ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​យុត្តិធម៌ ​ចេញ​អធិបញ្ជា​អោយ​ព្រះរាជអាជ្ញា​ចាត់ការ​លោក​សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

ភ្នំពេញ ​៖​ នា​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចេញ​អធិបញ្ជា ​អោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​អង្គ​ព្រះមហាក្សត្រ​​​នៃ​យើង។

លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​យុត្តិធម៌ ដែល​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ៖ ឈ្មោះ​ដម រង្ស៊ី បានផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នា​យប់​ថ្ងៃទី ១២​កញ្ញា ឆ្នាំ​២០១៩ ដែលមាន​ខ្លឹមសារ​ថា « ..​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់​ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រាជបល្ល័ង្ក​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់លោក​ហ៊ុន សែន ដូច​សព្វថ្ងៃ​ទេ​បាទ»។

ពាក្យសំដី​របស់លោក​ស​ម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ ធ្វើអោយប៉ះពាល់​ដល់​ព្រះ​កិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះរាជណាចក្រ​កម្ពុជា​គោរព​ស្រលាញ់​ស្មើ​ជីវិត។

ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​អង្គ​ប្រះ​មហាក្សត្រ​ខាងលើនេះ គឺជា​ទង្វើ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទង្វើ​នេះ​ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ ដែលមាន​ចែង និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៣៧ ស្ទួន​នៃ​ក្រម​ព្រហ្មទណ្ឌ។

យោងតាម​មាត្រា​២៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​យុត្តិធម៌ សូម​លោក​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​ដោយ​តឹងរ៉ឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ខាងលើ ដោយ​អនុវត្ត​ស្របតាម​នីតិវិធី​ជា​ធរមាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114