ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងយុត្តិធម៌​ ៖ ទណ្ឌិត សម រង្ស៊ី កាន់​ប៉ាសស្ព័រ​អី ​ក៏​គេច​មិន​រួច​ដែរ ពីព្រោះ​ជា​អ្នកទោស​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា

ភ្នំពេញ ​៖ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា ការប្រើប្រាស់​ប៉ាសស្ព័រ​បា​រាំង ឬ​ប៉ាសស្ព័រ​ខ្មែរ​នោះ វា​មិន​សំខាន់​ទេ តែ​អ្វីដែល​សំខាន់​នោះ លោក សម រង្ស៊ី ជា​ទណ្ឌិត ដែល​មាន​ដីកា​នាំខ្លួន​យកមកអនុវត្ត​ទោស​នៅ​កម្ពុជា ដូច្នេះ​ទោះបី​គាត់​កាន់​ប៉ាសស្ព័រ​អ្វី​ក៏ដោយ ​គាត់​នៅតែ​ជា​ទណ្ឌិត ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា ដែល​ត្រូវតែ​នាំខ្លួន​មក​អនុវត្ត​ទោស។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បញ្ជាក់​បែបនេះ បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​នៅក្នុង​បទ​សម្ភាស​​ជាមួយ​បណ្តាញ​ព័ត៌មាន​បរទេស​ថា ការដែល​លោក​មក​កម្ពុជា លោក​មិន​ល្ងង់​ទេ គឺ​លោក​មិន​ប្រើប្រាស់​លិខិតឆ្លងដែន​ខ្មែរ​ទេ គឺ​លោក​ប្រើប្រាស់​ប៉ាសស្ព័រ​បា​រាំង ហើយ ប៉ាសស្ព័រ​បា​រាំង​នេះ មានតែ​សមត្ថកិច្ច​បារាំង​ទេ ដែលមាន​សិទ្ធិ​ចាប់​លោក។

ឆ្លើយតប​ការលើកឡើង​នេះ លោក ជិន ម៉ា​លីន អះអាង​ថា “​ការប្រើប្រាស់​ប៉ាសស្ព័រ​បា​រាំង ឬ​ប៉ាសស្ព័រ​ខ្មែរ​នោះ វា​មិនជា​បញ្ហា​ទេ សំខាន់​លោក សម រង្ស៊ី គឺជា​ទណ្ឌិត ដែល​មាន​ដីកានាំខ្លួន​យក​មក​អនុវត្ត​ទោស​នៅ​កម្ពុជា ដូច្នេះ​ទោះបី​គាត់​ទៅដល់​ទីណា​ក៏ដោយ កាន់​ប៉ាសស្ព័រ​អ្វី​ក៏ដោយ គាត់​នៅ​តែ​ជា​ទណ្ឌិត ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា ហើយ​មាន​ដីកា​ឲ្យ​នាំខ្លួន​មក​អនុវត្ត​ទោស ដូច្នេះ​ប្រទេស​ណាក៏ដោយ អាច​សហការ​ជាមួយ​កម្ពុជា​បាន ក្នុងការ​បញ្ជូន​ទណ្ឌិត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា យក​មក​ទទួលទោស និង​អនុវត្ត​ទោស​នៅ​កម្ពុជា ទោះបីជា​ប្រើប្រាស់​ផា​ស្ព័​រ​អ្វី​ក៏ដោយ​”​។​
​ទាក់ទង​បញ្ហា​នេះ លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា សម រង្ស៊ី គឺជា​ជន​រប៉ិលរប៉ូច គឺជា​ជន​ក្រៅច្បាប់ ហើយ សម រង្ស៊ី ត្រូវបាន​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រកឃើញថា​មាន​កំហុស​យ៉ាងច្រើន​ពាក់ព័ន្ធ​ទៅនឹង​ទោស​ក្បត់ជាតិ ទាក់ទង​ទៅ​នឹង​ការរំលោភ​រដ្ឋ​ធម្ម​នុញ្ញ និង​ការប្រមាថ​ព្រះមហាក្សត្រ ដូច្នេះ​ទោះបី​ទណ្ឌិត​រូបនេះ ប្រើ​ប៉ាសស្ព័រ​អ្វី ជា​ជនជាតិ​អ្វី ប្រើ​មូល​ហេតុ​ណាក៏ដោយ ឲ្យ​តែ​ចូល​មកដល់​ទឹកដី​កម្ពុជា គឺ​កម្ពុ​ជា​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​របស់​ខ្លួន ដើម្បី​ការពារ​ប្រទេស ដែល​ជា​នីតិរដ្ឋ ជា​ប្រទេស​ដែលមាន​អធិបតេយ្យភាព ប្រទេស​ដែល​ឯករាជ្យ ដូច្នេះ​បញ្ហា សម រង្ស៊ី អួតអាង​ថា ខ្លួន ប្រើប្រាស់​ប៉ាសស្ព័រ​ជនជាតិ​នេះ ឬ​ជនជាតិ​នោះ គឺ​មិន​អាច​ការពារ​ខ្លួន​ឲ្យ​ផុត​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ដែរថា សមត្ថកិច្ច​កម្ពុជា​អត់​ចាប់​លិខិតឆ្លងដែន​បារាំង​ទេ គឺ​ចាប់​មនុស្ស​ដាក់​ខ្នោះ ពីព្រោះ​ទណ្ឌិត សម រង្ស៊ី ជា​ជនជាតិ​ខ្មែរ​។ លោក​បញ្ជាក់ថា “​អត់​ចាប់​ប៉ាសស្ព័រ​បារាំង​ទេ ចាប់​តែ​ទណ្ឌិត​ដែល​មាន​ដីកា​ចាប់ខ្លួន​តែ​ប៉ុណ្ណោះ កុំ​បារម្ភ​អី​គង់តែ​ចូល​គុក​ងងឹត​ដូច​តែ​គ្នា​ទេ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114