ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត! ភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​រឿង​”​វាល​ប្រមាញ់​” ដែល​ចាយ​លុយ​ជាង​១​លាន​ដុល្លារ​ប្រកាស​ចាក់​បញ្ចាំង​ផ្លូវការ

ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ ដែល​ដឹកនាំ​សម្ដែង​ដោយ​ផលិតករ​មកពី​បរទេស ហើយ​មានការ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​មកពី​ក្រៅប្រទេស ​គឺ​រឿង​«​វាល​ប្រមាញ់​» បាន​ចំណាយ​ដើម​ផលិត​រហូតដល់​ជាង​១​លាន​ដុល្លារ ដែល​នេះ​គឺជា​ការចំណាយ​ដ៏​ច្រើន​លើសលប់​សម្រាប់​ភាពយន្ត​ខ្មែរ​។​នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ផលិតករ​។

ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​កញ្ញា លោក ជី​មី ហេន​ឌ័​រ​សុន​(Jimmy Henderson) អ្នកដឹកនាំ​សម្ដែង ដែល​ធ្លាប់​ចូលរួម​ផលិតភាព​យន្ត​រឿង Jailbreak បាន​អះអាង និង​បង្ហាញ​ពី​ការ​រំពឹងថា ​ភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ខ្ពស់​ដោយសារតែ​រឿង​”​វាល​ប្រមាញ់ ឬ The Prey” បាន​ប្រើ​ទុន​ដល់​ជាង​១​លាន​ដុល្លារ ហើយ​តារា​សម្ដែង​នៅក្នុង​រឿងនេះ មិនមែន​សុទ្ធតែ​តារា​ខ្មែរ​នោះទេ គឺមាន​តារា​ថៃ និង​តារា​ជនជាតិ​ចិន​មួយរូប ជា​តួឯក​ផង។

លោក​បន្តថា​ មួយ​រឿងនេះ ថត​នៅ​ស្រុក​ខ្មែរ​ទាំងអស់ ហើយ​ឈុត​ឆាក​ក្នុង​រឿង​ទាំងមូល គឺ​ពោរពេញ​ដោយ​ឈុត​ឆាក​បាញ់ប្រហារ និង​វាយតប់ អមដោយ​ការ​ផ្សងព្រេង​ក្នុងព្រៃ​។ រឿងនេះ ក៏​ពោរពេញ​ដោយ​ផល​លំបាក​ផងដែរ ដោយសារតែ​តួអង្គ​សំខាន់ៗ នៃ​ប្រទេស​ទាំង​៣ និយាយ​ភាសា​ខុសគ្នា ហើយ​ក្នុង​ឈុត​ឆាក​មួយចំនួន គឺ​តួឯក​ស្រី​កញ្ញា ឌី សូ​នី​តា ត្រូវ​និយាយ​ភាសា​ចិន​ឆ្លងឆ្លើយ​ជាមួយ​តួឯក​ប្រុស​ដែលជា​ជនជាតិ​ចិន​។

លោក ជី​មី ហេន​ឌ័​រ​សុន បញ្ជាក់ទៀតថា​ភាពយន្ត​នេះ ពោរពេញ​ដោយ​ឈុត​ឆាក Action ដ៏​ជក់ចិត្ត ដោយ​ឈុត​ឆាក​រឿង​គឺ​យក​លំនាំ​តាម The Most Dangerous Game របស់លោក Rechard Connell​។​នេះ​ជា​ភាពយន្ត​ខ្មែរ​កម្រិត​អន្តរជាតិ​ដែល​ផលិត​ក្នុងស្រុក បើទោះជា​អ្នក​ផលិត​ពិតប្រាកដ​គឺជា​ជនជាតិ​បរទេស​។ ការប្រកាស​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ១៩ ខែកញ្ញា ជា​ផ្លូវការ​នេះ គឺ​បន្ទាប់ពី​យកទៅ​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង និង​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ហើយ​ធ្វើ​ឲ្យ​ជនបរទេស​ទទួល​ស្គាល់​។

សូមបញ្ជាក់ថា​ រឿងនេះ​ជា​ភាពយន្ត​និយាយ​ពី ពួក​ព្រៃ​ចាប់​អ្នក​ចូល​ទៅដល់​ដាក់គុក ហើយ​តម្រូវ​ឲ្យ​បុរស​ជាប់​ពន្ធ​ធនាគារ​ម្នាក់ ដែល​ជា​ភ្នាក់ងារ​សម្ងាត់​ជនជាតិ​ចិន សម្ដែង​ដោយ​លោក Gu Sangwei តស៊ូ​ប្រយុទ្ធ ដើម្បី​សេរីភាព និង​ជីវិត​របស់​ខ្លួន​។​ ភាពយន្ត «​វាល​ប្រមាញ់​» នាំមក​ជូន​ដោយ Prince Social Marketing និង Altered Vision Films សហការ​ជាមួយ Kongchak Pictures និង​គាំទ្រ​ដោយ Hard Rock Cafe Phnom Penh, Prince Bank Plc ព្រមទាំង Major Cineplex Cambodia ដោយមាន​ដៃគូ​ផ្សព្វផ្សាយ​ពី TV5 Intertainment News៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114