ព័ត៍មានទាន់​ហេតុការណ៏
Search

បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ ឆ្នាំ ២០១៩ ឈានដល់​ការប្រកួត​បិទ​ពូ​ល ដំណាក់កាល​ទី​២

កាលពី​ថ្ងៃអាទិត្យ ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ មានការ​ប្រកួត​ចំនួន ៤​គូ​ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ២០១៩ សប្តាហ៍​ទី ៩ នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ ដោយ​គិត​មក​ទល់​ពេលនេះ ការប្រកួត​នឹង​បញ្ចប់​ពូ​ល ត្រឹម​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា សប្តាហ៍​នេះ​។

សម្រាប់​ក្នុង​ពូ​ល A ក្រុម Home Sport FC បានបញ្ចប់​ការប្រកួត​ទី​៤ របស់ខ្លួន ហើយ ដោយ​ប្រកួត​ឈ្នះ ៣ និង​ចាញ់ ១ មាន ៩​ពិន្ទុ​។ ដូចនេះ​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នេះ គឺ U.Y.F.C Komchaymear, Anachak Baitong FC, Ch​ ​anteak Keyla FT និង Loading FC ដែល​ត្រូវ​ប្រកួត​។ យ៉ាងណាក៏ដោយ U.Y.F.C Komchaymear និង Home Sport នឹង​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ដោយសារ​មាន ៩​ពិន្ទុ​ដូចគ្នា ដាច់​ពី​ក្រុម​នៅក្រោម​ដែលមាន​ត្រឹមតែ ៣​ពិន្ទុ​។

សម្រាប់​ក្នុង​ពូ​ល B វិញ ក៏​ដូចគ្នា​ផងដែរ Ov Mal FC និង Down Town Sport នឹង​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយសារ​ពិន្ទុ​ដាច់​ពី​ក្រុម​នៅក្រោម​ខ្លួន​ដែលមាន​ដូចជា B.A United, Young Gun FT និង Panda FC ។

គិត​ត្រឹម​សប្តាហ៍​ទី​៩​នេះ កីឡាករ កែវ ជា​តួ មាន ៥​គ្រាប់ ក្នុង​បញ្ជី​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ តាម​ពីក្រោយ​ដោយ រស់ ស៊ី​រដ្ឋា មាន ៤​គ្រាប់ រួមជាមួយ​កីឡាករ ជា អូ​លី និង មាឃ ឆដា​រ៉ាវុធ មាន ៣​គ្រាប់។

គ្រា​ដែល​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Championship 2019 ) នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២១ ខែ តុលា ខាងមុខ​តទៅ នៅ​ប្រទេស​វៀតណាម ជឿជាក់ថា កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ហ្វូ​ត​សាល​កម្ពុជា នឹងត្រូវ​ជ្រើសរើស​ចេញពី​ក្លិប​នីមួយៗ​ខាងលើ ដែល​បាន​បង្ហាញ​សមត្ថ​ភាព​ល្អ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​នេះ​។

គួរ​រំលឹក​ថា ក្រុម​ជើងឯក​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ រដូវ​កាល ២០១៩​នេះ នឹង​ទទួលបាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់រង្វាន់ ៣០​លាន​រៀល ព្រមទាំង​កៅអី​ទៅលេង​ពានរង្វាន់ AFF Club Futsal Championship 2020 ផងដែរ ហើយ Down Town Sport គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក កាលពី​ឆ្នាំ ២០១៨៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114