ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ឡាវ ឯកភាព​គ្នា​លើកកម្ពស់​ទំនាក់ទំនង​ឲ្យ​ដល់​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង

ភ្នំពេញ ៖ ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បានសម្រេច​លើកកម្ពស់​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​ឲ្យ​ដល់​កំរិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​ស្មារតី​សាមគ្គី​ភាពជា​ភាតរៈ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង សង្គម​-​វប្បធម៌​។

នេះ​បើ​យោង​តាម ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន រួមគ្នា​នា​ព្រឹក​ថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពី​ជំនួប​ចរចា​ទ្វេភាគី​ប្រមាណ​ជាង​១​ម៉ោង​រួចមក​។

នៅ​ក្នុង​សន្និសីទ​រួមគ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ឯកភាព​គ្នា លើកកម្ពស់​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដល់​កំរិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​និង​យូរអង្វែង​ក្នុង​គោលបំណង​ពង្រឹង និង ពង្រីក​ចំណងមិត្តភាព ស្មារតី​សាមគ្គី​ភាពជា​ភាត​រៈ និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស ទាំងពីរ​ក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌។ សម្តេច​បាន​ចាត់​ទុក​ថា​ នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​។ សម្តេច​បន្ត​ថា​ យើង​បាន​ប្រឹងប្រែង​ធ្វើការ​ច្រើន​ហើយ​ដើម្បី​ទទួល​មរតក​ប្រវត្តិសាស្ត្រ​ដែល​ដូនតា​យើង​នៃ​ប្រទេស​ទាំង​ពីរ​បាន បន្សល់ទុក​ក្នុង​ឋានៈ​ជា​ប្រទេសជិតខាង​ភូមិ​ផង​របង​ជា​មួយនឹង​ប្រកបដោយ​មិត្តភាព។ ការ​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ អនុញ្ញាត​ឲ្យ​យើង​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដែលមាន​ស្រាប់​និង​ពង្រឹង​នូវ​ជំនឿ​ទុកចិត្ត​រវាង​ប្រទេស​ទាំងពីរ​។

ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​ព្រាង​ឲ្យ​បាន​ឆាប់​បំផុត​នូវ​សិទ្ធិ​សញ្ញា​សី្ត​ពី​ខណ្ឌសីមា​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លើ​លទ្ធផល​ដែល​សម្រេច​បាន​ចំនួន​៨៦% នៃ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

ចំពោះ​ព្រំដែន​ដែល​នៅ​សេសសល់ ១៤​ភាគរយ​ទៀត​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​ថា​នឹង​បន្ត​ពិភាក្សា​រិះរក​ផ្លូវ​ដោះស្រាយ​បញ្ហា​ដោ​យ​សន្តិវិធី​ឲ្យ​បាន​ឆាប់​បំផុត​។ ភាគី​ទាំងពីរ​ក៏បាន ឯកភាព​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សា​គ្នា​អំពី​ការ​ដាំ​បង្គោល​ព្រំដែន​បន្ថែម​នៅ​លើ​កំណាត់ ព្រំដែន​ចំនួន​៨៦%​និង​ផលិត​ផែនទី​ព្រំដែន​ដោយ​បង្ហាញ​ពី​ខ្សែ​ព្រំដែន​ដែល​ភាគី​ទាំងពីរ​បាន​ទទួល​យក​សម្រាប់​ភ្ជាប់​ជា​ឧបសម្ពន្ធ ​នៃ​សិទ្ធិ​សញ្ញា ដូច​ពោល​ខាងលើ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នេះ​ជា​កិច្ចការ​សំខាន់​ណាស់​ដែល​មុន​នេះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ​។ ក៏ប៉ុន្តែ​ពេលនេះ​យើង​ធ្វើ​កិច្ចការ​បាន​ច្រើន​ហើយ​យើង​ព្រមព្រៀង​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ធ្វើ​សិទ្ធិ​សញ្ញា​ដើម្បី​ទទួលយក​នូវ​លទ្ធផល ៨៦ ភាគរយ​។ ជា​មួយ​នេះ​យើង​ក៏បាន​ព្រមព្រៀងគ្នា​ផង​ដែរ ​អំពី​កាដូ បង្គោល​ព្រំដែន​ដែល​បង្គោល​ព្រំដែន បច្ចុប្បន្ន​នៅ​តូច​ណាស់​វា​ហាក់​ដូច​ជា​ព្រំ​ដី​រវាង​ប្រជាជន​និង​ប្រជាជន​មិន​ស័ក្ដិ​សមជា​បង្គោល​សីមា​ព្រំដែន​រដ្ឋ​និង​រដ្ឋ​នោះទេ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរ​ធ្វើការ​គូស​ជា​ប្លង់​បង្គោល​ព្រំដែន​ដើម្បី​ដាក់​ឆ្លង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ហើយក៏​បាន​ព្រមព្រៀងគ្នា​ដើម្បី​ចែក​នូវ​ការ​ចំណាយ​ពាក់កណ្ដាល​ម្នាក់​នៃ​ការផលិត​បង្គោល​ដើម្បី​ដាក់​ជំនួស​ឲ្យ​បង្គោល​ចាស់​ដែល​បាត់បង់ និង​បន្ថែមចំនួន​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្រើនជាង​បច្ចុប្បន្ន​។ សម្តេច​បន្ត​ថា ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​មាន​រាប់រយ​គីឡូម៉ែត្រ​តែ​មាន​បង្គោល​ព្រំដែន​តែ ១២១​បង្គោល​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​បោះបង្គោល​បន្ថែម ។ ក៏ប៉ុន្តែ បង្គោល​នោះ​ក៏​ស្រប​ជាមួយនឹង​បង្គោល​ដែល​មាន​រួចស្រេច ហើយក៏​ត្រូវមាន​ការយ​ល់​ព្រម​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

នៅក្រោយ​ជំនួប​ពិភាក្សា​ចង្អៀត និង ទូលាយ​រួចមក​ភាគី​ទាំង​កម្ពុជា​-​ឡាវ​ក៏បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៦ ដែល​ក្នុង នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ថង​លួ​ន ស៊ី​សូលី​ត បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម និង ឯកសារ​៥ ទៀត​រួម មាន​៖ ១. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រ ជា​មានិត​ឡាវ (​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋ​មន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​ឯក ឧ​ត្ត​ម ខាំ​ផែង សាយ សំ​ផេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​សុខុមាលភាព​សង្គម​)​។

២. កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ​ប្រជាមានិត​ឡាវ (​ចុះហត្ថលេខា​ដោយ​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ខាំ​ម៉ា​នី អ៊ី​ន​ធី​រ៉ាត់ រដ្ឋមន្ត្រី ក្រសួង​ថាមពល និង​រ៉ែ​)។

៣. កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​ឡាវ​សម្រាប់​ការ​នាំចូល​អគ្គិសនី​អានុភាព ៥០០ មេ​ហ្គា​វ៉ា​ត់ ពី​វា​រី​អគ្គិសនី អាត់​តា​ពើ​ប្រទេស​ឡាវ (​ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាភាព​ពី​ភាគី​ឡាវ​)​។

៤.​កិច្ច​ព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៦០០ មេ​ហ្គា​វ៉ាត់ នៅ​ខេត្ត​សេកុង ប្រទេស​ឡាវ (​ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាសភាព​ពី​ភាគី​ឡាវ​)​។

៥. កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រ​វង​អគ្គិសនី​កម្ពុជា និង​ក្រុម​ហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៨០០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​សេកុង (​ភាគី​កម្ពុជា​ចុះហត្ថលេខា​ដោយ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាសភាព ពី​ភាគី​ឡាវ​)។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា យោង​ទៅ​លើ​អ្វីដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ​ព្រម​ជា​មួយ​នឹង​ហត្ថលេខា​ ដែល​មាន​ពីមុន ចំនួន​ប្រភព​អគ្គីសនី​ដែល​យើង​ទទួល​បាន​មាន​រហូតដល់ ៣១០០ មេ​ហ្គា​វ៉ា​ត់ ហើយ​នេះ​គឺជា​ទំហំ​មួយ​ដ៏​ធំ​បើ​ប្រៀប ធៀប​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​កាលពី​ពេលមុន ដែល​ទីក្រុង​ភ្នំពេញ​និង​ទូទាំង​ប្រទេស​ប្រើប្រាស់​ភ្លើង​ត្រឹមតែ ៤០ មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវ នេះ​កម្ពុជា​បាន​ឈាន​ទៅ​ទិញ​អគ្គិសនី​ពី​ឡាវ​រហូតដល់​៣១០០ មេ​ហ្គា​វ៉ា​ត់​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចាត់​ទុក​ការទិញ​ថាមពល​អគ្គិសនី ពី​ប្រទេស​ឡាវ​ជា​ប្រភេទ​ទំនិញ​មួយ​ដែល​នាំ​ចូលមក​កម្ពុជា​ដែល​នឹង​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។ ខណៈ​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ត្រឹម ១៦ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​ក្នុង​ការ​ជំរុញ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​វៀងចន្ទន៍​មក​ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ និង ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​រវាង​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​ថា ​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ភាគី​ទាំងពីរ​កម្ពុជា​និង​ឡាវ​បាន​ឯកភាព គ្នា​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ទាំង​ថ្នាក់ជាតិ និង ថ្នាក់​តំបន់ ឲ្យ​អនុវត្ត​នូវ​តួនាទី​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បំផុត​ដើម្បី​ធានា​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​និង​ដើម្បី​ធ្វើ​ឲ្យ​ព្រំដែន​កម្ពុជា​-​ឡាវ ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​និរន្តរ។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​ធ្វើ​ការ​សម្របសម្រួលនិង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារ ជាតិ​និង​សន្ដិសុខ​សាធារណៈ​ជាពិសេស​តាមរយៈ​ការពិគ្រោះ​យោបល់​ជា​ទៀងទាត់​និង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្រប់​ជាន់ថ្នាក់​កម្មវិធី​ផ្លាស់​ប្តូរ​និស្សិត ​កិច្ច​សហ​ប្រតិបត្ដិការ​កុងស៊ុល​និង​ច្បាប់​រួម​ទាំង​ក្នុង​ការងារ​ផ្ទេរ​ទណ្ឌិត និង​កិច្ច​សហប្រតិបត្ដិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ ព្រម ទាំង​បទល្មើស​ឆ្លងដែន​ដទៃ​ទៀត​ដោះស្រាយ​បញ្ហា​ឆ្លងដែន​ដែល​មាន​ដូចជា​ជំងឺឆ្លង​និង​គ្រោះមហន្តរាយ​ផ្សេងៗ​។ ភាគី​ទាំងពីរ​បាន​បញ្ជាក់​សារ ជាថ្មី​អំពី​សារៈសំខាន់​នៃ​ការ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​តាមរយៈ​កិច្ចប្រឹងប្រែង​រួម​ដើម្បី​បង្កើន​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង ប្រទេស​ទាំងពីរ​ហើយ​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង ​នេសាទ ហិរញ្ញវត្ថុ ការ​ដឹក ជញ្ជូន ទូរគមនាគមន៍ ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បច្ចេកវិទ្យា និង បរិស្ថាន​។ ភាគី​ទាំងពីរ​យល់ស្រប​គ្នា​ថា​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សង្គម​-​វប្បធម៌ ដែល​រួមមាន​សុខុមាលភាព​សង្គម អប់រំ និង​កីឡា ព័ត៌មាន វប្បធម៌ និង ទេសចរណ៍ ការ​ថែរក្សា​សុខភាព និង​យុវជន មិន​ត្រឹមតែ​ជួយ​គាំទ្រ​ដល់​ទំនាក់ទំនង​វិស័យ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​លើកកម្ពស់​ស្មារតី​មិត្តភាព​រវាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទីក្រុង​សម្ពន្ធ​មេត្រី​រវាង​រាជធានី​ភ្នំពេញ​និង​វៀងចន្ទន៍​និង​រវាង​ខេត្ត​សៀមរាប​និង​ខេត្ត​ចំប៉ា​សាក់​។ លើស​ពី​នេះ​ទៀត​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​មន្ត្រី​រៀង​ៗ​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​ធ្វើ​ការ​ជួបប្រជុំ​និង​ពិគ្រោះ​យោបល់​គ្នា ជាប្រចាំ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ជួយ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ​ដែល​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​។​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ដ​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់ ​និង ​យន្ដការ​តំបន់​ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង ជ្រោយ​និង​ប្រកបដោយ​ចីរភាព​តាមរយៈ​ការ​អនុវត្ដ​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ពិសេស​នៅក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍ​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម។

តប​តាម​ការ​អញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី១២-១៣ ខែកញ្ញា​ឆ្នាំ​២០១៩​។

លោក ថង​លុន ស៊ី​សូលី​ត ព្រមទាំង​គណៈប្រតិភូ​អម​ដំណើរ​ដែល​រួមមាន​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រី ការបរទេស​ឡាវ និង​មន្ត្រីជាន់ខ្ពស់​ដទៃ​ទៀត​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​ពី​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​លោក ថង​លួ​ន ស៊ី​សូលី​ត បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​វីរបុរស និង​វីរនារី​កម្ពុជា​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​និង​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​សម្តេច​ព្រះបាទ នរោត្តម សីហនុ (​ព្រះ​បរម​រតន​កោដ្ឋ​) អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​និង​ជា​ប្រមុខ​រដ្ឋស្តីទី និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ដោយ​ក្នុង​ឱកាស​នោះ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បានធ្វើការ​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ​និង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114