ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខណ្ឌ​មានជ័យ​យក​វេទិកា​សាធារណៈ​មក​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ទើប​ទទួលបាន​ជោគជ័យ

ភ្នំ​ពេ​ញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​នេះ​ បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣​ ក្រោម​អធិបតីភាព​លោក​អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​និង​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​។

ពិធី​នេះ មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ​គណៈ​អភិបាលខណ្ឌ​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រមទាំង​ប្រជាពលរដ្ឋ​ទាំង​៧​សង្កាត់​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​។

ក្នុង​អង្គ​ពិធី​ពិគ្រោះ​យោបល់​ ដែល​ជា​វេទិកា​សាធារណៈ​គឺ​គណៈអធិបតី​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​លោក​លើកឡើង​រាល់​បញ្ហា​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​ ដើម្បី​ឲ្យ​គណៈអធិបតី​មាន​វិធានការ​ដោះស្រាយ​ក្នុង​អង្គ​ពិធី​ភ្លាមៗ ព្រោះ​រឿងរ៉ាវ​ជាច្រើន​ដែល​កើតឡើង​ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ទេ​ដែល​លោក​បាន​ដឹង​ច្បាស់​។ ក្នុង​ការ​លើកឡើង​រប​ស់​ប្រជាពលរដ្ឋ​គឺ​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​បង្ក្រាប​រាល់​បទល្មើស​គ្រឿងញៀន​និង​ល្បែង​ស៊ីសង​ដែល​កន្លងមក​អាជ្ញាធរ​ខិតខំ​បង្ក្រាប​ប៉ុន្តែ​កើតឡើង​វិញ​មិន​ខុសពី​វែក​ចក​កណ្តាល​បឹង។

មានប្រសាសន៍​ឆ្លើយតប​ទៅ​និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក​ពេជ្រ​ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​ទទួលស្គាល់ថា​ បញ្ហា​នេះ​គឺ​ពិត​ជាមាន​មែន​។

លោក​បន្ត​ថា ​រាល់​បញ្ហា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​លោក​លើកឡើង​ចំពោះ​មុខ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​ស្ថិត​ក្នុង​អង្គពិធី​ទាំងមូល​ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ចុះទៅ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​លោក​រាយការណ៍​ដើម្បី​ប្រើប្រាស់​កម្លាំង​ចុះទៅ​បង្ក្រាប​ភ្លាមៗ​។ ហើយ​ពិសេស​ជាង​នេះ​ត្រូវ​រក្សា​ការ​សម្ងាត់​ជូន​ប្រជាពលរដ្ឋ​ដែល​លោក​ខិតខំ​រាយការណ៍​ផង​។

ចំពោះ​បញ្ហា​គ្រឿងញៀន​គឺ​លោក​អភិបាលខណ្ឌ​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​លោក​សហ​ការ​រាយការណ៍​ពី​សមាសភាព​អ្នក​ប្រព្រឹត្តិ​ព្រោះ​ប្រជាពលរដ្ឋ​លោក​ដឹង​ច្បាស់​ណាស់​។ អ្វីដែល​សំខាន់​នោះ​គឺ​បើសិនជា​ក្នុង​សមាជិក​គ្រួសារ​មាន​សេព​ថ្នាំញៀន​គឺ​សូម​បញ្ជូន​ទៅ​ព្យាបាល​បន្សាប​នៅ​មន្ទីរពេទ្យ​បង្អែក​របស់​រដ្ឋ​ ព្រោះ​មន្ទីរពេទ្យ​រដ្ឋ​មិន​យក​ប្រាក់​កម្រៃ​ពី​ការ​ព្យាបាល​ឡើយ​ គឺ​មាន​តែ​ការ​កោត​សរសើរ​បន្ថែម​។ ប៉ុន្តែ​បើសិនជា​មិន​ទៅ​ព្យាបាល​បន្សាប​ហើយ ​នៅ​ពេល​សមត្ថកិច្ច​ចុះ​រដ្ឋបាល​តាម​ខ្នង​ផ្ទះ​រក​ឃើញ​មាន​ផ្ទុក​សារជាតិ​ញៀន​និង​ពុំ​មាន​លិខិត​ទៅ​ព្យាបាល​បន្សាប​នោះ​ទេ​ ជន​នោះ​ឯង​ និង​ត្រូវ​ប្រឈមមុខ​ក្នុង​ផ្លូវច្បាប់​ បើ​ទោះបីជា​ពុំមាន​វត្ថុតាង​ជា​ថ្នាំញៀន​នៅ​ជាប់​និង​ខ្លួន​ក៏ដោយ​។

និយាយ​ពី​បញ្ហា​ល្បែង​ស៊ីសង​វិញ​ លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ថា ​បើសិនជា​បាន​ឃើញ​ទីតាំង​ណា​បើក​ល្បែង​ស៊ី​សង​គឺ​ត្រូវ​រាយការណ៍​មក​លោក​អភិបាលខណ្ឌ​ផ្ទាល់​ បើ​ទោះ​ជា​ទីតាំង​នោះ​ថ្នាក់​មូលដ្ឋាន​មិន​ហ៊ាន​ទៅ​បង្ក្រាប​ក៏​លោក​អភិបាលខណ្ឌ​ និង ​ធ្វើ​របាយការណ៍​ជូន​ទៅ​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​សុំ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​មិន​ទុក​ឲ្យ​កើតមាន​តទៅទៀត​។

ក្នុងឱកាស​នោះដែរ ​លោក​អភិបាលខណ្ឌ​ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ជាប់​ផ្លូវ​សូម​កុំ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​ ឬ សង់​សំយាប​ឲ្យ​សោះ​។ ព្រោះ​ប៉ះពាល់​ដល់​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​ ខ​ណៈ​ដែល​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ​យើង​សព្វថ្ងៃ​កើនឡើង​យ៉ាង​គំហុក​។​ ហើយ​បញ្ហា​ច្បាប់​ចរាចរណ៍​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ទាំងអស់​សូម​នាំគ្នា​គោរព​ច្បាប់​ទាំងអស់​ទើប​លុបបំបាត់​នូវ​ការ​គ្រោះថ្នាក់​ដល់​អាយុជីវិត៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114