ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹមថា ធនាគារ​ពិភពលោក នឹង​បន្ត​ចូល​រួម​ចំណែក​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០

ភ្នំពេញ​ ៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ថ្លែង​ថា​ធនាគារ​ពិភពលោក​បាន​ជួយឧបត្ថម្ភ ផ្តល់​ការ​គាំទ្រ​រាជ​រដ្ឋា​ភិបាល​កម្ពុជា តាមរយៈ​គម្រោង​នានា និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការ​កសាង​ជាតិ និង​អភិវឌ្ឍ​កម្ពុជា​ចាប់​តាំង​ពី​គ្រាក្រ​លំបាក​រហូត​ដល់​កម្ពុ​ជា​សម្រេចបាន​នូវ​សុខសន្តិភាព​ពេញលេញ លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព ហើយ​សង្ឃឹមថា នឹង​បន្ត​ចូលរួម​ចំណែក​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​ឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០១៩ នា​ឱកាស​ដែល​លោក អញ្ជើញ ពិធី​ប្រគល់​ទូក​ម៉ាស៊ីន​ចំនួន ១០០ គ្រឿង​ចែកជូន​ប្រជា​សហគមន៍​នេសាទ​ចំនួន ៥០ ដែល​អញ្ជើញ​មកពី​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ដែល​ពិធី​នេះ​បាន ប្រារព្វ​នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ​។

មាន​មតិ​ស្វាគមន៍ លោក​អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាបថា​វិស័យ​ជលផល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ផ្តល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ​។ ដោយ​មើល​ឃើញ​ពី​សារសំខាន់​នេះ ទើប​រាជរដ្ឋាភិបាល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភព លោក ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​ស្តីពី “​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​ដំណាក់កាល​ទី​៣” ក្នុង​នោះ​សមាសភាគ​ទី​១ របស់​គម្រោង​គឺ​ផ្តោត​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​វា​រី​សត្វ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ឱកាស​នេះ លោក​ក៏បាន​រំលេច​ពី​លទ្ធផល​ដែល​គម្រោង​សម្រេច​បាន​នា​ពេល​កន្លងមក ជាក់​ស្តែង​ការចែក​ទូក​ម៉ាស៊ីន​នា​ថ្ងៃនេះ​គឺជា​សក្ខីភាព ក្នុង​នោះ​ទូក​ម៉ាស៊ីន​ចំនួន ៥០​គ្រឿង​សម្រាប់​សហគមន៍​នេសាទ​ចំនួន​២៥ ក្នុង​ខេត្ត​ក្រចេះ និង ៥០ គ្រឿង​ទៀត​ផ្តល់ជូន​សហគមន៍​នេសាទ​ចំនួន​២៥ ក្នុង​ខេត្តស្ទឹងត្រែង​។ លើស​ពី​នេះ​សហគមន៍​នេសាទ​នឹង​ទទួលបាន​សម្ភារ​មួយឈុត និង​ថវិកា​មួយចំនួនទៀត​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ឲ្យ​មានដំណើរ​ការប្រកប​ដោយ​ប្រសិទ្ធភាព​។

នា​ឱកាស​នេះ លោក ខាន់ សំបាន ក៏បាន​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​ស្ថានភាព ភូមិសាស្ត្រ រដ្ឋបាល ការងារ​បង្កបង្កើនផល សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សក្តានុពល​នៃ​វិស័យ កសិកម្ម​សម្រាប់​ធ្វើការ​អភិវឌ្ឍ ស្ថានភាព​ការ​វិនិយោគ ជីវភាព​របស់​ប្រជាជន ការ​រីកចម្រើន​លើ គ្រប់​វិស័យ និង​ជាពិសេស​ស្ថានភាព​ទឹកជំនន់​នាពេល​បច្ចុប្បន្ន​ដែល​ខេត្តក្រចេះ​កំពុង​ជួបប្រទះ​។

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​នេសាទ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ និង​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជា​សហគមន៍​ដែល​ទទួលបាន​ទូក​ម៉ាស៊ីន​នា​ថ្ងៃនេះ​។ តាមរយៈ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​លោក​រដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួង បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ធនាគារ​ពិភព លោក​ដែល​បាន​ជួយឧបត្ថម្ភ​ទូក​ម៉ាស៊ីន​នេះ​តាមរយៈ​គម្រោង​ដូចដែល​លោក​ប្រតិភូ​រៀបរាប់​ជូន​ខាងលើ​។

លោក​បាន​បន្ត​ទៀត​ថា ធនាគារ​ពិភពលោក​បាន​ជួយឧបត្ថម្ភ ផ្តល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គម្រោង​នានា និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការ​កសាង​ជាតិ និង​អភិវឌ្ឍ​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក​រហូត​ដល់ក​ម្ពុ​ជា​សម្រេច​បាន​នូវ​សុខសន្តិភាព​ពេញលេញ លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព ហើយ​សង្ឃឹមថា WB នឹងចូលរួម​ចំណែក​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ សំដៅ​ប្រែក្លាយ​ប្រទេស​នេះ​ឲ្យ​ទៅជា​ប្រទេស​មួយ​មាន​ភាពជឿនលឿន​ប្រកបដោយ​ក្តី​សង្ឃឹម ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ឈាន​ឆ្ពោះ ទៅ​សម្រេច​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។

លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សមិទ្ធផល​របស់​គម្រោង​ដែល​សម្រេច​បាន​នា​ថ្ងៃនេះ ប្រាកដជា​បាន​មក​ដោយ​ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ សហការ​ពេញលេញ​របស់​ម្ចាស់​ជំនួយ រដ្ឋបាល​ជលផល មន្ត្រី​អនុវត្ត​គម្រោង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍ ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ក្តី​សង្ឃឹម​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​ជូន​ដល់​សហគមន៍​នេសាទ​គោលដៅ​។

ស្រប​ពេល​ដែល​បងប្អូន​ទទួលបាន​ជំនួយ​ជា​មធ្យោបាយ​ផ្លូវទឹក យើង​កំពុងតែ​ប្រ​ឈប​បញ្ហា​គ្រោះធម្មជាតិ​ទឹកជំនន់​លិច​ភូមិឋាន ផ្ទះសំបែង ស្រែចំការ សព្វ​ពាហនៈ និង​ជាពិសេស​សកម្មភាព​រស់ នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​ជាក់ស្តែង​ដែល​យើង​បានឃើញ​នាពេល នេះ ក្នុងនាម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តក្រចេះ និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​ចែករំលែក​សមាន​ទុក្ខ​លំបាក​នេះ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី​ប្រធាន​ព្រឹទ្ធសភា​។

ទាក់ទង​គម្រោង​ខាងលើ លោក​រដ្ឋមន្ត្រី​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​គម្រោង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ សហការ​ឲ្យ​បានល្អ​ជាមួយ​ម្ចាស់ជំនួយ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ ដើម្បី​អនុវត្ត​គម្រោង​កម្មវិធី​នេះ​ឲ្យ​រលូន​ប្រកបដោយ​តម្លាភាព ស័ក្តិសិទ្ធិ​ភាព ទទួលខុស ត្រូវ​ខ្ពស់​ឲ្យ​សម្រេចបាន​ជោគជ័យ​ទៅតាម​ការរំពឹងទុក និង​ជាពិសេស​នោះ​គឺ​សម្រេច​គោលដៅ​ថ្នាក់ជាតិ​ស្តីពី​កិច្ចការពារបរិស្ថាន​ជលផល ការអភិរក្ស​ជីវៈចម្រុះ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114