ព័ត៍មានទាន់​ហេតុការណ៏
Search

កោះហៅ​លោក សម រង្ស៊ី និង​បក្ខពួក​២​នាក់​ទៀត ចូល​សវនាការ​នៅ​ថ្ងៃ​ទី​០២​តុលា ខាងមុខ

ភ្នំពេញ​ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោក សម រង្ស៊ី និង​បក្ខពួក​២​នាក់​ទៀត ចូល​សវនាការ​នៅ​ថ្ងៃទី​០២​តុលា ខាងមុខ ទាក់ទង​សំណុំរឿង ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ នេះ​បើ​តាម​ដីកា ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​។

តាម​បើតាម​ដីកា​នោះ បាន​កោះហៅ លោក គង់ ម៉ាស់ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង​លោក កាក់ កុ​ម្ការ ហើយ​នគរបាល​យុត្តិធម៌ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ក៏បាន​យក​ដីកា​កោះហៅ​លោក​សម រង្ស៊ី និង​បក្ខ​ពួក​នេះ ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ផងដែរ​។

ចៅក្រម​ជំនុំ​ជំ​រះ​នៃ​រឿងក្ដី​នេះ គឺ​លោក​ចៅក្រម ពេជ្រ វិជ្ជាធរ និង​តំណាង​អយ្យកា​រលោក​សេង ហៀង។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល គង់ ម៉ាស់ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​កន្លងមក តាម​ប្រព័ន្ធ​ហ្វេ​ស​បុក ក្នុង​គោលបំណង​ឲ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាពចលាចល អសន្ដិសុខ​ក្នុង​ប្រទេស ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន។

សមត្ថកិច្ច​បាន​រកឃើញ​ភស្តុតាង​ទាំងនេះ​ នៅ​ក្នុង​ឯកសារ​នានា​របស់​ជន​ត្រូវ​ចោទ​ក្រោម​ការ​បញ្ជា​ពី​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង​លោក កាក់ កុ​ម្ការ ក្នុង​នោះ​តុលាការ​ក៏បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ គង់ ម៉ាស់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ផងដែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114