ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន​ភ្នំពេញ​ពេញចិត្ត បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់

កណ្តាល​ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ពេញចិត្ត កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦ និង ២៧ ស្ថិតក្នុង​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល។

សាកសព​ជនរងគ្រោះ​ទាំង​២​នាក់​ ខាងលើ​ឈ្មោះ ផាន់ រដ្ឋា អាយុ​២៩​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ព្រែកប្រសប់ ឃុំ​រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង (​អ្នកបើកបរ​) និង​ម្នាក់ទៀត​ជិះ​ខាងក្រោយ​រួម​ដំណើរ​ឈ្មោះ សម្បត្តិ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ជា​មួយ​គ្នា​។

ប៉ូលិស​និយាយ​ថា តាម​សាក្សី​បំភ្លឺ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​ដា ឌ្រី​ម សេ​១២៥ (​អាស​ង់​) ពាក់​ស្លាកលេខ ស្វាយរៀង​1K-4596 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​និង​បាន​ឆ្លង​ចូលក្នុង​គន្លង​កណ្តាល​ទ្រូង​ផ្លូវ​បំណង​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ម៉ាក​HYUNDAI​ពណ៌​ស​+​ក្រហម ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-6341​ ប្រភេទ​រថយន្តក្រុង ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ឯកជន(​ភ្នំពេញ ពេញចិត្ត​) ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ទិសដៅ​ផ្ទុយគ្នា​) ​តែ​វ៉ា​មិន​ផុត​បណ្តាល​ឲ្យ​រថយន្ត​នោះ​បុក​ពីក្រោយ​កិន​ស្លាប់​ភ្លាមៗ​ទាំង​២​នាក់​តែ​ម្តង ​នៅ​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏បាន​រត់គេចខ្លួន​ភ្លាម​ដែរ​ដោយ​បន្សល់ទុក​អ្នកដំណើរ​ពេញ​ក្នុង​រថយន្ត​នោះ​ច្របូកច្របល់​។

ក្រោយពេល​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ផង​ដែរ​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ និង​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ទៅ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ឯ យានយន្ត​ពាក់​ព័​ន្ធ (​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្ក​) ត្រូវបាន​ប៉ូលិស​យក​ទៅ​រក្សា​ទុកជា​បណ្តោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114