ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ព្រះបរម​រាជវាំង​ប្រកាស​ថ្កោលទោស និង​ថា លោក សម រង្សី មាន​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ

ភ្នំពេញ ​៖ ក្រសួងព្រះបរមរាជវាំង បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​លោក សម រង្ស៊ី ហើយ​ថា លោក សម រង្សី មាន​ចរិត​ជា​ជន​ក្បត់ជាតិ ​​ដែល​តែង​​​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងព្រះបរមរាជវាំង ចុះ​ថ្ងៃទី​១៣ ខែកញ្ញា បាន​បញ្ជាក់ថា លោក សម រង្ស៊ី បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក មួង ណា​រ៉េត នៃ​វេទិកា​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ប្រើ​ពាក្យ​អសុរោះ​​ធ្ងន់ៗ​មកលើ​ព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា គោរព​ស្រឡាញ់​ស្មើ​ជីវិត។

ក្រសួងព្រះបរមរាជវាំង “​សូម​ប្រកាស​ដាច់អហង្កា​ថ្កោលទោស​ចំពោះ​លោក សម រង្សី ដែលមាន​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​រិរន្តរភាព​ជាតិ។ អាស្រ័យ​លើ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ សង្គមជាតិ​កម្ពុជា កំពុង​ទទួលបាន​សេចក្តីសុខ សន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

សូមបញ្ជាក់ថា នៅ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ទណ្ឌិត សម រង្ស៊ី បាន​និយាយថា “​អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បីតែ​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន​។ ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រាជបល្ល័ង្ក​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃនេះ​បានទេ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114