ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ពង្រឹង​សមត្ថភាព​លើ​ការងារ​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​កម្ពុជា

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ ជួយ​ពង្រឹង​សមត្ថភាព​ការងារ​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ នៅ​កម្ពុជា​ដើម្បី​ឲ្យ​និស្សិត​និង​សាស្ត្រាចារ្យ​មាន​ចំណេះដឹង​លើ​ជំនាញ​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

លោក សាន វ​ឌ្ឍ​នា អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​លើ​ការងារ​ស្រាវជ្រាវ​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ពិសេស​សាកលវិទ្យាល័យ​ឯកជន​ដើម្បី​បណ្តុះ​គំនិត​លើ​ការស្រាវជ្រាវ​នេះ​ឲ្យ​ឲ្យ​កាន់តែ​ផល​ផុស​ថែមទៀត​។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​ស្តី​ពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ដុក​សាយ​ដែល​គាំទ្រ​សោយ​សហភាព​អឺរ៉ុប​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែកញ្ញា ឆ្នាំ​២០១៩ ​នៅ​ទីស្តីការ​ក្រសួង លោក សំ​អោ អង្គា​រតន៍ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​ផែនកា រ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មានប្រសាសន៍ថា​នៅពេល​និស្សិត​និង​សាស្ត្រាចារ្យ​មានចំណេះដឹង​ច្បាស់លាស់​លើ​ការងារ​ស្រាវជ្រាវ​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​បង្កើត​នូវ​អ្វីដែល​ថ្មីៗ​ថែមទៀត​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​។

លោក​បាន​បន្ត​ទៀត​ថា ​ការជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​លើ​ការងារ​ស្រាវជ្រាវ​នេះ​ដោយ សារ​តែ​បច្ចុប្បន្ននេះ​ការសិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​នៅមានកំរិត​នៅឡើយ​ទេ​ដែល​ទាមទារ​ឲ្យ​និស្សិត​និង​សាស្ត្រាចារ្យ​ត្រូវ​បង្កើន​សមត្ថភាព​លើ​ជំនាញ​នេះ​ថែមទៀត​។

លោក លី យ៉ូ​ណែ​ល ឡឺ​មី​ញ៉ា​ល់ អ្នក​សម្របសម្រួល​គម្រោង​ដុក​សាយ​របស់​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ថា ​សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​លើ​ការងារ​ស្រាវជ្រាវ​ដល់​សាកលវិទ្យាល័យ​នៅ​កម្ពុជា​បន្ត​ទៀត​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​ឲ្យ​ទទួល​បាន​ចំណេះដឹង​និង​បទពិសោធន៍​ទាក់ទិន​នឹង​ការងារ​ស្រាវជ្រាវ​នេះ​តាមរយៈ​សាស្ត្រាចារ្យ​មកពី​សហភាព​អឺរ៉ុប​និង​ការ​ទៅ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ផ្ទាល់​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន​នៅ​សហភាព​អឺរ៉ុប​ជាដើម​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​សហភាព​អឺរ៉ុប​បាន​នឹង​កំពុង​ជួយ​ពង្រឹងសមត្ថភាព​លើ​ការងារ​ស្រាវជ្រាវ​ដល់​និស្សិត​និង​សាស្ត្រាចារ្យ​នៅតាម​សាកលវិទ្យាល័យ​ចំនួន​៤​រួមមាន​សាកល​វិទ្យា​បាត់ដំបង សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114