ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​៖​ ការពិនិត្យ​ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​គោល​ការណ៍​ទាំង​៤​ នៃ​ការ​ប្រឡង​

ភ្នំពេញ​ ៖ ​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ការពិនិត្យ​ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​នេះ គឺជា​ការបង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​ទាំង​៤​ នៃ​ការ​ប្រឡង គឺ​គោល​ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​មួយ​ស្ដីពី​ការពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩ សីហា ២០១៩។

កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ថ្នាក់ដឹកនាំ នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។

អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យន្តការ នីតិវិធី និង​វិធានការ​នានា​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​ក្នុង​ដំណើរការ​ប្រឡង​នូវ​គ្រប់​ដំណាក់កាល​ទាំងអស់ (​ដំណាក់កាល​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ប្រកាស​លទ្ធផល​)។

អង្គប្រជុំ​បានសម្រេច​អនុញ្ញាត​ឲ្យ​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​បេក្ខជន ចាប់ផ្ដើម​ពិនិត្យ​ពាក្យ​តវ៉ា ​និង​អនុវត្ត​តាម​បំណែង​ចែក​ភារកិច្ច​។

ការសម្រេច​បង្កើត​គណៈ​កម្ម​ការពិនិត្យ​និង​ដោះស្រាយ​ការតវ៉ា​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​បេក្ខជន​មួយ​ចំនួន​បាន​ធ្វើកា​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ដោយមាន​បេក្ខជន​ខ្លះ​តវ៉ា​ឲ្យ​ក្រសួង​អប់រំ​សើរើ​លទ្ធផល​ប្រឡង​ឡើងវិញ​ និង​បេក្ខជន​ខ្លះទៀត​ចង់​ឲ្យ​ក្រសួង​ពិនិត្យឡើងវិញ​នូវ​មុខវិជ្ជា​មួយ​ចំនួន​ដែល​ពួកគេ​ទទួលបាន​និទ្ទេស​មិនសូវ​ល្អ​ដូចជា​គណិតវិទ្យា ភាសា​ខ្មែរ​ និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ជា​ដើម​។

យុវជន ពេ​ជ ភូ​រ៉ា​ពង្ស បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ភ្នំពេញ​ថ្មី​ ប្រឡង​ជាប់​ដោយ​ទទួល​បាន​និទ្ទេស​រួម​ប៊ី​ ជា​បេក្ខជន​ម្នាក់ ​ក្នុងចំណោម​បេក្ខជន​ដែល​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ នៃ​ការ​ប្រឡង​បានបង្ហាញ​ការ​គាំទ្រ នឹង​សប្បាយចិត្ត​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះ ស្រាយ​ការ​តវ៉ា​នេះ​។ ប៉ុន្តែ​ប្អូនប្រុស​ស្នើ​ឲ្យ​បង្ហាញ​ដល់​បេក្ខជន​ថា គណៈកម្មការ​នេះ​ធ្វើការ​លើ​អ្វីខ្លះ​និង​ឲ្យ​មាន​តម្លាភាព​កម្រិត​ណា​ បើទោះបីជា​ការពិនិត្យ​ឡើងវិញ​នេះ ពិន្ទុ​ប្អូនប្រុស​ត្រូវ​ធ្លាក់​ ឬ​កើន​ឡើង​ក៏ដោយ ក៏​ប្អូន​ទទួលយក​ដែរ។

បេក្ខជន​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ​ប្អូន​បានដាក់​ពាក្យ​ទៅ​ក្រសួង​រួចហើយ​ឲ្យ​ជួយ​ពិនិត្យឡើងវិញ​លើ មុខវិជ្ជា ភាសា​ខ្មែរ​និង គណិតវិទ្យា​ដែល​ប្អូន រំពឹង​ថា ​ទទួលបាន និទ្ទេស​ល្អ​តែ​បែរ ជា​បាន​និទ្ទេស ស៊ី​ទៅ​វិញ ហើយ​បើ​មុខវិជ្ជា​ទាំងពីរ​នេះ​បាន​ពិន្ទុ​ខ្ពស់ ​ប្អូន​នឹង​ទទួលបាន​និទ្ទេស​អេ​។

ចំណែក​ប្អូនស្រី​សោម សុខ​លក្ខិណា មកពី​វិទ្យាល័យ​បាក់​ទូក​ប្រឡង​ធ្លាក់​បាក់​ឌុប​បានស្នើ​ឲ្យ​ក្រសួង​អប់រំ​សើរើ​លទ្ធផល​ប្រឡង​របស់​បេក្ខជន​ឡើងវិញ​ព្រោះថា​ប្អូន​បាន​ខិតខំ​ធ្វើ​ត្រូវ​ច្រើន​ដែរ​ តែ​បែរជា​ធ្លាក់​ទៅវិញ​។

គួរ​បញ្ជាក់ថា​ លទ្ធផល​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៩-១០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៧៩,០៥២​នាក់ ស្មើនឹង​៦៨.៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន​៤៤៣​នាក់​, ជាប់​និទ្ទេស B ចំនួន​២៤៣០​នាក់​, ជាប់​និទ្ទេស C ចំនួន​៥៨៤៧​នាក់​, ជាប់​និទ្ទេស D ចំនួន ១៤១០០​នាក់ និង​ និទ្ទេស E ចំនួន​៥៦២៣២​នាក់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114