ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​បីនាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​បុក​ម៉ូតូ​ នៅលើ​ផ្លូវជាតិ​លេខ​៣

កំពត ៖ មនុស្ស​បីនាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្ត​កំពត​។

លោក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ រវាង​រថយន្ត​ និង​ម៉ូតូ ដែល​ធ្វើ​ឲ្យ​មនុស្ស​បីនាក់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​រហូតដល់​ពេល​រសៀល​ថ្ងៃ​ដដែល សាវតារ​របស់​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ខណៈ​នោះ​ សព ​ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​កន្លែងកើតហេតុ។

លោក​អធិការ​បានបញ្ជាក់​ទៀតថា គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាម​យ៉ុង​មួយ​គ្រឿង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0823 បាន​បុក​ម៉ូតូ​ម៉ាក អ៊ិច​សិន​ធ័​រ ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ពេញទំហឹង លើ​ដង​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១១៩ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ទង​ទង់ ក្នុងទិសដៅ​បញ្ច្រាស​ទិស​គ្នា​។ ​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ឈ្មោះ នៃ ដា​រ៉ា ហៅ ង៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​កំពង់​រៀប ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ​ដោយឡែក​សព​ជនរងគ្រោះ ត្រូវបាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114