ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់​រូបរាង​ស្អាតបាត​មិន​ខំ​រក​ការងារ​ធ្វើ​ បែកគំនិត​ជួញ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាបបាន

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​រូបរាង​ស្អាតបាត​មិន​ខិត​រក​ការងារ​ធ្វើ ​បែកគំនិត​ទៅ​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប​បាន​ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ចំណុច​អគារ​កា​ស៊ីណូ​ប៉ា​រ៉ា​មិច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កម្លាំង​អាវុធហត្ថ​ដកហូត​បាន​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១​គ្រាប់ និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៤​កូន​ថង់​តូច​ហើយ​បាន​បញ្ជូន​មក​ទី​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ធ្វើការ​សាកសួរ​ចម្លើយ និង​ធ្វើតេស្ត​ទឹកនោម​ទៅលើ​ជនសង្ស័យ​ឈ្មោះ ចាន់ លី ភេទប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​ជ្រោយ​ម្ទេស ស្រុក​ថ្មគោល ខេត្តបាត់ដំបង រស់នៅ​ក្រុង​ប៉ោយប៉ែត​មិន​ពិតប្រាកដ​។ ក្រោយពី​ធ្វើការ​សាកសួរ​ចម្លើយ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រើប្រាស់ និង​រក្សាទុក​គ្រឿងញៀន​ទុក​សម្រាប់​លក់​បន្ត​ទៀត​ផង​គ្រឿងញៀន​បាន​ទិញ​ពី​អ្នកលក់​ជនជាតិ​ថៃ​ម្នាក់​លក់​នៅក្បែរ​កា​ស៊ី​ណូ​ហ្គោល​ឌិ​ល​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​បាន​ស្ដាប់​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ និង​តាម​ការ​ធ្វើ​តេស្ត​ទឹកនោម ព្រមទាំង​មាន​ភស្តុតាង​គ្រប់គ្រាន់​ផង​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114