ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup៖ អ៊ីរ៉ាក់ នឹង​ប្រកួត​មិត្តភាព ២​លើក​ជាមួយ​តួ​ក​គី ដើម្បី​ជាការ​ត្រៀមខ្លួន​

បន្ទាប់ពី​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា នៃ​ប្រទេស​អ៊ីរ៉ាក់ លោក Ahmed Riyadh និង​លោក Nihat Özdemir ប្រធានាធិបតី​របស់​ប្រទេស​តួ​ក​គី បានបង្ហាញ​លទ្ធផល​ឲ្យ​ឃើញ​ថា នឹង​មាន​ការប្រកួត​មិត្តភាព​ចំនួន​ពីរលើក រវាង​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ទាំងពីរ នៅក្នុង​ទីក្រុង Basra (​ប្រទេស​អ៊ីរ៉ាក់​) និង Gaziantep (​ប្រទេស​តួ​ក​គី​)។

​អ៊ីរ៉ាក់ ស្ថិតនៅក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 ដំណាក់កាល​ទី​២ រួមជាមួយ កម្ពុជា​, ហុងកុង​, បា​រ៉ែ​ន និង អ៊ីរ៉ង់ ដែល​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ឆ្លងកាត់​ការប្រកួត​ចំនួន ២​លើក​រួច​មក​ហើយ តែ អ៊ីរ៉ាក់ ទើបតែ​បាន ១​ប្រកួត​ប៉ុណ្ណោះ គឺ​ស្មើ​ជាមួយ បា​រ៉ែ​ន ១-១ កាលពី​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩។

អំពី​តារាង​ពិន្ទុ​ប្រចាំ​ពូ​ល C វិញ គឺ បា​រ៉ែ​ន ឈរ​កំពូល​តារាង មាន ៤​ពិន្ទុ អ៊ីរ៉ង់ ស្ថិតនៅ​លេខ ២ មាន ៣​ពិន្ទុ អ៊ីរ៉ាក់ លេខ ៣ មាន ១​ពិន្ទុ កម្ពុជា នៅ​លេខ ៤ មាន ១​ពិន្ទុ​ស្មើ​ជាមួយ ហុងកុង នៅ​លេខ ៥ បាត​តារាង។

ក្នុង​កាលវិភាគ​ប្រកួត​បន្ទាប់ គឺ​អ៊ីរ៉ាក់ នឹង​ធ្វើ​ការប្រកួត​ជាមួយ ហុងកុង នៅ​ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ នៅ​កីឡដ្ឋាន​ជាតិ​អន្តរជាតិ Basra International ដែល​ជា​លើកដំបូង​ប្រចាំ​ទសវត្សរ៍ មុន​ពួកគេ​ហោះហើរ​មក​ប្រកួត​ជាមួយ​កម្ពុជា នៅ​ថ្ងៃទី ១៥ ខែតុលា។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា កន្លងទៅ​នេះ ដោយសារ​មិន​មាន​កាលវិភាគ​ប្រកួត អ៊ីរ៉ាក់ បាន​ប្រកួត​ទល់នឹង អ៊ូ​ស​បេ​គី​ស្ថាន ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើគ្នា ១ ទល់នឹង ១។

សម្រាប់​លទ្ធផល​នៃ​ការ​ជួប​ប្រកួត​គ្នា​រវាង អ៊ីរ៉ាក់ ទល់នឹង តួ​ក​គី ក្នុង​ប្រវត្តិសាស្ត្រ គឺ នៅ​ឆ្នាំ ១៩៦៩ តួ​ក​គី ឈ្នះ ១-០ និង ឆ្នាំ ១៩៧៦ ស្មើគ្នា ០-០ ។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ទទួលបាន​ដំណឹង​អំពី​កាលបរិច្ឆេទ​នៃ​ការប្រកួត​ច្បាស់លាស់​នៅឡើយ​ទេ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114