ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំ​ខ្លួន​ឃាតក​ជា​ប្ដី​ ដែល​សម្លាប់​ប្រពន្ធ​ រួច​ចាក់​សាំង​ដុត​ផ្ទះ​បន្លំ​ភ្នែក​មហាជន

កណ្ដាល ​៖​ លោក ហេង ផល្លា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៩ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ប្តី​ដែល​ច្របាច់​.​ក សម្លាប់​ប្រពន្ធ រួច​ចាក់​សាំង​ដុត​ផ្ទះ​ចោល​បន្លំ​ភ្នែក​មហាជន ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ។នេះ​បើ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្ដាល។

ជន​ត្រូវ​ចោទ​ ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ វ៉េង វីរៈ ហៅ់​លាក់ អាយុ​៣០​ឆ្នាំ មាន​មុខរបរ​ជាជាង​ផ្សារ​ដែក រស់នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល។ អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៖៤០​នាទី​នៅផ្ទះ​កើតហេតុ​តែម្ដង ប៉ុន្តែ​ឃាតក​ជា​ប្ដី សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ប៉ុណ្ណោះ គឺ​ក្រោយពី​ចេញពី​មន្ទីរពេទ្យ​វិញ។

ជនរងគ្រោះ​ដែល​ប្ដី​កំណាច​សម្លាប់​ឈ្មោះ ហាន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី បាន​ស្លាប់​នៅក្នុង​ផ្ទះ​កន្លែង​កើតហេតុ។

ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​អោយ​ដឹង​ថា នៅមុន​ពេល​កើតហេតុ ឈ្មោះ​វ៉េង វីរៈ ជា​ប្តី​ និង​ឈ្មោះ ហាន ស្រីមុំ ជា​ប្រពន្ធ បាន​ដេក​នៅក្នុង​បន្ទប់​ឡៅតឿ ក្នុងផ្ទះ​ដូច​រាល់ដង ​លុះដល់​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​ទៀបភ្លឺ ក៏​ស្រាប់​តែ​មាន​ភ្លើង​ ឆាបឆេះ​ក្នុង​បន្ទប់ កន្លែងដេក​របស់​ជន​រងគ្រោះ បណ្តាល​ឲ្យ​ឈ្មោះ ហាន ស្រីមុំ ស្លាប់​នៅ​កន្លែងដេក ​និង​ឈ្មោះ វ៉េង វីរៈ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។

ពេលនោះ​មាន​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​ជិតខាង​ បាននាំគ្នា​មកជួយ​ពន្លត់​ភ្លើង ​ដែល​កំពុង​ឆេះ បាន​រលត់​ទៅវិញ។ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែង​​កើតហេតុ ជួយ​អន្តរាគមន៍ ​និង​ពន្លត់ភ្លើង។

ករណីនេះ​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត និង នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ដ្រ បាន ចុះ​ពិនិត្យ​សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក​ស្អាង។ ផ្អែក​តាម​លទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និង​ការតស៊ូ​ស្ដាប់​ចម្លើយ​ដោយមាន ការសម្របសម្រួល ដឹកនាំ​នីតិវិធី ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ស្អាង ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេកទេស វិទ្យាសាស្ត្រ បាន​ឈានដល់​កំណត់ មុខសញ្ញា​គឺជា​ប្ដី​ជនរងគ្រោះ​តែម្ដង​ដែលជា​ឃាតក តែ​ដោយ​មូលហេតុ​ជនសង្ស័យ រងរបួស​ដោយសារ​ភ្លើង​ឆាបឆេះ​ត្រូវ​សង្គ្រោះ​បន្ទាន់ ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ លុះ​មកដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​អាការៈ​ធូរស្បើយ ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទើប​សមត្ថកិច្ច ឈាន​ដល់​ការ នាំ​ខ្លួន មក​សាកសួរ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ជនសង្ស័យ​ក៏បាន​យល់ព្រម​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ដូច​ខាង​ក្រោម ៖

នៅ​មុន​ពេល​សម្លាប់​ប្រពន្ធ ប្រហែល បី​ទៅ​បួន​ថ្ងៃ ជនសង្ស័យ​មិន​ទៅ​ធ្វើ​ការ​ទេ ប្រពន្ធ​ក៏​ខឹង​គំរាម​សុំ​លែងលះ ដោយ​បាន​និយាយថា ​អស់ចិត្ត​ជាមួយ។ លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​មិន​ទៅ​ធ្វើ​ការ​ទេ បាន​ទៅ​ផឹក​កាហ្វេ​មើល​មាន់​ជល់ តាម​ទូរទស្សន៍ រហូតដល់​ម៉ោង​៥​ល្ងាច​ក៏​ជិះ​ម៉ូតូ​ម៉ាក ហុងដា​វេ​វ ត្រឡប់មកផ្ទះ​វិញ ដាំបាយ។ លុះដល់​ម៉ោង​ប្រហែល ៦​ជាង​ល្ងាច ប្រពន្ធ​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​រោងចក្រ​វិញ ទិញ​ម្ហូប​ឆ្អិន​ស្រាប់​មកជា​មួយ បាននាំគ្នា​ហូបបាយ បន្ទាប់មក​ជនរងគ្រោះ​បាន​ចូលទៅ​ងូតទឹក រួច​ឡើងទៅ​បន្ទប់​ឡៅតឿ។

ចំណែក​ជនសង្ស័យ​នៅ​ខាងក្រោម​ដេក​មើល ហ្វេ​ស​ប៊ុ​ក រហូតដល់​ម៉ោង ប្រហែល​៩​ជាង​យប់ ក៏​ឡើងទៅ​បន្ទប់​ឡៅតឿ​ដេក​ជាមួយ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ស្លៀក​រ៉ូ​ប​ដេក​យប់ មិន​ចាំ​ពណ៌​កំពុង​ចុច​មើល​ទូរស័ព្ទ ខណៈ​ជនសង្ស័យ​មើល​រឿង​ចិន​តាម​ទូរស័ព្ទ។ បន្ទាប់មក​ជនរងគ្រោះ​បាន​រអ៊ូ សុំ​ជនសង្ស័យ​លែងលះគ្នា​ដោយ​បបួល​ទៅ​ផ្ដិតមេដៃ​នៅផ្ទះ​មេភូមិ តែ​ជនសង្ស័យ​បដិសេធ​មិន​ព្រម​ក៏​ទាស់សំដី​គ្នា​រហូត​ឈានដល់​ជនសង្ស័យ​ងើប​ទៅ​សង្កត់​ជនរងគ្រោះ​ពីលើ ច្របាច់ក រហូតដល់​ស្លាប់​តែម្ដង រួច​ជនសង្ស័យ​ប្ដូរ​សម្លៀកបំពាក់​ជនរ​ង​គ្រោះ និង​ដាក់​ឲ្យ​ដេក​លើ​ពូក​ដោយបាន​យក​ភួយ​និង​ខោអាវ គរ​គ្របពីលើ បន្ទាប់មក​ចុះមក​ក្រោម កាត់​ទុយោ​សាំង​ម៉ូតូ​ដាក់​ដប​ទឹក​សុទ្ធ បាន​ប្រហែល​ជាង កន្លះ​លីត្រ​យកទៅ​ជះ ក្នុង​បន្ទប់​ខាងក្រោម​រួច ឡើងទៅ​ជះ​ស្រោច​ជញ្ជាំង បន្ទប់​ឡៅតឿ រួច​ទាញ​អាវយឺត​ពាក់​ចុះមក​បន្ទប់​ខាងក្រោម​វិញ​កេះ ដែកកេះ​ដុត​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ រាល​រលាក​ទាំង​ខ្លួនឯង​ផង​ទៀត ទើប​ជនសង្ស័យ​ដោះអាវ​យឺត​ចេញ រួច​ស្ទុះ​បើក​គន្លឹះ​ទ្វារផ្ទះ​រត់ចេញ​ទៅ​លោតទឹក​ទន្លេ​ខាងលិច​ផ្ទះ​បណ្ដែត​ខ្លួន​ចម្ងាយ​ប្រហែល​ជាង​១.០០០​ម៉ែត្រ​ក៏​ឡើងគោក ឃើញ​កង់​គេ​ទុកចោល​ទាញ​ជិះ​ទៅផ្ទះ​ឪពុក​បង្កើត​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រហូតដល់​ថ្ងៃ​ចេញពី​មន្ទីរពេទ្យ​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114