ព័ត៍មានទាន់​ហេតុការណ៏
Search

Google យល់ព្រម​លើ​ការទូទាត់​ពន្ធ​ចំនួន​៩៤៥​លាន​អឺរ៉ូ​ជាមួយ​ប្រទេស​បារាំង

ក្រុមហ៊ុន​យក្ស​ផ្គត់ផ្គង់​អ៊ីនធឺណិត​របស់​អាមេរិក Google បាន​យល់ព្រម​ទូទាត់​ទឹកប្រាក់​សរុប​ចំនួន​៩៤៥​លាន​អឺរ៉ូ (១​ពាន់​លាន​ដុល្លារ​) ដើម្បី​បញ្ចប់​ជម្លោះ​ពន្ធ​នៅ​ប្រទេស​បារាំង ក្រោម​កិច្ចព្រមព្រៀង​ដែល​បានប្រកាស​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រុមហ៊ុន​នឹង​បង់ប្រាក់​ពិន័យ​ចំនួន​៥០០​លាន​អឺរ៉ូ​សម្រាប់​ការ​គេចពន្ធ​ក៏ដូចជា​ទឹកប្រាក់​ចំនួន​៤៦៥​លាន​អឺរ៉ូ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ពាក្យបណ្ដឹង​ជាមួយ​អាជ្ញាធរ​ពន្ធ​បារាំង។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន Google បានបញ្ជាក់​អំពី​ដំណោះស្រាយ និង​បាន​សាទរ​ចំពោះ​ការពិត​ដែលថា​ខ្លួន​បានបញ្ចប់​ភាពខុសគ្នា​ផ្នែក​សារពើពន្ធ​ដែល​ខាង​ក្រុមហ៊ុន​មាន​ជាមួយ​ប្រទេស​បារាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

ដំណោះស្រាយ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្រៅ​ប្រព័ន្ធតុលាការ​ស្រដៀង​គ្នា​ដែល​បានធ្វើ​នៅក្នុង​ប្រទេស​អ៊ីតាលី និង​អង់គ្លេស​ដោយ​ក្រុមហ៊ុន Google ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទោះបីជា​កិច្ចព្រមព្រៀង​របស់​បារាំង​មាន​ទំហំ​ធំ​ជាង​កិច្ចព្រមព្រៀង​មុនៗ​ក្ដី។

ស្របពេល​ជាមួយគ្នានេះ ក្រុមហ៊ុន Google បានឱ្យដឹងថា ពេលនេះ​ក្រុមហ៊ុន​ចង់ឃើញ​កំណែទម្រង់​ដែលមាន​ការសម្របសម្រួល​សម្រាប់​ក្របខ័ណ្ឌ​ពន្ធអាករ​អន្តរជាតិ​ឱ្យបាន​ច្បាស់លាស់​។​

ការដោះស្រាយ​នេះ​បានធ្វើ​ឡើង ស្រប​ពេលដែល​ប្រទេស​បារាំង​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ព្យាយាម​ស្វែងរក​មូលដ្ឋាន​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជុំវិញ​ការយកពន្ធ​របស់​ក្រុមហ៊ុន​ឌីជីថល​ធំៗ​ជាច្រើន។

Google ក៏ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​ដទៃទៀត​សុទ្ធ​តែមាន​ទីស្នាក់ការ​ក​ណ្តា​ល​អឺរ៉ុប​នៅ​ប្រទេស​អៀរ​ឡង់​ដែលជា​កន្លែង​រដ្ឋាភិបាល​បានកំណត់​អត្រាពន្ធ​សាជីវកម្ម​ត្រឹមតែ​១២.៥%​ប៉ុណ្ណោះ​ក្នុង​គោលបំណង​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​បន្ថែមទៀត​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114