ព័ត៍មានទាន់​ហេតុការណ៏
Search

មហាអំណាច​អឺរ៉ុប​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ UN

ប្រទេស​មហាអំណាច​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​សហការ​ជាមួយ​ក្រុម​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ​របស់ UN គឺ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​បាន​ព្រមាន​ថា សម្ពាធ​ដែល​មិនអាច​ទទួលយកបាន​ពី​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​សកម្មភាព​របស់​ទីភ្នាក់ងារ​នេះ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់​និង​ប្រធាន​គោលនយោបាយ​ការបរទេស​របស់ EU លោកស្រី Federica Mogherini បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​សហការ​ជាមួយ IAEA លើ​រាល់​បញ្ហា​ពាក់ព័ន្ធ​រួមទាំង​បញ្ហា​ការពារ​ខ្លួន​ផងដែរ។

ប្រទេស​ហត្ថលេខី​អឺរ៉ុប​ទាំង​បួន​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​និយាយថា ពួកគេ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​របស់ IAEA ដែល​បង្ហាញថា អ៊ីរ៉ង់​កំពុង​តម្លើង​ម៉ាស៊ីន​បំបែក​ធាតុ​វី​លីន​ដ៏​ទំនើប​។​

ដោយ​សម្តែង​ការភ័យខ្លាច​ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាន់តែ​អន្តរាយ​នោះ ពួកគេ​បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​សកម្មភាព​ដែល​មិន​ស៊ីគ្នា​នឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ឆ្នាំមុន​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ស្ថិតក្នុង​គ្រោះថ្នាក់​។​

មហាអំណាច​អ៊ឺរ៉ុប​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នេះ​និង​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​នេះ។

ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​ថា​កំពុង​ដាក់​សម្ពាធ​ហួសហេតុ​ទៅលើ IAEA ឲ្យ​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​និង​បាន​ព្រមាន​ថា វា​អាច​ជាការ​ប្រឆាំងនឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​ជាមួយ​ទីភ្នាក់ងារ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114