​បញ្ជាក់​អំពី​គោលការណ៍​អាស៊ាន ហើយ​និង​គោលការណ៍​របស់​ឡាវ ដែល​មិន​អនុញ្ញាត​អាច​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ប្រឆាំងនឹង​ប្រទេស​កម្ពុជា ឬ ប្រឆាំង​ប្រទេសជិតខាង​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ជូន​ទៀត​ថា «​ខ្ញុំ​ក៏​សូម​បញ្ជាក់​ជូន​ដែរ​ថា មិនមែន​គ្រាន់​តែឡាវ​ទេ ទាំង​ថៃ រដ្ឋាភិបាល​ថៃ បាន​ទទួល​រួច​មក​ហើយ​នូវ​សាលដីកា​តុលាការ​ដើម្បី​ចាប់ខ្លួន​ជន​ណា​ដែល​មាន​សា​ដីកា​តុលាការ​យើង​ក៏​នឹង​បញ្ជូន​សាលដីកា​តុលាការ​នោះ​ទៅកាន់​ប្រទេស​ទាំងអស់​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​របស់​យើង​។ អញ្ចឹង​សូម​ធ្វើតាម​ចំណង់​របស់ខ្លួន​ទៅ​ចោះ​»​។​ ក៏ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ​គឺ​បណ្ឌិត​ម្នាក់​ប្រើប្រាស់​ការវិភាគ​មួយ​ថា ឡាវ​ចាប់​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង។

គួរ​រំលឹក​ថា កាល​ពី​ពេល​ថ្មី​នេះ លោក​បណ្ឌិត មាស នី ដែល​គេ​ស្គាល់​ថា ជា​ម៉ូយ​ប្រចាំ​របស់​វិទ្យុ​អាស៊ីសេរី ដែល​មាន​និន្នាការ​លំអៀង​ទៅខាង​បក្សប្រឆាំង​នោះ បានធ្វើ​ការវិភាគ​មួយ​ដែល​អាច​ចាត់ទុកថា ខុស​ស្ទើរ ១៨០​អង្សា​ពាក់ព័ន្ធ​ទៅ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ឡាវ ដែលជា​សមាជិក​អាស៊ាន និង​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា។

លោក មាស នី បាន​ធ្វើ​ការវិភាគ​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា​និង​ឡាវ​កើតឡើង​២​ដង​ហើយ​សុទ្ធតែ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា​ទៅ​ជួប​ភាគី​ឡាវ​រហូត ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា រដ្ឋាភិបាល​អាច​បារម្ភ​រឿង​អ្វីមួយ។ លោក​ថា រដ្ឋាភិបាល​អាច​យល់ថា ភាគី​ឡាវ​ប្រើ​បញ្ហា​នេះ​ជា​ចំណាប់ខ្មាំង​គំរាម​កម្ពុជា ជា​ថ្នូរ​ឲ្យ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចុះចត​យន្តហោះ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​កម្ពុជា​ក៏​អាច​ថា​បាន ទើប​រដ្ឋាភិបាល​ចាត់​មន្ត្រី​ទៅ​ជួប​មិន​ដាច់​តែ​មិន​ឃើញ​មន្ត្រី​ឡាវ​មក​ជួប​ជជែក​បញ្ហា​ព្រំដែន​នៅ​ភ្នំពេញ​ម្ដង​សោះ។

លោកនាយក​រដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត ក៏បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាប់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ឡាវ​ក្នុង​ការ​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​មិន​ផ្តល់​ទឹកដី​សម្រាប់​ជន​ណា​ដើម្បី​ឈ្លានពាន​កម្ពុជា​នោះទេ។

​លោក ថង​លួ​ន ស៊ី​សូលី​ត បាន​មានប្រសាសន៍ថា «​ខ្ញុំ​ទើប​ទទួល​បាន​ដំណឹង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​, ខ្ញុំ​សូម​បញ្ជាក់​ថា ប្រសិន​បុគ្គល​ណា​មានទោស​មក​ឆ្លងកាត់​ប្រទេស​ឡាវ ទោះជា​ជនជាតិ​ណាក៏ដោយ ប្រើ​ប្រទេស​ឡាវ​ដើម្បី​ឆ្លងកាត់​ទៅកាន់​ប្រទេស​ផ្សេង​នោះ​យើង នឹង​ដំណើរការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ត់ចត់ មិន​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ឡើយ​»។

លោក ថង​លួ​ន ស៊ី​សូលី​ត បាន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ប្រាក់ សុខុន ទៅកាន់​ប្រទេស​ឡាវ​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ចាត់ទុកថា ព័ត៌មាន​វិភាគ​បែបនេះ គឺជា​ការ​ព័ត៌មាន​មិនល្អ​ដែល​បង្កើត​ឲ្យ​មានការ​បំបែកបំបាក់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ឡាវ។

លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ក៏បាន​ប្រាប់​ទៅ​លោក​បណ្ឌិត​ខ្មែរ​ ដែល​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កុំ​វិភាគ​ឡើង​បែបនេះ វា​ធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​និង​ឡាវ​ត្រូវ​បែកបាក់។ ខ្ញុំ​គិតថា នេះ​ជាការ​បំផ្លាញ​នូវ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ឡាវ​និង​កម្ពុជា៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114