ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ២នាក់ ​ត្រៀម​យក​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម​ទៅ​ចែកចាយ ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​

បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​ដឹក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង រក្សា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ពេល​ទៅ​ដល់​ចំណុច​ជិត​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​ប្រទះឃើញ​មនុស្ស​ប្រុស ស្រី ២​នាក់ កំពុង​ឈរ​នៅ​កន្លែង​ទី ងងឹត​អាវុធហត្ថ​សង្ស័យ​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​ស្រាប់តែ​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១៣​ថង់ នៅក្នុង​បំពង់​ជ័រ​ពណ៌​ខៀវ ក្នុង​នោះ​មាន​៩​កូន​ថង់​តូច និង​៤​ថង់​ធំ ស្មើនឹង​ទម្ងន់​សរុប ៤៥៤,២​ក្រាម​ព្រមទាំង​ដកហូត​ទូរ​ស័ព្ទ​ចំនួន​២​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ប្រាក់​ខ្មែរ​ចំនួន​៤​ម៉ឺន​រៀល និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​នៅវេលា​ម៉ោង​៣​រ​សៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​១​ឈ្មោះ ពេក ហេន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកលក់ ២​ឈ្មោះ អ៊ី​ម សុខ​ណា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ទិញ​យកទៅ​ជក់​។

ក្រោយមក​ក៏បាន​បញ្ជូន​មក​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​បាន​ចាត់​ឲ្យ​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​ធ្វើការ​សាកសួរ​ចម្លើយ​បន្ថែម​ជន​សង្ស័យ​ឈ្មោះ ពេក​ហេន ភេទ​ប្រុស បាន​ឆ្លើយ​សារភាព​ថា កន្លងមក​ខ្លួន​បាន​រក​ស៊ីជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ជា​យូរ​មក​មក​ហើយ ​គ្រឿងញៀន​ដែល​គេ​យក​មក​លក់​បន្ត គឺ​ទិញ​ពី​ក្មេង​ជនជាតិ​ថៃ ដែល​ជា​អ្នក​កាន់​គ្រឿងញៀន​ឲ្យ​ជនជាតិ​ថៃ​ម្នាក់ទៀត​ដែល​រូបគេ​ពុំបាន​ស្គាល់​ឡើយ​។

ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ី សុខ​ណា ភេទ​ស្រី បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពុំបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​នេះ​ទេ គឺ​នាង​បានមក​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ពេក ហេន ដើម្បី​យកទៅ​ប្រើប្រាស់​តែ​ប៉ុ​ណ្ណោះ​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្ត​ទៀត​ថា តាម​ការ​ស្ដាប់​ចម្លើយសារភាពរ​បស់​ជនស​ង្ស័​យ​ទាំងពីរ​នាក់ និង​យោងតាម​ការធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ​ទាំងពីរ​នាក់ អាចធ្វើ​ការចោទប្រកាន់​ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនសង្ស័យ​ទាំង​ពីរនាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114