ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​ថៃ​ ត្រូវបាន​អនុញ្ញាត​ឲ្យ​ដាំ​កញ្ឆា​៦​ដើម​ក្នុង​មួយ​គ្រួសារ​ក្រោម​សេចក្តីព្រាងច្បាប់​ថ្មី

គណបក្ស​មួយ​នៅក្នុង​សម្ព័ន្ធភាព​កំពុងកាន់​អំណាច​របស់​ប្រទេស​ថៃ​បានស្នើ​ឡើង​នូវ​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ​អាច​ដាំ​កញ្ឆា​នៅតាម​ផ្ទះ​បាន​។ រឿងនេះ​បានកើត​ឡើង​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​បន្ទាប់ពី​ប្រទេស​នេះ​បានចាត់ទុក​ការប្រើប្រាស់​កញ្ឆា​សម្រាប់​គោលបំណង​ឱសថ​និង​ការស្រាវជ្រាវ​គឺជា​រឿង​ស្របច្បាប់​។​

យោងតាម​ច្បាប់​គ្រឿងញៀន​នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​ថៃ អ្នកប្រើប្រាស់​កញ្ឆា​សម្រាប់​ការជក់​កម្សាន្ត​អាច​ទទួល​ការពិន័យ​យ៉ាង​តឹងរ៉ឹង​ដោយ​រួមទាំង​ការជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​សម្រាប់​ការកាន់កាប់​និង​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​ផងដែរ​។​

សមាជិកសភា​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​គណ​បក្ស Bhumjaithai ដែលជា​ដៃគូ​ធំ​ទី​៣​នៅក្នុង​សម្ព័ន្ធភាព​និង​ទទួលបន្ទុក​ក្រសួងសុខាភិបាល​បាន​និយាយថា សេចក្តីព្រាងច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​រុក្ខជាតិ​កញ្ឆា​រហូតដល់​ទៅ​៦​ដើម​ក្នុង​មួយ​គ្រួសារ​។ ទោះបីជា​យ៉ាងណាក៏ដោយ កញ្ឆា​នៅតែ​ជា​គ្រឿងញៀន​ស្ថិតក្រោម​ច្បាប់​របស់​ថៃ​។​

លោក Supachai Jaisamut បាន​ប្រាប់​រ៉​យ​ទ័​រថា “​គោលការណ៍​គឺ​សម្រាប់​ការប្រើប្រាស់​ផ្នែក​វេជ្ជសាស្ត្រ អ្នក​អាចមាន​វា​នៅផ្ទះ​សម្រាប់​ព្យាបាល​ជំងឺ​ប៉ុន្តែ​កុំ​ជក់​វា​នៅតាម​ផ្លូវ​ឲ្យ​សោះ​”​។​

លោក Supachai បាន​និយាយថា វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​លក់​រុក្ខជាតិ​នេះ​ទៅ​ស្ថាប័ន​ដែលមាន​អាជ្ញាប័ណ្ណ​ក្រោម​ការត្រួតពិនិត្យ​របស់​វិទ្យាស្ថាន​សម្រាប់​គោលបំណង​នោះ​ផងដែរ​។​

លោក​បាន​បន្តថា ច្បាប់​នេះ​អាច​ត្រូវ​បានអនុម័ត​ក្នុង​រយៈពេល​៦​ខែ​បន្ទាប់ពី​ខែវិច្ឆិកា​នៅពេលដែល​សភា​បើក​ដំណើរការ​ឡើងវិញ​ប្រសិនបើ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​។​

សំណើ​នេះ​គឺ​ធ្វើតាម​ការសន្យា​អំឡុង​ការបោះឆ្នោត​របស់​គណបក្ស Bhumjaithai ដែល​បានធ្វើ​យុទ្ធនាការ​លើ​គោលនយោបាយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ​ដាំ​កញ្ឆា​។ ក្រុម​អ្នកគាំទ្រ​បាន​និយាយថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​កញ្ឆា​វេជ្ជសាស្ត្រ​ស្របច្បាប់​ថ្មី​របស់​ប្រទេស​ថៃ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114