ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​នគរបាល​ក្រសួង​និង​ខេត្ត បង្ក្រាប​បាន​ក្រុម​មុខសញ្ញា​លួច ឆក់ ក្នុង​ក្រុង​សៀមរាប បាន​ចំនួន​០៧​នាក់

សៀមរាប ​៖​ កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ការ​ស្រាវជ្រាវ​ក​រ​ណី​លួច​ឆក់​មាន​ស្ថាន​ទម្ងន់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ ដែល​តែងតែ​ឆក់​និង​លួច​ទ្រព្យសម្បត្តិ ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍ ក្នុង​សៀមរាប​យ៉ាងសកម្ម​នាពេល​កន្លងមក។

ការ​បង្ក្រាប​នេះ​ ធ្វើឡើង​នៅ ថ្ងៃទី​១០​និង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ ក្នុង​ទឹកដី​សង្កាត់​គោកចក​និង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ការ​ជិះ​ល្បាត​តាម​ដងផ្លូវ​ប្រទះឃើញ​ម៉ូតូ​សង្ស័យ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ចំនួន​០២​គ្រឿង ជិះ​គ្នា​០៤​នាក់ កម្លាំង​យើង​ជិះ​ដេញ​តាម​ឃាត់ខ្លួន​បាន​ចំនួន​ម្នាក់ ឈ្មោះ អាត អ៊ិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​(​ជា​មុខសញ្ញា​សេសសល់​ក្នុងករណី​អំពើ​លួច​ឆក់​) ជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ឡើង​តែម​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ កាំ​បន្ទះ​ស គ្មាន​ស្លាក​លេខ​។

នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​២០​និង​២០​នាទី កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​នាំ​ខ្លួន​ឈ្មោះ ខន ថុង​ណេង ហៅ​តុង​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​(​ជា​មុខសញ្ញា​សេសសល់​ក្នុង​ករណី​អំពើ​លួច​ឆក់​)។ ​លុះដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បន្ត​យកបាន​ជនសង្ស័យ​សេសសល់​ក្នុង​ករណី​ចំនួន​៣​នាក់​ទៀត​ជា​មុខសញ្ញា​លួច​ឆក់​និង មុខសញ្ញា​រក្សាទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០២​នាក់​។

ទី​១.​ឈ្មោះ សឿ​ម ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ទីលំនៅ​ភូមិ​វាល សង្កាត់គោកចក ក្រុង​/​ខេត្តសៀមរាប ករណី​ឆក់​។ ទី​២.​ឈ្មោះ ឃាន វ៉ា​ឃីម ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​៨​ខែ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​(​ជា​អនីតិជន​ក្រោម​១៤​ឆ្នាំ​)​ករណី​ឆក់​។ ទី​៣.​ឈ្មោះ ហ៊ុន ចាន់​វ​ណ្ណះ​ពេជ្រ ហៅ​អា​ប៉ែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ករណី​ឆក់​។

ទី​៤.​ឈ្មោះ លឹម ហេង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្រុកកំណើត​/​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​/​ក្រុង​/​ខេត្តសៀមរាប​(​មុខសញ្ញា​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​)​។​ ទី​៥.​ឈ្មោះ ពិន សំណាង ហៅ​ណា​ង ភេទ​ប្រុស មុខរបរ​ពុំ​ពិតប្រាកដ អាយុ​២៥​ឆ្នាំ ស្រុកកំណើត​/​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​(​មុខសញ្ញា​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​)​។

ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៣​កញ្ចប់ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទូរស័ព្ទ​០៣​គ្រឿង។

បច្ចុប្បន្ន​មុខសញ្ញា​ឆក់​ចំនួន​៥​នាក់​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​។​ និង​២​នាក់​ពាក់ព័ន្ធ​សារធាតុ​ញៀន​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់​នីតិវិធី​បន្ត​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114