ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​នឹង​អនុវត្ត​ការ​ចុះ​បញ្ជិកា​ឱសថ​ និង​គ្រឿង​សំអាង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​នៅ​ខែ​វិច្ឆិកា​ខាងមុខ​

ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល ​នឹង​ចាប់ផ្ដើម​អនុវត្ត​ការចុះ​បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ ​និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នា​ខែវិច្ឆិកា​ខាងមុខនេះ ​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ចុះ​បញ្ជិកា​ឲ្យ​បាន​លឿន​ជាង​មុន​ឈានទៅដល់​ការគ្រប់គ្រង​ឱសថ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​កម្ពុ​ជាថ្មី​ទើបតែ​ទទួល​បាន​កាលពី​ថ្ងៃទី​១៤ ​ខែកញ្ញា​ឆ្នាំ​២០១៩​ បាន​ណែនាំ​ដល់​អគ្គនាយក​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ​ឱសថ​ និង​គ្រឿង​សំអាង ​ក៏ដូចជា​សាធារណជន​ឲ្យ​បាន​ជ្រាបថា​ ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ ផលិត​ផល​បំប៉ន​សុខភាព ប្រតិករ បរិក្ខារ​ពេទ្យ គ្រឿង​សំអាង​ផលិតផល​ចំណីអាហារ ផលិតផល​ប្រើប្រាស់​ក្រៅ​ខ្លួន វត្ថុធាតុដើម សម្ភារ​វេច​ខ្ចប់​ និង​វត្ថុ​ផ្សំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​នោះ​ ក្រសួង​សុខាភិបាល​ នឹង​អនុវត្ត​ការ​នាំ​ចូល​នាំចេញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចាប់ពី​ថ្ងៃទី​០១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​តទៅ ​គោលបំណង​ដើម្បី​ធានាបាន​នូវ​តម្លាភាព​ជូន​អតិថិជន និង​ប្រសិទ្ធភាព នៃ​ការ​ចុះ​ទិដ្ឋាការ បញ្ជិកា និង​ប្រវេទន៍​។​ បង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការផ្តល់សេវា ជូន​អតិ​ថិជន​។ ​ផ្តល់ព័ត៌មាន​ត្រឡប់​ដល់​អតិថិជន​បាន​ទាន់ពេលវេលា​។​ កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​របស់​អតិថិជន​។​ គ្រប់​ឯកសារ​ទាំងអស់​របស់​អតិថិជន ត្រូវបាន​រក្សាទុក​ជា​កា​រ​សម្ងាត់ និង​មាន​សុវត្ថិភាព​ខ្ពស់ ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ឱសថ និង​អតិថិជន​អាច​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​។

ក្រសួងសុខាភិបាល ​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​០១​ ខែសីហា ​ឆ្នាំ​២០១៩​ កន្លងទៅនេះ។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​មានប្រសាសន៍ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​នា​ពេល​នេះ គឺ​ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវា​សុខាភិបាល​ក្នុង​ប្រទេស ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា ហៅថា CamPORS ក៏​ជា​កំណែទម្រង់​មួយ​ដ៏​មាន​សារៈសំខាន់​ និង​ជា​ប្រវត្តិសាស្ត្រ ​នៃ​វិស័យ​សុខាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ផង​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បន្តថា​ ក្រសួងសុខាភិបាល ​បាន​និង​កំពុង​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​បំផុត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដោយ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ​២០១៦-២០២០ រួមទាំង​ផែនការ អនុវត្ត​រួមគ្នា​រវាង​ក្រសួងមហាផ្ទៃ និង ក្រសួងសុខាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ​ ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធ​ប្រឆាំង​ឱសថ និង​គ្រឿងសម្អាង ក្លែងក្លាយ និង​អន់​គុណភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​សហការ​ជាមួយ ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ក្នុងការ​ចុះបង្ក្រាប​ករណី ចែកចាយ ឬ​លក់​ផលិត​ផល​ឱសថ និង​គ្រឿងសម្អាង​ខុសច្បាប់​ការប្រយុទ្ធប្រឆាំង​ការ​លក់​ឱសថ online ដែល​ជា​ផលិតផល​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​ការ​ទទួល​ស្គាល់​ពី ក្រសួងសុខាភិបាល ឬ​ក្លែងក្លាយ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ការ​ប្រើ​ប្រព័ន្ធ​អន​ឡាញ CamPORS និង QR Code ដើម្បី​ងាយ​ស្រួល​ក្នុងការ​ត្រួតពិនិត្យ​ និង​កិច្ចការ​ជាច្រើន​ទៀត។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​ការងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​អន​ឡាញ CamPORS នេះ បាន​លើកឡើងថា ​ប្រព័ន្ធ​នេះ​ នឹង​ជួយ​កាត់បន្ថយ​បាន​នូវ​ការ​ចំណាយ​ធុរកិច្ច​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ធានា​បាន​នូវ​តម្លាភាព គណនេយ្យ​ភាព ប្រសិទ្ធភាព បង្ក​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស អាច​ធ្វើ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ព្រមទាំង​សម្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ឱសថ និង​គ្រឿង​សម្អាង​លើ​ទីផ្សារ​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់ថា ​ក្រសួងសុខាភិបាល​ នឹង​ចាប់ផ្ដើម​អនុវត្ត​ប្រើ​ប្រព័ន្ធ QR Code នៅ​លើ​វិញ្ញាបនបត្រ និង​បាន​ចេញ​ប្រកាស​របស់​ក្រសួង​រួចហើយ​លើ​ការបិទ​ ឬ ដា​ក់​លើ​ប្រអប់​ផលិតផល ឱសថ និង​គ្រឿងសម្អាង នូវ QR Code ដើម្បី​ពង្រឹង​ការងារ គ្រប់គ្រង​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ដ ម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​ផលិតផល​លើ​ទីផ្សារ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114