ព័ត៍មានទាន់​ហេតុការណ៏
Search

លោករដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ Dong Sung Farm​នៅ​ខេត្តកំពង់ស្ពឺ ដែល មាន គោ​សាច់​ចំនួន​ជាង ៧០០​ក្បាល

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ​រួម​ដំណើរ​ជា​មួយ​អភិបាលខេត្ត​និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ Dong Sung Farm. ឃុំ​ស្វាយ​ច​ចិ​ប ភូមិ​ចារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​លោក គីម វ៉ុ​ន គុក ម្ចាស់​កសិដ្ឋាន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រវត្តិ​របស់​កសិដ្ឋាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​និង​គ​ណៈ​ប្រតិភូ​ថា​កសិដ្ឋាន​ គឺ​បង្កើត​នៅ​ចុង​ឆ្នាំ២០១៨ បច្ចុប្បន្ន​មាន​គោ​សាច់​ចំនួន​ជាង ៧០០​ក្បាល ភាគច្រើន​គោ​ទាំងអស់​បាន​ប្រមូល​ទិញ​ពី​ប្រជាកសិករ​យក​មក​បំប៉ន​យក​សាច់​ដោយ​ប្រើប្រាស់​ចំណី​មានគុណ​ភាព​ល្អ​។

លោក​គីម បាន​បន្ថែម​ទៀត​ថា លោក​កំពុង​រៀបចំ​សត្តឃាតដ្ឋាន​មួយ​មាន​ស្តង់ដារ​អនាម័យ គុណភាព និង​សុវត្ថិភាព​ខ្ពស់​សមស្រប​តាម​ស្តង់ដារ​សត្តឃាតដ្ឋាន​អន្តរជាតិ​។ អនាគត​កសិដ្ឋាន​មាន​ផែនការ​ពង្រីក​ការផលិត​កម្ម​ចិញ្ចឹម​ឲ្យ​ដល់​ទៅ ៥០០០​ក្បាល ដោយ​ធ្វើការ​នាំចូល​ពូជ​គោ​ល្អៗ ការ​បង្កាត់​សប្ប​និម្មិត និង​រួម​សហការ​ជាមួយ​អ្នក​ចិញ្ចឹម​គោ​ក្នុង​តំបន់​នេះ តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​វិនិយោគ​កសិដ្ឋាន​របស់​លោក​គីម ហើយក៏​អាច​និយាយ​បាន​ថា ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​បំប៉ន​យក​សាច់​ល្អ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដោយ​សំអាង​លើ​ការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ គុណភាព​ចំណី អនាម័យ បរិស្ថាន​ជុំវិញ ចំនួន​សត្វ និង​សុខភាព​នៃ​សត្វ​។

លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ផែនការ​ពង្រីក​ផលិតកម្ម​ចិញ្ចឹម​នា​ពេល​អនាគត ព្រោះ​វា​នឹង​ចូល​រួម​ចំណែក​ ក្នុង​ការ​លើកស្ទួយ​វិស័យ​ផលិតកម្ម​គោ​សាច់​នៅ​កម្ពុជា​ឲ្យ​បាន​តែ​ល្អ​ប្រសើរ​ឡើងជា​លំដាប់ ស្រប​ពេល​ដែល​និន្នាការ​នៃ​ការ​ចិញ្ចឹម​គោ​បំប៉ន​របស់​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​បាននឹងកំពុង​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ម្យ៉ាងវិញទៀត វា​នឹង​ចូលរួម​ចំណែក​យ៉ាង​វិជ្ជមាន​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​គោ​មាន​ស្តង់ដារ​អនាម័យ គុណភាព និង​សុវត្ថិភាព ដែល​ផលិត​ចេញពី​កសិដ្ឋាន​ចិញ្ចឹម និង​សត្តឃាតដ្ឋាន​មួយ​មាន​លក្ខណ​បច្ចេកទេស​ត្រួតពិនិត្យ​លើ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​យ៉ាង​ហ្មត់ចត់។

ទន្ទឹម​នឹង​នេះ លោក​ក៏បាន​ណែ​នាំ​ឲ្យ​ការិយាល័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​បន្ត​ផ្តល់​កិច្ចសហការ​ជាមួយ​កសិដ្ឋាន​ឲ្យ​បាន​ពេញលេញ ប្រយោជន៍​ដើម្បី​និរន្តរភាព​នៃ​ដំណើរការ​វិនិយោគ​របស់​កសិដ្ឋាន​។ ដោយឡែក អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​គួរ​រៀបចំ​កម្មសិក្សា ដកស្រង់ ផ្លាស់ប្តូរ​បទពិសោធន៍​បច្ចេកទេស​ចិញ្ចឹម​រវាង​កសិដ្ឋាន​នេះ ជាមួយ​កសិដ្ឋាន​ផ្សេងៗ ឬ​អ្នក​ចិញ្ចឹម​ដែល​ការអនុវត្ត​បច្ចេកទេស​ចិញ្ចឹម ការគ្រប់គ្រង និង​ការផលិត​ចំណី​របស់​ពួកគាត់​នៅ​មាន​កម្រិត៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114